ភ្នំពេញៈ ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចំនួន ៤ រួមទាំង​កម្ពុជា​បាន​ជួប​ពិភាក្សា​គ្នា​ស្វែងរក​ដំណោះស្រាយ​នៃ​ការចាកចេញ​ប្រកប​ដោយ​រលូន​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មក​លើ​វិស័យ​វាយនភ័ណ្ឌ និង​សម្លៀកបំពាក់​កាលពី​សប្តាហ៍​មុន។

លោក ពេជ ឬទ្ធី រដ្ឋលេខាធិការ​ក្រសួងបពាណិជ្ជកម្ម​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​នេះ កាលពី​ថ្ងៃទី ៧ ឧសភា តាម​ប្រព័ន្ធ​វីដេអូ​ដែល​សហការ​រៀបចំ​ដោយ​អង្គការ WTO, UN,DESA, UNCTAD និង ITC។

សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន​ក្រោយ​ការចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ផលប៉ះពាល់​បង្កដោយ​ជំងឺ​កូវីដ១៩ មកលើ​វិស័យ​វាយនភ័ណ្ឌ​ និង​សម្លៀកបំពាក់ ក៏ដូចជា ស្វែងរក​ដំណោះស្រាយ​សម្រាប់​ដំណើរការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ឱ្យមាន​ភាពរលូន។

ក្រៅពី​កម្ពុជា​ក៏​មាន​តំណាង​មកពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមមាន​បង់ក្លាដែស ឡាវ និង​នេប៉ាល់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ផងដែរ។

ក្នុង​សិក្ខាសាលា​នេះ លោក ពេជ ឬទ្ធី ធ្វើ​បទបង្ហាញ​អំពី​សារៈសំខាន់​នៃ​វិស័យ​កាត់ដេរ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​អត្ថប្រយោជន៍​នៃ​ភាពអនុគ្រោះ​ពន្ធ​សម្រាប់​កំណើន​ការនាំចេញ​របស់​កម្ពុជា។

លោក​ក៏បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​នៃ​ការចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ភាពអនុគ្រោះ​ពន្ធ លក្ខខណ្ឌ​នៃ​ប្រភពដើម​កំណើត​ទំនិញ ភាពទាក់ទាញ​សម្រាប់​ការវិនិយោគ ភាពប្រកួតប្រជែង​របស់​កម្ពុជា ព្រមទាំង​លើកឡើង​ពី​ផលប៉ះពាល់​នៃ​វិបត្តិ​កូវីដ១៩​លើ​វិស័យ​កាត់ដេរ​ និង​សម្លៀកបំពាក់ និង​ឱកាស​ក្នុង​ការទទួល​ជំនួយ​ពាណិជ្ជកម្ម​ផងដែរ។

លោក​លើកឡើង​ទៀតថា៖ «ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ កម្ពុជា​លើកឡើង​អំពី​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ដើម្បី​កម្ពុជា​អាច​ពង្រឹង​ភាពប្រកួតប្រជែង និង​ត្រៀមខ្លួន​សម្រាប់​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ប្រកប​ដោយ​ជោគជ័យ ក្នុង​នោះ រួមមាន ការធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ និង​ពហុភាគី»។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ការអភិវឌ្ឍ​វិស័យ​ឯកជន​គឺជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ជួយ​បង្កើន​កម្រិត​ជីវភាព​ប្រជាជន។

លោក​បាន​លើកឡើង​ថា៖ «អ្នក​រាល់គ្នា​ចូលចិត្ត​ផ្លែផ្កា​នៃ​កំណើន​នេះ​មិន​ត្រឹមតែ​កម្មករ​ប៉ុណ្ណោះ​ទេ។ ក្នុងចំណោម​ដៃគូ​វិស័យ​ឯកជន​ដទៃទៀត​យើង​គឺជា​ដៃគូ​របស់​រដ្ឋាភិបាល​ដែល​ធ្វើការ​រួមគ្នា​ ដើម្បី​សម្រេច​គោលដៅ​នេះ​តាមរយៈ​ការធ្វើ​កំណែទម្រង់​រដ្ឋបាល​ និង​គោលនយោបាយ​ជា​បន្តបន្ទាប់​សម្រាប់​បរិយាកាស​អាជីវកម្ម»។

«នៅពេល​យើង​រីកចម្រើន​ និង​អភិវឌ្ឍ យើង​នឹង​បញ្ចប់​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​ជា​ព្រឹត្តិការណ៍​ដ៏គួរ​ឲ្យ​ស្វាគមន៍​មួយ ទោះបីជា​មានការ​បាត់បង់​អត្ថប្រយោជន៍​មួយចំនួន​ដូចជា​ការអនុគ្រោះ​ពាណិជ្ជកម្ម​ដែល​ផ្តល់​ដោយ​ប្រទេស​អភិវឌ្ឍន៍​ក៏ដោយ»។ នេះ​បើ​យោងតាម​លោក​ កាំង។

លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា៖« យើង​សូម​កោតសរសើរ​ និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការព្យាយាម​រក្សា​ឱ្យបាន​នូវ​ការវិនិយោគ​ និង​ទីផ្សារ​កាន់តែ​ប្រសើរ​ និង​ទូលំទូលាយ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ក្នុង​តំបន់។ ការអភិវឌ្ឍ​ជំនាញ ការកែលម្អ​ផលិតភាព និង​កំណែទម្រង់រដ្ឋបាល​ផ្ទៃក្នុង​គឺជា​ការងារ​ដែល​កំពុង​ដំណើរការ​របស់​យើង។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​ផលិតផល​វាយនភណ្ឌ​ក្នុងតម្លៃ​សរុប ២ ៤១០ លាន​ដុល្លារ ធ្លាក់ចុះ ៦,៤៨ ភាគរយ ពី​ចំនួន ២ ៥៧៧ លាន​ដុល្លារ កាលពី​ត្រីមាស​ទី ១ ឆ្នាំ ២០២០៕