ភ្នំពេញៈ ក្នុង​រយៈពេល ​២៥ ​ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ​ ២០១៨ កម្ពុជា​បាន​​ទូទាត់​បំណុល​សរុប​បូក​បញ្ចូល​​គ្នា​ចំនួន ១,៣៩ ​ពាន់​លាន​​ដុល្លារ ដែល​ក្នុង​នោះ​នៅ​ឆ្នាំ ២០១៨ ​ទឹក​ប្រាក់​នៃ​ការ​ទូទាត់​បំណុល​មាន​ចំនួន ​២៦៥​,៦​ ​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​​។

ព្រឹត្តិបត្រ​បំណុល​ ដែល​ជា​ការ​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ការ​​ចេញ​ផ្សាយ ប្រចាំ​ឆ្នាំ​លើក​ទី​៧ បាន​បង្ហាញ​ថា គិត​ចាប់​ពី​ឆ្នាំ ​១៩៩៣​ ដល់​ដំណាច់​ឆ្នាំ ២០១៨ រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កម្ចី​សម្បទាន​​​សរុប​ចំនួន ១១,៣៩​ ពាន់​លាន​ដុល្លារ​ តែ​ក្នុង​​អំឡុង​ពេល​នេះ​ រដ្ឋាភិបាល​បាន​ដក​សាច់​ប្រាក់​មក​ប្រើប្រាស់​ជាក់​ស្តែង​សរុប​ចំនួន​ ៧,២៩ ពាន់​លាន​ដុល្លារ​។ គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨ កម្ពុជា​មាន​​សន្និធិ​បំណុល​សាធារណៈ​សរុប​ ៧,០​២ ពាន់​លាន​ដុល្លារ ​​​ក្នុង​នោះ​​​ជាង​ ៩៩​ ភាគរយ​ជា​បំណុល​ក្រៅ​ប្រទេស​។​​​

ព្រឹត្តិបត្រ​បំណុល​ដែល​មាន​ហត្ថលេខា​លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ថា​ សម្រាប់​ឆ្នាំ ២០១៨ ទំហំ​បំណុល​សាធារណៈ​កម្ពុជា ដែល​យក​មក​​​ធៀប​​នឹង​កត្តា​វាស់វែង​សំខាន់ៗ​ដូចជា ធៀប​នឹង​ទំហំ​សេដ្ឋកិច្ច និង​ធៀប​​នឹង​ប្រាក់​ចំណូល​ដុល សុទ្ធសឹង​ស្ថិត​នៅ​ក្រោម​ចំណុច​​មិន​គួរ​ឲ្យ​បារម្ភ​។​

សេចក្តី​រាយការណ៍​ក្នុង​ព្រឹត្តិបត្រ​បំណុល​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ថា​៖​ ​«​ដោយ​ផ្អែក​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ លទ្ធផល​ខាង​លើ​នេះ​បញ្ជាក់​ថា ​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន​មាន​ចីរភាព​ និង​ហានិភ័យ​កម្រិត​ទាប»។

គិត​មក​ត្រឹម​ដំណាច់​ឆ្នាំ ​២០១៨ ​បំណុល​សាធារណៈ​កម្ពុជា​ត្រូវ​បាន​ទទួល​ភាគ​ច្រើន​ពី​បំណុល​ទ្វេភាគី និង​​ពហុភាគី​ ដែល​សុទ្ធសឹង​ជា​កម្ចី​សម្បទាន។ កម្ចី​មួយ​ចំណែក​ធំ​បាន​មក​ពី​ចិន​ដែល​​មាន​ជិត​ពាក់​កណ្តាល​នៃ​ទំហំ​​កម្ចី​សរុប​ឬ​ស្មើ​នឹង​ ៣,៤ ពាន់​លាន​ដុល្លារ។

នៅ​ក្នុង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១៩ រដ្ឋាភិបាល​បាន​គ្រោង​ទទួល​កម្ចី​បន្ថែម​ ១,៤ ពាន់​លាន ​SDR ឬ​ស្មើ​នឹង ១,៩​៤ ពាន់​លាន​ដុល្លារ​ដើម្បី​ឆ្លើយ​តប​ផែនការ​ចំណាយ​នៅ​ឆ្នាំ​នេះ។ ​

