ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​កំពង់ផែ​សមុទ្រ​ខ្នាត​មធ្យម​ដែលមាន​តម្លៃ​ជាង ១ ​លាន​ដុល្លារ​នៅ​ខេត្តកោះកុង ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ទឹក​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។

លោក អន ដាវុធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុង​បាន​ប្រាប់​ឱ្យដឹងថា គម្រោង​សាងសង់​កំពង់ផែ​ថ្មី​នេះ គឺជា​ប្រភេទ​បេតុង​ដែលមាន​ប្រវែង ៦៩ ​ម៉ែត្រ និង​ទទឹង ៦,៥ ​ម៉ែត្រ​។ ក្នុង​គម្រោង​នេះ​ក៏មាន​សង់ស្ពាន​បេតុង​ទៅ​កំពង់ផែ​ផងដែរ ដោយ​មាន​ប្រវែង ២៨ ​ម៉ែត្រ និង​ទទឹង​ ៨ ​ម៉ែត្រ​ចំនួន ២​។​ កំពង់ផែ​នេះ​ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

លោក​ឱ្យដឹង​ទៀត​ថា គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​សមុទ្រ​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ ១,៥ ​លាន​ដុល្លារ​ ដោយ​ប្រើ​រយៈពេល​សាងសង់ ២ ​ឆ្នាំ​។

លោក​ប្រាប់ថា​៖ «​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ គម្រោង​នេះ​មិនទាន់បាន​ចាប់ផ្តើម​នៅឡើយ​ទេ​»​។

លោក​បន្តថា កំពង់ផែ​ខ្នាត​មធ្យម​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនិញ​រាយ និង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ប្រើប្រាស់​បានជា​លក្ខណៈ​ពហុវិស័យ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​កំពង់ផែ​ថ្មី​នេះ​នឹង​ជំនួស​ឱ្យ​កំពង់ផែ​ចាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម​យូរ​មកហើយ​»​។

បើតាម​លោក ដាវុធ កំពង់ផែ​ចាស់​នឹងត្រូវ​រក្សាទុក​ដដែល​ដោយ​មិន​មាន​ការវាយកម្ទេច​ចោល​ឡើយ​។

សព្វថ្ងៃ​ខេត្តកោះកុង​មាន​កំពង់ផែ​មួយ​ឈ្មោះ​ «​កំពង់ផែ​ដងទង់​» ​ស្ថិតក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ត្រូវ​បាន​កែលម្អ​ជា​បន្តបន្ទាប់ ដែល​ការកែលម្អ​ចុងក្រោយ​គឺ​នៅ​ឆ្នាំ​ ១៩៩១​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​បាន​ប្រាប់ថា ការសាងសង់​កំពង់ផែ​ខ្នាត​មធ្យម​នេះ​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​រាយ​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​កាន់តែ​ប្រសើរ​។ លោក​បន្ថែមថា កំពង់ផែ​នេះ​ក៏​នឹង​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផងដែរ​។

លោក​និយាយថា​៖ «​ផែ​នេះ​នឹង​អនុញ្ញាត​ឱ្យ​កប៉ាល់​ដឹកទំនិញ​រាយ​ពី​ថៃ​មក​កម្ពុជា​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​។ ទំនិញ​ភាគច្រើន​រួមមាន ស៊ីម៉ងត៍ គ្រឿង​បរិក្ខារ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ​»​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​លើ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​កំពង់ផែ​កាលពី​ខែតុលា ឆ្នាំ​ ២០២០ ​ថា មុខងារ​កំពង់ផែ​ទាំងនោះ​ត្រូវបាន​បែង​ចែកចេញ​ជា​កំពង់ផែ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​ផែប្រេង ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​កំពង់ផែ​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ការជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ តំបន់ និង​អន្តរជាតិ​»​។

យោងតាម​លោក ចាន់ថុល កម្ពុជា​មាន​កំពង់ផែ​សរុប ១០៥ ​កន្លែង​ក្នុងនោះ​កំពង់ផែ​ទន្លេ​មាន​ ៧៨ និង​កំពង់ផែ​សមុទ្រ​មាន ចំនួន ២៧ ​កន្លែង​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ថៃ​បាន​ឱ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ថៃ​សម្រេច​បាន ៧ ២៣៦ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ចុះ ២៣,១៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩៕ LA

វីដេអូ៖