ភ្នំពេញ៖ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសកូរ៉េខាងត្បូង ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ មានតម្លៃជិត ១០០ លានដុល្លារ កើនជាង ៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ទិន្នន័យពី Kita បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ កម្ពុជាបាននាំទំនិញទៅទីផ្សារកូរ៉េក្នុងតម្លៃសរុប ៩៩,០៧ លានដុល្លារ កើនឡើង ៩៣,៨៥ លានដុល្លារ ឬស្មើ ៥,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ដោយឡែកការនាំចូលទំនិញពីប្រទេសកូរ៉េ មកកម្ពុជាវិញ បានធ្លាក់ចុះ ០,៦ ភាគរយ ពីចំនួន ១៤៧,៨៤ លានដុល្លារ មកនៅត្រឹម ១៤៦,៩៤ លានដុល្លារ។
សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ មានតម្លៃសរុប ២៤៦,០២ លានដុល្លារ កើនឡើង ១,៧៨ ភាគរយពីចំនួន ២៤១,៧០១ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៨ ខែមេសាថា ទោះក្នុងស្ថានភាពបែបណា ក៏គេសង្កេតឃើញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសកូរ៉េ នៅតែបង្ហាញភាពវិជ្ជមាន ដែលកំណើននេះ គឺមានជាប់ទាក់ទងទៅនឹងការខិតខំរបស់រដ្ឋាភិបាលនៃប្រទេសទាំង ២ ក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA)។
លោកបន្តថា អ្វីដែលពិសេសសម្រាប់ទិន្នន័យខាងលើ គឺការនាំចេញរបស់កម្ពុជាកើនឡើង ខណៈការនាំចូលធ្លាក់ចុះ ដែលនេះជាសញ្ញាបង្ហាញថា វិស័យផលិតកម្មក្នុងស្រុករបស់កម្ពុជាកាន់តែមានភាពរឹងមាំ។
លោកអះអាងថា៖ «ទោះបីកំណើននេះនៅក្នុងកម្រិតតិចតួច ប៉ុន្តែកំណើនក្នុងអំឡុងពេលនេះ (ការរីករាលដាលជំងឺកូវីដ ១៩ លើពិភពលោក) គឺសុទ្ធតែបង្ហាញពីភាពរឹងមាំរបស់វិស័យផលិតនៅកម្ពុជា»។
ទាក់ទងនឹងការឆ្លងរាលដាលជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ខេត្តកណ្តាល) នៅពេលនេះ លោក វណ្ណៈ បានបញ្ជាក់ថា ផលប៉ះពាល់ប្រាកដជាមានដោយចៀសមិនផុត។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង បាននិយាយថា កំណើននៃការនាំចេញទៅកូរ៉េ ក្នុងត្រីមាសទី១ បង្ហាញពីភាពរឹងមាំនៃឧស្សាហកម្មផលិតនៅកម្ពុជា។ កម្ពុជាមានផលិតផលកាន់តែច្រើនដែលមានគុណភាពស្តង់ដានៃការចង់បានរបស់អ្នកបញ្ជាទិញ។
លោកថ្លែងថា៖ «ភាពល្អប្រសើរនៃទំនាក់ទំនងអន្តរជាតិ និងទីផ្សារ ព្រមជាមួយនឹងការធ្វើពិពិធកម្មជាបន្តបន្ទាប់ បានធ្វើឱ្យកម្ពុជាមានផលិតផលកាន់តែច្រើនសម្រាប់នាំចេញទៅកាន់ប្រទេសនានាលើពិភពលោក រួមទាំងប្រទេសកូរ៉េ ផងដែរ»។
ទោះយ៉ាងណា លោក លឹម ហេង លើកឡើងថា កំណើននៃការនាំចេញនេះ នឹងមានការប្រែប្រួលក្នុងត្រីមាសទី២ នេះ ខណៈការរីករាលដាលជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងធ្វើឱ្យរោងចក្រជាច្រើននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវផ្អាកសកម្មភាព។ ការចូលរួមសហការប្រយុទ្ធនឹងការឆ្លងរាលដាល គឺពិតជាមានសារៈសំខាន់ណាស់។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកាន់កូរ៉េខាងត្បូង រួមមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និងផលិតផលកសិកម្ម ហើយកម្ពុជានាំចូលមកវិញរួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និងផលិតផលប្លាស្ទិក។
ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង បានបញ្ចប់ការចរចាជាមួយគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កាលពីដើមខែកុម្ភៈ ដោយភាគីទាំង ២ គ្រោងនឹងចុះហត្ថលេខាជាមួយគ្នានៅក្នុងអំឡុងខែមិថុនា ឆ្នាំ ២០២១ នេះ៕