ភ្នំពេញៈ រដ្ឋាភិបាល​នឹង​ធ្វើការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ ៤០ ​រៀល​ ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង សម្រាប់​វិស័យ​ឧស្សាហកម្ម ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។

អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​សហគ្រាស​ធន​តូច​បាន​អបអរសាទរ​ការបញ្ចុះ​តម្លៃ​របស់​រដ្ឋាភិបាល​នេះ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​បង្កើន​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​កាន់តែ​ប្រសើរ​។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ការបញ្ចុះ​តម្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាល​ ៤០ ​រៀល​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​ឆ្នាំនេះ​។

លោក​បាន​បន្តថា​៖ «​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល យើង​សម្រេច​បញ្ចុះតម្លៃ​អគ្គិសនី​ ៤០ ​រៀល​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​ សម្រាប់​អ្នកវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទាំងអស់​នៅ​ប្រទេស​របស់​យើង ខណៈ​ឆ្នាំមុន​ការបញ្ចុះ​តម្លៃ ៨០ ​រៀល​រួចទៅហើយ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង យើង​នឹង​ធ្វើការ​បញ្ចុះ​ជា​បន្តបន្ទាប់​ទៀត​។ គោលការណ៍​ថ្មី​នឹង​បញ្ចុះ​នេះ​នឹង​ចាប់​អនុវត្ត​នៅក្នុង​ខែកុម្ភៈ​តទៅ​»​។

បច្ចុប្បន្ន​កម្ពុជា​ផលិត​ថាមពល​អគ្គិសនី​ភាគច្រើន​ពី​ប្រភព​វារីអគ្គិសនី ដែល​មាន​ ៤៨ ​ភាគរយ និង​ ៤៧ ​ភាពរយ ប្រភពពី​ថាមពល​ធ្យូងថ្ម ខណៈ​កម្ពុជា​នាំចូល​ថាមពល​អគ្គិសនី​ ១៥ ​ភាគរយ​ពី​ប្រទេស​ជិតខាង​។

វិស័យ​ឯកជន​ដែល​ជា​ម្ចាស់​អាជីវកម្ម​រោង​ម៉ាស៊ីន​កិនស្រូវ​ជាង​ ៣០០ នឹង​ទទួលបាន​ផលប្រយោជន៍​ធំ​ពី​ការ​បញ្ចុះតម្លៃ​អគ្គិសនី​នេះ បើទោះបី​ជា​កម្រិត​ទាប​ក៏ដោយ​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​មាន​សមាជិក​ជាង ៣០០ ​រោង​ម៉ាស៊ីន​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបញ្ចុះ​តម្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាល​នឹង​ជួយ​ជំរុញ​ខ្សែចង្វាក់​ផលិតកម្ម និង​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្ករ​។ លោក​បន្ថែមថា រដ្ឋាភិបាល​សម្រេច​បញ្ចុះតម្លៃ​ពី ០,១៤៧ ដុល្លារ​ មក​ត្រឹម ០,១៤៦ ដុល្លារ​នៅ​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ហើយ​វា​ជា​ដំណឹង​ល្អ​។ ចំពោះ​វិស័យ​ស្រូវ​អង្ករ យើង​ចង់​ឲ្យ​មាន​ស្ថិរភាព​ និង​គុណភាព​ការផ្គត់ផ្គង់​អគ្គិសនី​ដែល​វា​នឹង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​យើង​»​។

លោក​បន្ថែមថា ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ​មួយចំនួន​បាន​ចំណាយ​ប្រាក់​បង់​ភ្លើង​ជា​មធ្យម​ចន្លោះ​ពី ​៣០ ០០០ ដុល្លារ ទៅ ៤០ ០០០ ដុល្លារ ក្នុង​ ១ ​ខែ​។ ​លោក​បន្តថា​៖ «​វា​ក៏​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត​ផង​ដែរ​»​។

លោក ស៊ុយ សែម បាន​ធានាថា​កម្ពុជា​នឹងមិន​ប្រឈម​បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​ទៀត​ទេ​នៅ​ឆ្នាំ​ ២០២០​។ កម្ពុជា​នឹង​ផ្គត់ផ្គង់​ភ្លើង ២ ២១៤ គីឡូវ៉ាត់​នៅ​ឆ្នាំនេះ​កើនឡើង​ជាង​ ៤១៤ ​គីឡូវ៉ាត់ បើ​ធៀប​នឹង​ឆ្នាំមុន​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការបញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​បាន​បង្ហាញ​ពី​ស្ថិរភាព​ថាមពល​អគ្គិសនី​ដែល​រដ្ឋាភិបាល​អាច​ធ្វើការ​បញ្ចុះ​តម្លៃ​នៅពេលនេះ តែ​បែបនេះ​ក្តី​តម្លៃ​នេះ​នៅតែ​ខ្ពស់​ជាង​ប្រទេស​ជិតខាង​។ លោក​បាន​ថ្លែងថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ការបញ្ចុះ​តម្លៃ​នេះ ប៉ុន្តែ​តម្លៃ​អគ្គិសនី​នៅ​តែ​ខ្ពស់​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​»៕