ភ្នំពេញៈ ការចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចំនួន​ជិត ៨ ០០០ ម៉ាក កាលពី​ឆ្នាំ ២០២០ កើនឡើង ៣០ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩។ នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ ២០២១។

របាយការណ៍​ឲ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ម៉ាក​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ និង​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន ៧ ៩៩៧ ម៉ាក កើនឡើង ៣០ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩។ ក្នុងនោះ ការចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​ជាតិ​បាន​ចំនួន ៥ ៦២៨ ម៉ាក កើនឡើង ៣២ ភាគរយ ខណៈ​ការចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អន្តរជាតិ​ម៉ាឌ្រីដ (Madrid System) បាន​ចំនួន ២ ៣៦៩ ម៉ាក កើនឡើង ២៥ ភាគរយ។

របាយការណ៍​នេះ​ឲ្យ​ដឹង​ទៀតថា ក្នុង​ឆ្នាំ ២០២០ ក្រសួង​បានទទួល​ពាក្យសុំ​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចំនួន ៦ ១១៦ កើន ៦ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ៦ ៥៤។

របាយការណ៍​នេះ បន្ថែម​ថា ជាមួយគ្នា ក្រសួង​ពាណិជ្ជកម្ម​បាន​សម្រុះសម្រួល​ការរំលោភ​បំពាន​ម៉ាក​ចំនួន ២៣ ករណី និង​លុបចោល​ចំនួន ៣៧ ម៉ាក ផងដែរ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពីដើម​ខែមេសា ឆ្នាំនេះ​ថា​ការចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​នឹងត្រូវ​បាន​ការពារ​ដោយ​មាន​ដើមកំណើត​ផ្សារភ្ជាប់​ជាមួយ​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់ មាន​​គុណភាព និង​គុណ​តម្លៃ​ច្បាស់លាស់ ព្រមទាំង​ធ្វើឱ្យ​ប្រជាជន និង​ផលិតករ​ក្នុង​តំបន់​អាចធ្វើ​ការផ្ទេរ​ចំណេះ និង​ជំនាញ​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត។

លោក​ថ្លែងថា៖ «ការចុះបញ្ជី GI គឺជា​ឧបករណ៍​ដ៏សំខាន់​ក្នុង​ការលើក​ទឹកចិត្ត​ឱ្យ​សហគមន៍​ផលិត​នូវ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​ដែលមាន​គុណភាព​ខ្ពស់​តាមរយៈ​ការពង្រឹង និង​ពង្រីក​ចង្វាក់​ផលិតកម្ម បង្កើន​ការត្រួតពិនិត្យ​គុណភាព​ជា​ប្រព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ និង​ឈានទៅ​នាំ​ចេញទៅ​ក្រៅប្រទេស»។

របាយការណ៍​នេះ បង្ហាញថា ក្រសួង​នេះ​ក៏​កំពុង​អនុវត្ត​គម្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «អំបិស និង​ផ្កាអំបិល​កំពត» ហើយ​ក្រសួង​ក៏​កំពុង​អនុវត្ត​គម្រោង​កសាង​កេរ្តិ៍ឈ្មោះ​ និង​សមត្ថភាព​របស់​សមាគម​តាមរយៈ​ការជំរុញ​ឲ្យ​ប្រើប្រាស់​រូបភាព​សញ្ញា​ជាតិ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូច​ថ្លុក​កោះ​ទ្រង់។

ទន្ទឹម​នឹងនេះ ក្រសួង​បាននិង​កំពុង​រៀបចំ​ការចុះបញ្ជី​ម៉ាក​សមូហភាព អំបុក​កំពង់ធំ នំ​បញ្ចុក​សៀមរាប ចម្លាក់​ប្រាក់ ស្ពាន់ ឃុំ​កំពង់លួង​កោះចិន​ខេត្តកណ្តាល ស្មូន​ឆ្នាំងដី​ខេត្ត​កំពង់ឆ្នាំង និង​ពងទាកូន​ស្រែននោង ខេត្តតាកែវ ហើយ​ក្រសួង​កំពុង​សិក្សា​ស្រាវជ្រាវ​ផលិតផល​សក្តានុពល សូត្រ​ខ្មែរ អង្ករ​សរីរាង្គ​ព្រះវិហារ ក្រូចពោធិ៍សាត់ អង្ករ​ស្មាច់ ស្វាយរៀង ធុរេនសំឡូត មៀន​ប៉ៃលិន អង្ករ​នាងអំ ដើម្បី​ត្រៀម​ចុះបញ្ជី​ម៉ាក​សមូហភាព៕