លោក ​ច័ន្ទ ​សុផល​ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ កាល​ពី​ម្សិលមិញ​ បាន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​របាយការណ៍​បំណុល​សាធារណៈ ដោយ​ចាត់​ទុក​ថា កម្រិត​បំណុល​​បច្ចុប្បន្ន​របស់​កម្ពុជា ​គឺ​អាច​គ្រប់គ្រង​បាន។ ​លោក​បន្ត​​​ថា​ តាម​ពិត​ទៅ​កម្ពុជា​អាច​ខ្ចី​បន្ថែម​ដើម្បី​អភិវឌ្ឍ ផ្លូវ​ថ្នល់ ​ស្ពាន ​និង​ប្រព័ន្ធ​ធារាសាស្រ្ដ​ ប៉ុន្តែ​​​ចាំបាច់​​ត្រូវ​ធានា​ថា ​បន្ត​​ប្រើប្រាស់​កម្ចី​​ប្រកប​ដោយ​​ការ​ទទួល​ខុស​ត្រូវ។

លោក​បន្ត​ថា​៖ ​«​​កម្ពុជា មាន​ការ​ប្រយ័ត្ន​ប្រយែង​​​បាន​ល្អ​ក្នុង​ការ​ទទួល​កម្ចី​នេះ តាម​ពិត​ទៅ​កម្ពុជា​មាន​លទ្ធភាព​ច្រើន​​ជាង​នេះ​ផង​ ក្នុង​ការ​ទទួល​កម្ចី​​ដើម្បី​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម្ព័ន្ធ។ សំខាន់​គឺ​យក​កម្ចី​មក​ប្រើ​ចំ​គោលដៅ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ»​។

លោក​ ង៉ែត​ ជូ​ អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ Emerging Markets Consulting បាន​លើក​ឡើង​ថា​ ​ ​កម្រិត​​បំណុល​ធៀប​នឹង​ទំហំ​សេដ្ឋកិច្ច​ ដែល​មាន​ប្រមាណ​ ៣០ ​​ភាគរយ​ គឺ​ជា​កម្រិត​​​ដែល​​ស្ថិត​​​ក្នុង​ហានិភ័យ​ទាប​នៅ​ឡើយ។

លោក​បញ្ជាក់​ថា​ ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​មាន​កម្រិត​បំណុល​ធៀប​​នឹង​ទំហំ​សេដ្ឋកិច្ច​លើស​ពី ៦០ ភាគរយ ឬ ខ្លះ​ច្រើន​ជាង ១០០ ភាគរយ​ទៅ​ទៀត។ លោក​បន្ត​ថា​ ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ជា​ទូទៅ​​​ តែងតែ​ខ្វល់ខ្វាយ​​​ថា កើត​មក​ជំពាក់​គេ ៣០០ ដុល្លារ ឬ ៦០០ ដុល្លារ​អី​ភ្លាម គឺ​​ជា​ការ​បារម្ភ​ដោយ​មិន​បាន​សំអាង​លើ​ការ​គិត​តាម​បែប​បច្ចេកទេស​សេដ្ឋកិច្ច​ទេ។

លោក​ថ្លែង​ថា​៖​ ​«​បើ​យើង​គិត​មីក្រូ​សេដ្ឋកិច្ច អាជីវកម្ម​លក្ខណៈ​គ្រួសារ​ ការ​ខ្ចី​គេ​មិន​សុទ្ធ​តែ​​អាក្រក់​ទេ សំខាន់​ថា​ តើ​យើង​ខ្ចី​យក​មក​ប្រើ​ចំគោល​ដៅ​ឬ​ទេ? ខ្ចី​ដើម្បី​ជា​សកម្មភាព​ដើម្បី​រក​ចំណូល បាន​ចំណេញ និង​អាច​សង​​ត្រឡប់​ទៅ​គេ​វិញ​បាន»​។ លោក​បន្ត​ថា​៖ ​«​កម្រិត​បំណុល​របស់​កម្ពុជា​ មិន​ស្ថិត​ក្នុង​វិបត្តិ​ ឬ ហានិភ័យ​ទេ តែ​សំខាន់​តើ​ការ​វិនិយោគ​សាធារណៈ​របស់​យើង​មាន​តម្លាភាព​ប៉ុនណា ​និង​ប្រសិទ្ធភាព​​ប៉ុនណា»៕ ​