ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​​​កម្ពុជា ​(CGCC) ដើម្បី​ផ្ដល់​មូលនិធិ​បន្ថែម​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ជួយ​ជំរុញ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​អាជីវកម្ម​របស់​ពួក​គេ​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩។​

យោង​តាម​អនុក្រឹត្យ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ​១ ​ខែកញ្ញា និង​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អាទិត្យ CGCC ស្ថិត​ក្រោម​អាណាព្យាបាល​បច្ចេកទេស និង​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ចុះ​បញ្ជី​មូលធន​ចំនួន ​២០០ ​លាន​ដុល្លារ ​បាន​ពី​ថវិកា​រដ្ឋាភិបាល មាន​បេសកកម្ម​ផ្ដល់​កម្ចី​ប្រកប​ដោយ​វិជ្ជាជីវៈ​ស្រប​តាម​និយាម​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​ទីផ្សារ​ឥណទាន និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។​

បើ​យោង​តាម​អនុក្រឹត្យ​នេះ​បន្ត​ថា​៖ «CGCC មាន​ភារកិច្ច​ផ្ដល់​សេវា​ឥណទាន វាយ​តម្លៃ​កម្រិត​ហានិភ័យ និង​គ្រប់គ្រង​ហានិភ័យ ត្រូវ​ប្រតិបត្តិការ​​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ផ្ដល់​សេវា​ឥណទាន​ផង​ដែរ​»​។​

លោក មាស សុខសេនសាន អ្នក​នាំពាក្យ MoEF បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​កន្លង​មក​ថា CGCC នឹង​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​សម្របសម្រួល​អាជីវកម្ម ដែល​ចង់​ស្វែងរក​មូលនិធិ​បន្ថែម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​ការ​ធានា​ដោយ​រដ្ឋាភិបាល​ជាមួយ​នឹង​គំនិត​ផ្ដួចផ្ដើម​នេះ​។​

លោក​ថា​៖ «​គំនិត​ផ្ដួចផ្ដើម​នេះ នឹង​ជួយ​វិស័យ​អាជីវកម្ម ដែល​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែងរក​ប្រភព​មូលនិធិ​សម្រាប់​អាជីវកម្ម​របស់​ពួក​គេ ពី​វិស័យ​ហិរញ្ញវត្ថុ រដ្ឋាភិបាល​នឹង​ជួយ​ទទួល​យក​ការ​ចែករំលែក​ហានិភ័័យ​ជាមួយ​ពួក​គេ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​បញ្ចេញ​កម្ចី​បន្ថែម​ទៀត​»​។​

លោក Shin Chang Moo ប្រធាន​ធនាគារ​ PPCBank ក៏​បាន​ឱ្យ​ដឹង​ក្នុង​ពេល​ថ្មីៗ​នេះ​ថា MoEF កំពុង​ចែករំលែក​គំនិត និង​ស្វែងរក​ធាតុ​ចូល​ពី​គ្រឹះស្ថាន​ផ្ដល់​កម្ចី​ស្ដីពី​គំនិត​ផ្តួច​ផ្ដើម «​ធានា​ឥណទាន​» នៅ​ក្នុង​វគ្គ​សិក្សា​ជាច្រើន​។​

លោក​បាន​ពន្យល់​ថា ផែនការ​ធានា​ឥណទាន (CGS) ត្រូវ​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​ដ៏​ពេញ​និយម​ក្នុង​ការ​បន្ធូរបន្ថយ​ឧបសគ្គ​ការ​ផ្ដល់​មូលនិធិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​។ នៅ​ប្រទេស​កូរ៉េ រដ្ឋាភិបាល​កំពុង​ដំណើរការ​ផែនការ​ធានា​ឥណទាន ​៩០ ​ភាគរយ មួយ​ផ្នែក​សម្រាប់ SMEs ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ ​១៩​។​

លោក​លើក​ឡើង​ថា​៖ «​ធនាគារ PPCBank កំពុង​ផ្សព្វផ្សាយ​ផែនការ​ធានា​ឥណទាន ​១ ផ្នែក​ដែល​ហៅ​ថា «​ការ​ចែក​រំលែក​ហានិភ័យ​» ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៩ ស្ថិតក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​»​។​

