ភ្នំពេញៈ វៀតណាម​បន្ត​ផ្តល់​កូតា​ថ្នាំជក់​រួច​ពន្ធ​ ៣ ០០០ ​តោន​ ឱ្យ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា ការបន្ត​កូតា​ថ្មី​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ (JC) កម្ពុជា-វៀតណាម ​លើក​ទី១៨ កាលពី​ថ្ងៃទី​ ២២ ខែ ធ្នូ ឆ្នាំ​ ២០២០​។ តាម​កិច្ចព្រមព្រៀង​នេះ វៀតណាម​បន្ត​ផ្តល់​កូតា នាំចូល​រួច​ពន្ធ​លើ​សន្លឹក​ថ្នាំជក់ ៣ ០០០ ​តោន និង​អង្ករ ៣០០ ០០០ ​តោន​នៅ​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ផ្អែក​តាម​លទ្ធផល​កិច្ចប្រជុំ​នេះ ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​ក្នុង​ការបន្ត​សុពលភាព​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ២០២១-២០២២ ដែល​មាន​សុពលភាព​ពីថ្ងៃ​ទី ​១ ខែ មករា ឆ្នាំ​ ២០២១»​។

លោក​បន្ថែមថា ភាគី​កម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​យល់ព្រម​ជាគោលការណ៍​ពី​រដ្ឋាភិបាល​ឱ្យ​បន្ត​សុពលភាព​រយៈពេល​ ២ ​ឆ្នាំ​ (​ឆ្នាំ​ ២០២១-២០២២) ​នៃ​កិច្ចព្រមព្រៀង​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ ២​។

លោក​និយាយថា​៖ «​ដើម្បី​បន្ត​សុពលភាព​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំង ២ ​ត្រូវ​រៀបចំ​នីតិវិធី​ផ្ទៃក្នុង ហើយ​ភាគី​វៀតណាម​នឹង​ជូនដំណឹង​មក​កម្ពុជា​វិញ​នៅពេល​ដែល​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​រួចរាល់​»​។

កម្ពុជា និង​វៀតណាម​បាន​យល់ព្រម​លើ​ការអនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​កសិកម្ម​ឆ្លងកាត់​ព្រំដែន​ទាំង​ ២ កាលពី​ឆ្នាំ​ ២០១៦​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​សន្លឹក​ថ្នាំជក់​ស្ងួត​ទៅ​វៀតណាម​ ១ ៣៧៧ ​តោន ​ដែលមាន​តម្លៃ​ជិត ៤,២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ ៣៤,៣៦ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

អ្នកស្រី នោ រី កសិករ​ថ្នាំជក់​នៅ​ខេត្ត​ត្បូងឃ្មុំ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅ​ថ្ងៃ​អង្គារ​ (​ថ្ងៃទី​ ២៣ ខែមីនា​) ​សន្លឹក​ថ្នាំ​ស្ងួត​មាន​តម្លៃ ១០ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម ដែល​តម្លៃ​នេះ​ប្រហាក់ប្រហែល​ឆ្នាំមុន​។ អ្នកស្រី​រំពឹងថា ឆ្នាំនេះ​គាត់​នឹង​អាច​ប្រមូលផល​បាន​ចន្លោះ​ពី ៣ ទៅ ៤ ​តោន​។

អ្នកស្រី​និយាយថា​៖ «​ទីផ្សារ​ថ្នាំជក់​ល្អ​គ្រាន់បើ​ឆ្នាំនេះ មាន​ប៉ុន្មាន​តោន​គេ​ប្រមូល​ទិញ​ទាំងអស់ តែ​តម្លៃ​មិន​ខុសគ្នា​ទៅនឹង​ឆ្នាំមុន​នោះទេ​»​។

ទិន្នន័យ​ពី​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​ថ្នាំជក់​ ៥ ៨២០,៨២ ​តោន​ កាលពី​ឆ្នាំ​ ២០២០ ធ្លាក់ ១៤,០២ ភាគរយ ​ធៀប​ឆ្នាំ​ ២០១៩​។ ចំណែក​ប្រាក់​ទទួលបាន​មាន​ ១៧,៤៦ ​លាន​ដុល្លារ ធ្លាក់ចុះ ២៨,៣៤ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ស្លឹក​ថ្នាំជក់​ស្ងួត​ត្រូវបាន​នាំទៅ​ប្រទេស​វៀតណាម ហុងគ្រី ឥណ្ឌូនេស៊ី អារ៉ាប់រួម បែលហ្ស៊ិក អាហ្វ្រិក​ខាងត្បូង ក្រិក សិង្ហបុរី និង​អាលឺ្លម៉ង់​។

ទិន្នន័យ​ពី​ក្រសួងកសិកម្ម​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ ផ្ទៃដី​ដាំ​ថ្នាំជក់​មាន ៥ ១៧៥ ហិកតា ​ក្នុង​នោះ​ផ្ទៃដី​ប្រមូលផល​មាន​ ៤ ៨៧៥ ហិកតា​។ ការប្រមូលផល​បាន ៦ ១៣២ ​តោន ​ធ្លាក់ចុះ ១ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩៕ LA