ភ្នំពេញ: ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងតិចតួចកាលពីឆ្នាំ ២០២០ ទោះបីជាមានការរំខានដល់ខ្សែចង្វាក់ផលិត និងផ្គត់ផ្គង់ដែលរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩ក៏ដោយ។
យោងតាមតួលេខចុងក្រោយបានពីក្រសួងពាណិជ្ជកម្ម ការនាំចេញសរុបរបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងជាង ៨ ភាគរយ សម្រេចបាន ១,០៨៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០ បើធៀបនឹង ១,០០៤ ពាន់លានដុល្លារ។ ទោះយ៉ាងណា ការនាំចូលសរុបពីប្រទេសចិន បានធ្លាក់ចុះតិចតួចប្រហែល ១០ ភាគរយ មានតម្លៃជាង ៧ ពាន់លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទោះបីជាការរីករាលដាលវីរុសកូរ៉ូណាកំពុងរារាំងដល់សេដ្ឋកិច្ចលើពិភពលោក និងក្នុងតំបន់ក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិននៅតែរឹងមាំដដែល។
លោកលើកឡើងថា៖ «យើងមិនបដិសេធទេថា មានការអាក់ខានផលិតកម្មមួយចំនួនដោយសារតែផលប៉ះពាល់ការរីករាលដាលជំងឺកូវីដ ១៩ មកលើការនាំចេញរបស់យើងទៅប្រទេសចិន ឬទៅបណ្ដាប្រទេសផ្សេងៗទៀតកាលពីឆ្នាំមុន។ ប៉ុន្តែជាមួយនឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង ២ យើងនៅតែបង្កើនការនាំចេញរបស់យើងទៅប្រទេសចិនកាលពីឆ្នាំមុន»។
ប្រទេសកម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ដែលនឹងអាចឲ្យប្រទេសកម្ពុជា នាំចេញទំនិញមួយចំនួនទៅប្រទេសចិន ដោយអត្រាតម្លៃពន្ធសូន្យភាគរយ។
យោងតាមលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅពេលថ្មីៗនេះថា ប្រទេសកម្ពុជា បានរៀបចំទំនិញប្រហែល ៥០ ប្រភេទ ដើម្បីបង្កើនការនាំចេញនៅក្នុងក្របខ័ណ្ឌ FTA។ លោកបានបន្តថា ក្រុមការងារក្រសួងបានទទួលភារកិច្ចក្នុងការព្រាងការអភិវឌ្ឍចំនួន ៥០ ក្នុងការវិភាគបច្ចេកទេស និងរបាំងពន្ធ និងការអនុគ្រោះពន្ធដែលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (CCFTA) ជាគំរូនៃការសិក្សាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនានានៅពេលអនាគត។
លោកបន្តថា ក្រុមការងារថ្នាក់ក្រសួងកំពុងពិនិត្យទីផ្សារចិន ដើម្បីកំណត់ផលិតផលអ្វីដែលប្រទេសនេះអាចស្រូបយក និងអ្វីដែលតម្រូវការទីផ្សារពិភពលោកនៅមិនទាន់បានបំពេញ។
លោក សុវិជាតិ ថ្លែងថា៖ «យើងមានទំនិញកសិកម្មសំខាន់ៗដែលរួមមាន បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សត្វរស់ សាច់។ល។ ដែលជាទិសដៅរបស់យើងសម្រាប់ការនាំចេញទៅទីផ្សារប្រទេសចិន ខណៈដែលផលិតផលទាំងនេះ ត្រូវបានគិតពន្ធសូន្យតាមរយៈ CCFTA»។
លោកបញ្ជាក់ថា សក្ដានុពលដែលមិនទាន់ប្រើប្រាស់នៃទំនិញកម្ពុជានៅលើទីផ្សារអន្តរជាតិ ដែលរួមមាន ស្បែកជើង សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ។
លោក លឹម ហេង បានឲ្យដឹងថា ការសម្រេចបាន CCFTA នឹងលើកកម្ពស់បន្ថែមទៀតដល់ពាណិជ្ជកម្ម និងលំហូរការវិនិយោគពីប្រទេសចិន មកប្រទេសកម្ពុជា នៅឆ្នាំនេះ។
លោកថ្លែងថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន នឹងជួយដល់ពួកយើងក្នុងការពង្រីកការផលិតរបស់យើង បង្កើនការនាំចេញផលិតផលកសិកម្ម ខណៈដែលយើងក៏នឹងមើលឃើញលំហូរវិនិយោគមកពីប្រទេសចិន ទៅក្នុងវិស័យកែច្នៃម្ហួបអាហារនេះគឺពិតជាល្អ សម្រាប់វិស័យកសិកម្ម»។
លោកបន្តថា ទន្ទឹមនឹងនេះសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកមិនបានបញ្ចប់នៅឡើយទេ វាបង្កើតឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការទាក់ទាញការវិនិយោគកាន់តែច្រើនសម្រាប់ការនាំចេញត្រឡប់ទៅទាំងប្រទេសចិន និងអាមេរិក។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ចាប់ពីឆ្នាំនេះទៅយើងនឹងមើលឃើញលំហូរវិនិយោគមិនគ្រាន់តែមកពីប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពីបណ្ដាប្រទេសនានាផងដែរ។ នៅពេលនេះប្រទេសជាច្រើនផ្សេងៗទៀត ដែលរួមទាំងកម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដល់ប្រជាជននេះនឹងជារឿងដ៏ល្អមួយ ដែលប្រទេសកម្ពុជា អាចទាក់ទាញការវិនិយោគកាន់តែច្រើន»។
ការនាំចេញសរុបរបស់កម្ពុជាបានកើនឡើងដល់ ១៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០ ដែលបង្ហាញការកើនឡើងជាង ១៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទខ្លីបន្តផ្ទាល់មួយកាលពីថ្ងៃទី ២៩៕ LA