The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នឹង​ស្នើ​ចិន​បង្កើន​កូតា​នាំចេញ​អង្ករ​​ ១០ ​ម៉ឺនតោន​ទៀត




កម្ពុជា​នឹង​ស្នើ​ចិន​បង្កើន​កូតា​នាំចេញ​អង្ករ​​ ១០ ​ម៉ឺនតោន​ទៀត

Content image - Phnom Penh Post
កម្មករ​ក្នុង​រោង​ម៉ាស៊ីន AMRU RICE កំពុង​ទុកដាក់​អង្ករ​ទើប​កិន​រួច​ដើម្បី​ត្រៀម​ដឹក​ទៅកាន់​ទីផ្សារ​។ ហេង ជីវ័ន

កម្ពុជា​នឹង​ស្នើ​ចិន​បង្កើន​កូតា​នាំចេញ​អង្ករ​​ ១០ ​ម៉ឺនតោន​ទៀត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​នឹង​ស្នើសុំ​រដ្ឋាភិបាល​ចិន​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​ចំនួន​ ១០ ម៉ឺន​តោន​បន្ថែម ដែល​ធ្វើឱ្យ​បរិមាណ​កូតា​ឡើងដល់​ចំនួន​ ៥០ ​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ យោងតាម​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ខណៈ​អ្នក​ប្រកប​ធុរកិច្ច​ក្នុង​វិស័យ​ស្រូវ​អង្ករ​ក៏បាន​ស្វាគមន៍​ចំពោះ​បំណង​ស្នើសុំ​បង្កើន​កូតា​នាំចេញ​នេះ​ដែល​នឹង​រួមចំណែក​ជួយ​ជំរុញ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រសួង​កំពុង​ពន្លឿន​ការចរចា​ដែល​គេ​រំពឹងថា​នឹង​សម្រេចបាន​នៅ​ចុងឆ្នាំ​នេះ ដោយ​បង្ហាញថា សមត្ថភាព​កិន​កែច្នៃ​របស់​កម្ពុជា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ចិន​នឹងមាន​លើសពី​ ៥០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

លោក​បន្ថែមថា បច្ចុប្បន្ន​មាន​រោង​ម៉ាស៊ីន​ចំនួន​ ៤៤ ​របស់​កម្ពុជា​ដែល​ទទួលស្គាល់​ដោយ​អគ្គរដ្ឋបាល​គយ​ចិន​លើ​សមត្ថភាព បទដ្ឋាន​ស្តង់ដា​សុវត្ថិភាព​ចំណី អាហារ​របស់​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​បាននិង​កំពុង​មាន​កិត្តិនាម​ល្អ​នៅក្នុង​ប្រទេស​ចិន ដែល​ជាក់ស្តែង​ក្រសួងពាណិជ្ជកម្ម​បាន​យកចិត្តទុកដាក់​ផ្តល់​អាទិភាព​លើ​ការផ្សព្វផ្សាយ​អង្ករ​កម្ពុជា​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ប្រសិនបើ រដ្ឋាភិបាល​ចិន​យល់ព្រម​ផ្តល់​កូតា​ ១០​ ​ម៉ឺន​បន្ថែម​ទៀត​នោះ បរិមាណ​នាំចេញ​នឹង​រួមចំណែក​ជំរុញ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ឱ្យបាន​ ១ ​លាន​តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​យើង​អាច​សម្រេចបាន​ការនាំចេញ​ ១ ​លាន​តោន យើង​គិត​ជាស្រេច​ថា​ចិន​នឹង​រួមចំណែក​ទីផ្សារ​ក្នុង​រង្វង់​ប្រហែល ៣៥ ទៅ​ ៥០ ​ម៉ឺន​តោន​ ក្នុង​ ១ ​ឆ្នាំ ដូច្នេះ​ការបង្កើន​ការបញ្ជា​ទិញ​អង្ករ​របស់​ចិន ​គឺជា​ការរំពឹង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ថា​ការនាំចេញ​បាន​ ១ ​លាន​តោន​នឹង​ដើរ​ទៅមុខ​»​។

លោក សារ៉ន បាន​ព្យាករ​ថា វិបត្តិ​ដឹកជញ្ជូន​ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ការនាំចេញ​ដែល​ធ្វើឱ្យ​បរិមាណ​នាំចេញ​អង្ករ​ធ្លាក់ចុះ​ជាង​ ៣៣ ​ភាគរយ​ក្នុង​ត្រីមាស​ទី១ នឹង​ធូរស្រាល​មកវិញ​នៅក្នុង​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ​។

លោក​និយាយថា​៖ «​យើង​គិតថា វិបត្តិ​ដឹកជញ្ជូន​នឹងមិន​អូសបន្លាយ​រហូតដល់​ចុងឆ្នាំ​ ២០២១ ​ទេ ដូច្នេះ​ក្នុង​ខែកក្កដា និង​សីហា​នៃ​ត្រីមាស​ទី​២ ការដឹកជញ្ជូន​នឹងមាន​ភាព​ធូរស្រាល​។ យើង​រំពឹងថា ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នឹង​ងើប​ឡើងវិញ​ក្នុង​ឆមាស​ទី​២»​។

ប្រទេស​ចិន​បាន​យល់ព្រម​ផ្តល់​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​កើនឡើង​ជា​បន្តបន្ទាប់​ចាប់ពី​ ២០ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០១៧ ដល់​ ៤០ ​ម៉ឺន​តោន​នៅ​ឆ្នាំ​ ២០១៩​។

ក្នុង​ឆ្នាំ​ ២០១៩ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ផែនការ យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២០-២០២៣ ដោយ​ដាក់​ទិសដៅ​នាំចេញ​អង្ករ​ ១ ​លាន​តោន​ត្រឹម​ឆ្នាំ​ ២០២២​។

ទិន្នន័យ​នាំចេញ​អង្ករ​បាន​បង្ហាញថា ឆ្នាំ​ ២០២០ កម្ពុជា​នាំចេញ​អង្ករ ៦៩០ ៨២៩ តោន កើនឡើង​ ១១,៤០ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ដោយ​ទីផ្សារ​ចិន​ស្រូបយក​ ២៨៩ ៤៣៩ ​តោន ស្មើនឹង ​៤១,៩០ ភាគរយ​នៃ​ការនាំចេញ​អង្ករ​ពី​កម្ពុជា​៕LA

អត្ថបទគួរចាប់អារម្មណ៍