លោក​ថា​៖ «CGS ដោយ MoEF ច្បាស់​ណាស់​នឹង​ជួយ​ដល់ SMEs ដែល​លទ្ធភាព​ទទួល​បាន​ឥណទាន​របស់​ខ្លួន​នៅ​មាន​កម្រិត​ដោយសារ​តែ​កង្វះ​ទ្រព្យ​ធានា ហើយ​ក៏​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ខាតបង់​ឥណទាន​សម្រាប់​ធនាគារ​ផង​ដែរ​។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​វែង ធនាគារ គួរ​តែ​អភិវឌ្ឍ​ជំនាញ​វាយ​តម្លៃ​ឥណទាន ដោយ​ពឹង​ផ្អែក​លើ​ការ​ជួយ​សម្រួល​ផ្នែក​អាជីវកម្ម និង​ហិរញ្ញវត្ថុ​ជាង​ការ​បន្ថែម​តម្លៃ​ទ្រព្យ​ធានា ក្នុង​ការ​កាត់​បន្ថយ​ការ​ខាតបង់​ដែល​មិន​អាច​ចៀស​ផុត​ពី​កម្ចី​។ បើ​មិន​អ៊ីចឹង​ទេ CGS នឹង​មិនមែន​ជា​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព សម្រាប់​ការ​ជំរុញ​ហិរញ្ញវត្ថុ​របស់ SME នោះ​ទេ»​។​

បើ​យោង​តាម​លោក Shin បាន​ឱ្យ​ដឹង​ថា ផលបត្រ​កម្ចី​របស់​ធនាគារ PPCBank បាន​កើន​ឡើង​ជាង ​៥ ​ភាគរយ ​ក្នុង​ឆ្នាំ ​២០២០ ហើយ​នៅ​តែ​រក្សា​ការ​បញ្ចេញ​កម្ចី​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា CGS នឹង​បន្ធូរបន្ថយ​ការ​ពិបាក​របស់​ធនាគារ​រវាង​សេចក្ដី​ស្នើ​តម្លៃ​សាធារណៈ និង​ឯកជន​»​។​

អនុក្រឹត្យ​នេះ​បាន​ឱ្យ​ដឹង​ថា ការ​ចាក់​មូលនិធិ​បន្ថែម​ទៅ​ក្នុង CGCC នឹង​បាន​ពី​រដ្ឋាភិបាល​ដោយ​ពឹង​ផ្អែក​លើ​តម្រូវការ​ពិត​ប្រាកដ​ប្រាក់​ចំណេញ​បាន​ពី​ប្រតិបត្តិការ មូលនិធិ​បាន​ពី​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ហើយ​ក៏​បាន​ពី​ការ​ខ្ចី ការ​ចេញ​មូលបត្រ​បំណុល និង​ប្រភព​ផ្សេងៗ​ទៀត​។​

យោង​តាម​របាយការណ៍​​ពី​ធនាគារជាតិ​នៃ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា វិស័យ​ទេសចរណ៍​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​វីរុស​កូរ៉ូណា ហើយ​វិស័យ​ផលិតកម្ម​ក៏​បាន​ធ្លាក់​ចុះ ​១១ ​ភាគរយ​ផង​ដែរ​។

រដ្ឋាភិបាល​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ដែល​មាន​ទឹក​ប្រាក់ ១០០ លាន​ដុល្លារ ជា​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​សម្រាប់​កម្ចី​ដល់ SMEs ហើយ​កាល​ពី​ខែ​មេសា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ដាក់​ចេញ «ផែនការ​ហិរញ្ញប្បទាន​រួម​សហគ្រាស​ធុនតូច និង​មធ្យម (SME) ឆ្នាំ ២០២០» (SCFS) របស់​ខ្លួន ជា​ការ​វិនិយោគ​រួម​ជាមួយ SME Bank និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​រួម​ជាមួយ​នឹង​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​របស់​ធនាគារ​នេះ»៕ LA