
ស្ថានីយបូមប្រេងឆៅនៅលើផ្ទៃសមុទ្រកម្ពុជាក្នុងប្លុក A របស់ក្រុមហ៊ុន KrisEnergy។ រូបថត ក្រសួងរ៉ែ និងថាមពល
ភ្នំពេញៈ កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយនៅលើពិភពលោក និងជាប្រទេសទី ៨ ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសឡាវ និងសិង្ហបុរី) បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន KrisEnergy Ltd របស់សិង្ហបុរីបានទាញយកតំណក់ប្រេងជាលើកដំបូងក្នុងប្លុក A ពីបាសាំងខ្មែរកាលពីថ្ងៃទី ២៨ ខែធ្នូ។
ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៩ ខែធ្នូ បានប្រកាសជាផ្លូវការនូវតំណក់ប្រេងលើកដំបូងរបស់ប្រទេសកម្ពុជានៅសមុទ្រក្នុងតំបន់សម្បទានប្លុក A ដែលបានចាប់ផ្ដើមផលិតកម្មកាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២០។
ក្រុមហ៊ុនបានឱ្យដឹងថា អណ្ដូងប្រេងអប្សរាបានចាប់ផ្ដើមបង្ហូរប្រេងពីអណ្ដូងអភិវឌ្ឍន៍តែមួយគត់ ហើយអត្រាលំហូរត្រូវការពេលវេលាយ៉ាងហោចណាស់ ២៤ ម៉ោងដើម្បីធ្វើឱ្យមានស្ថិរភាព។ «ការផលិតនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតដោយសារតែអណ្ដូងប្រេងបន្ថែម ៤ ទៀតត្រូវបានបញ្ចប់ និងដំណើរការជាបន្តបន្ទាប់»។
លោក Kelvin Tang អគ្គនាយក និងជាប្រធានផ្នែកប្រតិបត្តិការនៅកម្ពុជារបស់ក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា តំណក់ប្រេងជាលើកដំបូងនៃអណ្ដូងប្រេងអប្សរា គឺបង្ហាញពីដំណើរការអស់រយៈពេល ១០ ឆ្នាំចាប់តាំងពីពេលក្រុមហ៊ុន KrisEnergy បានក្លាយជាដៃគូមួយនៅក្នុងប្លុក A។
លោក Kelvin ថ្លែងថា៖ «វាមានរយៈពេល ៣ ឆ្នាំ ចាប់តាំងពីយើងបានចុះកិច្ចព្រមព្រៀងប្រេងឥន្ធនៈជាមួយរដ្ឋាភិបាល ដើម្បីដំណើរការគម្រោងនេះ និងមានការសិក្សាយ៉ាងលម្អិតសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងអ្វីដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជា និងជាព្រឹត្តិការណ៍ជាយុទ្ធសាស្ដ្រ និងប្រតិបត្តិការដ៏សំខាន់មួយសម្រាប់ KrisEnergy»។
លោក Kelvin បានឱ្យដឹងថា ក្នុងបរិបទការរីករាលដាលជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ នេះគឺមានការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់រហូតឈានទៅដល់ការទាញយកតំណក់ប្រេងលើកដំបូង។ នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ និងជាសក្ខីកម្មចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមការងារក្រុមហ៊ុន KrisEnergy និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃក្រុមហ៊ុនម៉ៅការ និងជាក្រុមហ៊ុនផ្គត់ផ្គង់។
លោក Kelvin លើកឡើងថា៖ «ខ្ញុំសូមបង្ហាញការកោតសរសើរដ៏ស្មោះរបស់ខ្ញុំដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់សម្រាប់ជំនួយគាំទ្រ កិច្ចសហការ និងការលះបង់របស់ពួកគេដើម្បីទទួលបាននូវការអភិវឌ្ឍអណ្ដូងប្រេងអប្សរា។ ក្រុមហ៊ុន KrisEnergy មានកិត្តិយសក្នុងការក្លាយជាផ្នែកមួយនៃឱកាសជាប្រវត្តិសាស្ដ្រនេះ»។
លោក Kelvin បានបន្ថែមថា៖ «នៅពេលនេះភារកិច្ចរបស់យើងនឹងបញ្ចប់ការខួងប្រេងក្នុងចំណោមអណ្ដូងប្រេងនៅសល់ចំនួន ៤ ទៀត ដែលធ្វើឱ្យមានស្ថិរភាពផលិតកម្ម និងការត្រួតពិនិត្យប្រតិបត្តិការ ដើម្បីយើងអាចវាយតម្លៃដ៏ល្អបំផុតឆ្ពោះទៅមុខ និងដើម្បីបង្កើនការផលិតប្រេងរបស់កម្ពុជា និងតម្លៃទ្រព្យសកម្មក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែធ្នូ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការលោកថា ការចាប់ផ្ដើមផលិតកម្មប្រេងដំបូងក្លាយជាសមិទ្ធផលថ្មីមួយទៀត និងជាប្រភពថ្មីនៃមូលនិធិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអនុវត្តតាមនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាល។

