ភ្នំពេញៈ ប្រទេសវៀតណាមឈ្នះការដេញថ្លៃក្នុងការផ្គត់ផ្គង់អង្ករ១សែនតោនទៅកាន់ប្រទេស ហ្វីលីពីន ក្នុងការដាក់ដេញថ្លៃពីសប្តាហ៍មុន ខណៈកម្ពុជាបរាជ័យជាលើកទី ៤។
ប្រទេសចំនួនបីបានចូលរួមក្នុងការដេញថ្លៃនេះរួមមានប្រទេសថៃ ដែលតំណាងដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ប្រទេសវៀតណាមចូលរួមដោយក្រុមហ៊ុន Vietnam Southern Food Corp និងកម្ពុជា ចូលរួមដោយក្រុមហ៊ុនរបស់រដ្ឋ Green Trade Company និងសហព័ន្ធស្រូវអង្ករកម្ពុជា។
កាលពីថ្ងៃពុធ កន្លងទៅ រដ្ឋាភិបាលហ្វីលីពីនបានសម្រេចឲ្យក្រុមហ៊ុន Vietnam Southern Food Corp ឈ្នះការដេញថ្លៃផ្គត់ផ្គង់អង្ករចំនួន ១ សែនតោនចូលទៅទីផ្សារហ្វីលីពីនក្នុងតម្លៃប្រមាណ ៤១៦,៨៥ ដុល្លារក្នុងមួយតោន ធៀបនឹងថៃ ៤១៧ ដុល្លារក្នុងមួយតោន និងកម្ពុជាតម្លៃ ៤៥៥,៥០ ដុល្លារក្នុងមួយតោន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន The Philippines Star។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងកាលពីម្សិលមិញថា តម្លៃអង្ករដែលកម្ពុជាដាក់ចេញក្នុងការដេញថ្លៃនេះខ្ពស់បើធៀបនឹងតម្លៃអង្ករដែលវៀតណាមបានដាក់ចេញ តែថាតម្លៃដែលទាបបំផុតសម្រាប់អ្នកនាំអង្ករកម្ពុជា។
លោកថ្លែងថា៖ «តម្លៃនេះជាតម្លៃល្អបំផុតហើយដែលកម្ពុជាអាចធ្វើបាន។ តម្លៃនេះយើងស្ទើរតែមិនចំណេញ»។
លោកបន្តថា៖«បញ្ហាធំ ពេលដែលស្រូវយើងមកដល់រោងម៉ាស៊ីនកិនស្រូវគឺថ្លៃរួចហើយ ការកែច្នៃនៅមិនទាន់អាចទាញយកទិន្នផលច្រើនពីស្រូវយកទៅលក់ក្នុងទីផ្សារបានដូចជាចុងអង្ករ កន្ទក់និងអង្កាមជាដើមដែលខុសពីប្រទេសជិតខាង។ ប្រភពចំណូលចេញពីស្រូវយើងមិនមានច្រើនទេ មានតែអង្ករស អង្ករក្រអូប បន្ថែមពីនេះ ក្នុងចង្វាក់ផលិតកម្មយើង ដំណាក់កាលនីមួយៗ ថ្លៃជាងគេទាំងអស់ សរុបទៅគឺធ្វើឲ្យវាថ្លៃជាងគេ»។
លោកបន្ថែមថា បច្ចុប្បន្នគណៈកម្មាធិការសហព័ន្ធស្រូវអង្ករកំពុងខិតខំបញ្ចុះថ្លៃឲ្យចុះថ្លៃតាមដែលអាចធ្វើទៅបានដើម្បីអាចចូលរួមក្នុងការដេញថ្លៃលើកក្រោយទៀត។
ទោះបីមិនមានការកត់ត្រាផ្លូវការ អង្ករដែលសល់ពីការនាំចេញពីកម្ពុជាទៅប្រទេសនៅសហភាពអឺរ៉ុបនិងចិន ត្រូវបានគេជឿថាត្រូវបាននាំចេញទៅកាន់ ថៃ និងវៀតណាម។
អ្វីជាការប្រឈមសម្រាប់ភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជានោះ គឺតម្លៃខ្ពស់ក្នុងចង្វាក់ផលិតកម្មរួមមាន ធាតុចូលកសិកម្មថ្លៃ និងមិនមានគុណភាពមានជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត តម្លៃអគ្គិសនីខ្ពស់ បច្ចេកវិទ្យាកែច្នៃនៅមានកម្រិត ដែលប្រើប្រាស់ប្រេងសាំងច្រើន ហើយកែច្នៃដោយបន្សល់នូវចុងអង្ករ និងអង្ករបាក់ដែលមានតម្លៃទាបច្រើន ខណៈតម្លៃដឹកជញ្ជូននិងការប្រាក់ពីធនាគារក៏មានតម្លៃខ្ពស់ ដែលធ្វើឲ្យអត្រាតម្លៃអង្ករកម្ពុជានៅខ្ពស់។ នេះបើតាមលោកស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ។
លោកថ្លែងថា កម្ពុជាចាំបាច់កាត់បន្ថយការចំណាយនៅក្នុងចង្វាក់ផលិតកម្ម និងការកែច្នៃដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសផលិតអង្ករផ្សេងទៀត។
លោកបន្តថា៖ «យន្តការមួយដើម្បីទ្រទ្រង់ និងអភិវឌ្ឍចង្វាក់ផលិតកម្មនិងតម្លៃទាំងមូលចាំបាច់ត្រូវបង្កើតឡើង។ បន្ថែមពីនេះ ម៉ាស៊ីនដែលប្រើប្រាស់ក្នុងវិស័យកសិកម្មត្រូវតែធ្វើទំនើបកម្ម ហើយការងារផ្សព្វផ្សាយកសិកម្មត្រូវតែបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ពាក់ព័ន្ធនឹងការស្រាវជ្រាវដែលមានការអនុវត្តផ្ទាល់ រួមទាំងពង្រីកប្រព័ន្ធធារាសាស្រ្តឲ្យមានប្រសិទ្ធភាពជាងនេះ»។
កម្ពុជាគួរតែបន្តផ្តោតការចាប់យកទីផ្សារហ្វីលីពីន។ លោកថ្លែងថា៖ «ចំណេញតិច ឬ ច្រើនអាស្រ័យលើប្រសិទ្ធភាពនៃចង្វាក់ផលិតកម្មទាំងមូល។ កម្ពុជាអាចយកប្រាក់ចំណេញពីទីផ្សារធំជាងនេះមកទប់នឹងប្រាក់ចំណេញពីទីផ្សារហ្វីលីពីន។ ដូច្នេះ វាសំខាន់ដែលកម្ពុជាត្រូវចាប់ទីផ្សារនេះ ដែលអាចផ្តល់ប្រយោជន៍ឲ្យវិស័យអង្ករនិងសេដ្ឋកិច្ចកម្ពុជា»។
មន្រ្តី នាំពាក្យក្រសួងកសិកម្មមិនអាចទាក់ទងបានទេ៕