ភ្នំពេញ: កម្ពុជា​បាន​រៀបចំ​ធ្វើ​សន្និសីទ​អាស៊ាន​ស្តីពី​ការប្រកួតប្រជែង​លើក​ទី​ ៨ ក្នុង​គោលបំណង​លើកកម្ពស់​ភាពប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ក្នុង​វិស័យ​ធុរកិច្ច ខណៈ​ពេល​កម្ពុជា​សង្ឃឹម​ថា ច្បាប់​ប្រកួតប្រជែង​នេះ​នឹង​ទទួល​បាន​ការអនុម័ត​នៅ​ដើម​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។

សន្និសីទ​អាស៊ាន​ស្តីពី​ការប្រកួតប្រជែង​លើក​ទី​ ៨ ឆ្នាំនេះ​បាន​រៀបចំ​នៅ​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ក្រោម​ប្រធានបទ «​ការឈាន​ទៅ​រក​គោលដៅ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​» ដែល​សហការ​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួង​ពាណិជ្ជកម្ម លេខាធិការ​អាស៊ាន និង​អង្គការ GIZ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​បើក​សន្និសីទ ACC ថា ច្បាប់​ការប្រកួតប្រជែង​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការគាំទ្រ​ការធ្វើ​ពាណិជ្ជកម្ម ការលើកកម្ពស់​ទីលាន​ប្រកួតប្រជែង​ដោយ​ស្មើភាព ការបង្កើត​ធុរកិច្ច​ថ្មីៗ និង​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ ដើម្បី​ស្រប​តាម​ការវិវត្ត​បច្ចេកវិទ្យា​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ភាព​បម្រែបម្រួល​បរិយាកាស​ធុរកិច្ច​។

លោក​បាន​បន្តថា ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​ ៩ ​បាន​រៀបចំ និង​អនុវត្ត​ច្បាប់​ប្រកួតប្រជែង​របស់​ខ្លួន ខណៈ​កម្ពុជា​សង្ឃឹម​ថា​ច្បាប់​ប្រកួតប្រជែង​របស់​ខ្លួន​នឹង​ត្រូវ​អនុម័ត​នៅ​ដើម​ឆ្នាំ​ ២០២០ ខាងមុខ​។

លោក​ថ្លែងថា​៖ «​ច្បាប់​នេះ​នឹង​ជំរុញ​ឲ្យ​មាន​បរិយាកាស​ប្រកួតប្រជែង​ក្នុង​វិស័យ​ធុរកិច្ច និង​ជាទី​លាន​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​របស់​ក្រុមហ៊ុន ហើយ​វា​ក៏​នឹង​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​មក​កម្ពុជា​ក៏​ដូចជា​តំបន់​អាស៊ាន​ផងដែរ​»​។

លោក Michael Tene អគ្គលេខាធិការរង​អាស៊ាន​ថ្លែង​នៅពេល​ផ្តល់​បទសម្ភាស​ដល់​អ្នកសារព័ត៌មាន​ថា ច្បាប់​ប្រកួតប្រជែង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ហើយ​តាមរយៈ​សន្និសីទ​នេះ​ប្រទេស​ជា​សមាជិក​អាស៊ាន​អាច​រៀនសូត្រ​ពី​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​។ លោក​ថ្លែងថា​៖ «​ច្បាប់​នេះ​ក៏​នឹង​ជួយ​ជំរុញ​ភាពច្នៃប្រឌិត និង​ការវិនិយោគ ហើយ​ការប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

សិន្និសីទ​ស្តីពី​ការប្រកួត​ប្រជែង​អាស៊ាន​ (ACC) ត្រូវបាន​គេ​រៀបចំ​ឡើង​ចាប់​តាំងពី​ឆ្នាំ ២០១១ មក​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ និង​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ដំណើរការ​តាក់តែង និង​អនុវត្ត​ច្បាប់​ប្រកួតប្រជែង​នៅក្នុង​តំបន់​អាស៊ាន​៕ LA