សកម្មភាពដំឡើងស្ថានីយបូមប្រេងរបស់ KrisEnergy។ សហការី
លោកបានសរសេរថា៖ «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមានសេចក្ដីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្ដើមផលិតកម្មប្រេងដំបូងរបស់កម្ពុជាពីអណ្ដូងប្រេង A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ដោយក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន KrisEnergy របស់ប្រទេសសិង្ហបុរី»។
លោកបានមានប្រសាសន៍ថា៖ «ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន KrisEnergy ដែលជាប្រតិបត្តិករនៃគម្រោងនេះមកដល់ពេលនេះយើងសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារ និងបរិក្ខារនៃបណ្ដាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង»។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃអង្គារថា ក្រុមហ៊ុននេះនឹងខួងអណ្ដូងប្រេង ៤ ទៀតនៅក្នុងចំណោមអណ្ដូងប្រេង ៥ នៅក្នុងអណ្ដូងប្រេង A-01D នៃផ្លាតហ្វម។ នៅពេលអណ្ដូងប្រេងទាំង ៥ នេះត្រូវបានបញ្ចប់ ក្រុមហ៊ុននេះអាចផលិតប្រេងបាន ៧ ៥០០ បារ៉ែល ក្នុង ១ ថ្ងៃ។
លោកថ្លែងថា៖ «ជាមួយនឹងវឌ្ឍនភាពវិជ្ជមាននេះ យើងនឹងទាញក្រុមហ៊ុនកាន់តែច្រើនចូលក្នុងវិស័យប្រេង និងឧស្ម័ន»។
កម្ពុជាបានក្លាយជាប្រទេសផលិតប្រេង។ នេះជាព័ត៌មានដ៏ល្អដើម្បីទាក់ទាញក្រុមហ៊ុនបរទេសកាន់តែច្រើនថែមទៀតមកអភិវឌ្ឍវិស័យនេះ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា ការចាប់ផ្ដើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។
លោកថ្លែងថា៖ «នេះជាការចាប់ផ្ដើមជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមានចំណូលថវិកាជាតិ សេដ្ឋកិច្ចទទួលបានពីការធ្វើពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិក្នុងវិស័យនេះ»។
ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងសំខាន់ៗដែលបានសាងសង់ ដំឡើង និងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុក A សម្រាប់ដំណើរការផលិតកម្ម រួមមាន ផ្លាតហ្វមអណ្ដូងប្រេង ផលិតនៅកោះបាតាង ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្ដើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅក្នុងខែសីហា ឆ្នាំ ២០២០។ ផ្លាតហ្វមនេះបានដឹកចូលមកដល់តំបន់ប្លុក A ប្រទេសកម្ពុជា និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០។
កប៉ាល់ផលិតកម្មប្រេងបានដំឡើង ជួសជុល និងបំពាក់សម្ភារ បរិក្ខាររួចរាល់នៅខែកញ្ញាឆ្នាំ ២០២០ នៅប្រទេសសិង្ហបុរី និងបានដឹកមកដល់ និងដំឡើងរួចរាល់នៅប្លុក A កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្ដុកប្រេងបានរៀបចំ និងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២០។
អណ្ដូងប្រេងទី ១ បានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ និងបានចាប់ផ្ដើមផលិតចេញប្រេងដំបូងនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០។ ក្រៅពីនេះមានអណ្ដូងប្រេងចំនួន ២ ទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ៕ LA
វីដេអូ៖