ភ្នំពេញៈ ​កម្ពុជា​នឹង​រៀបចំ​ការ​​តាំង​ពិព័រណ៍​ស្តីពី​ឧស្សាហកម្ម​គ្រឿង​យន្ត​ និង​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​អន្តរជាតិ​ឆ្នាំ ​២០១៩ ​នៅ​ខែ​ក្រោយ ​ដែល​មាន​ស្តង់​តាំង​បង្ហាញ​ជិត ​៣០០​ ស្តង់​។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​។

ព្រឹត្តិការណ៍​នេះ​មាន​ការ​​តាំង​បង្ហាញ​ពី​បរិក្ខារ​បច្ចេកវិទ្យា​ថ្មី​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ​២២ ​ដល់​ថ្ងៃទី​ ​២៥ ​សីហា ​នៅ​សាល​​ពិព័រណ៍​​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា៖ ​«កំណើន​សេដ្ឋកិច្ច​​ដែល​មាន​ស្ថិរភាព ​១ ទសវត្សរ៍​មក​នេះ ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​​គោលដៅ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​នៅ​តំបន់​អាស៊ី។​ បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​​នឹង​បញ្ហា​មួយ​ចំនួន​ផង​ដែរ ​ប៉ុន្តែ​​ដំណោះ​ស្រាយ​ផ្នែក​បច្ចេកវិទ្យា​នឹង​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ដល់​ការ​ផលិត​ និង​ភាព​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​សកល​»​។​

ពិព័រណ៍​នេះ​មាន​ស្តង់​ជាង​ ២៨០ ​ដែល​មាន​ក្រុមហ៊ុន ​២០០ ​មក​ពី​ ១៥ ប្រទេស ​នៅ​ក្នុង​តំបន់ ​នឹង​តាំង​បង្ហាញ​ពី​ផលិតផល​ និង​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​។

ក្រុមហ៊ុន​ទាំង​នោះ​នឹង​តាំង​បង្ហាញ​​ពី​វិស័យ​ឧស្សាហកម្ម ​រួម​មាន ​ផលិតផល​ប្លាស្ទិក ​ការ​បោះពុម្ព ​ការ​វេចខ្ចប់ កសិកម្ម ​គ្រឿង​យន្ត​ ស្វ័យ​ប្រវត្តិកម្ម ​ឧបករណ៍​ហាដវែរ ​និង​ឧបករណ៍​ វិស្វកម្ម​អគ្គិសនី​ ​វាយនភណ្ឌ ​និង​សម្លៀក​បំពាក់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា៖ «​ជាមួយ​នឹង​វត្តមាន​ដ៏​រឹងមាំ​បែប​នោះ​នៃ​យីហោ​អន្តរជាតិ​​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​អ្នក​ចូលរួម​​អាច​រក​ទីតាំង​ក្រុមហ៊ុន​​ផ្គត់ផ្គង់​បាន​ ជា​ពិសេស​ផលិតផល​ឧស្សាហកម្ម ​ដែល​ពួក​គេ​កំពុង​ស្វែងរក​»៕