កំពតៈ កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាក្នុងបរិមាណប្រហែល ៥ ០០០ តោន ហើយមកដល់ពេលនេះ ខណៈបរិមាណអំបិលក្នុងស្តុកស្ទើរអស់ទាំងស្រុងទៅហើយ។ នេះបើតាមសហប្រធានសហគមន៍ផលិតអំបិល កំពតកែប (SPCKK)។
នេះជាលើកទី ១ ហើយដែលកម្ពុជាបាននាំចូលអំបិលពីប្រទេស ឥណ្ឌា មកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ខណៈកន្លងមកបាននាំចូលមកពីប្រទេសចិនចំនួន ២ ដង។
កត្តាអាកាសធាតុមិនអំណោយផលនៅតែជាហេតុផលចម្បងដែលអ្នកនៅក្នុងវិស័យផលិតអំបិលអះអាងថា ធ្វើឲ្យទិន្នផលអំបិលនៅកម្ពុជាធ្លាក់ចុះចំនួន ៣ ឆ្នាំចុងក្រោយនេះ។
លោក ប៊ុន បារាំង សហប្រធានសហគមន៍ផលិតអំបិល កំពតកែប SPCKK បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា រហូតមកដល់ពេលនេះកម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាប្រហែល ៥ ០០០ តោនហើយ ខណៈអំបិលក្នុងស្តុកនៅសល់ពី ៥០០-៦០០ តោនតែប៉ុណ្ណោះ។
លោកបន្តថា កម្ពុជាបានផ្លាស់ប្តូរទៅនាំចូលពីប្រទេសឥណ្ឌា ដោយសារកន្លែងផលិតអំបិលនៅប្រទេសចិន ជួបគ្រោះទឹកជំនន់ដែលធ្វើឲ្យការផលិតរបស់ពួកគេធ្លាក់ចុះ និងមានតម្លៃខ្ពស់ជាងមុន។ លោកថ្លែងថា៖ «អំបិលនាំចូលពីប្រទេសឥណ្ឌា គឺមានគុណភាពល្អ និងតម្លៃសមរម្យ»។ តម្លៃអំបិលនាំចូលមិនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអ្នកផលិតក្នុងស្រុកទេ»។
បច្ចុប្បន្នអំបិលនាំចូលពីឥណ្ឌាមានតម្លៃប្រមាណ ៩៥ ដុល្លារ ក្នុង ១ តោន ដែលជាតម្លៃប្រហាក់ប្រហែលនឹងអំបិលផលិតក្នុងស្រុក។ នេះបើតាមលោក បារាំង។
លោកបន្តថា ការនាំចូលអំបិលពីប្រទេសឥណ្ឌានឹងត្រូវបញ្ឈប់ភ្លាមនៅពេលដែលកម្ពុជាអាចផលិតបានឡើងវិញ។ លោកបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានថា ការនាំចូលអំបិលក្នុងឆ្នាំ ២០១៩ នេះនឹងមានបរិមាណប៉ុន្មាននោះទេ ខណៈពេលនេះកសិករស្រែអំបិលបានចាប់ផ្តើមការងារនេះជាបណ្តើរៗវិញហើយ»។
ទិន្នន័យពីសហគមន៍ផលិតអំបិល កំពតកែប បានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ការផលិតអំបិលនៅក្នុងខេត្តកំពត និងកែបបានប្រហែលជាង ៣០ ០០០ តោន ក្នុង ១ ឆ្នាំ ខណៈតម្រូវការប្រើប្រាស់សរុបក្នុងប្រទេសមានចន្លោះពី ៨ ម៉ឺន ទៅ ១០ ម៉ឺនតោនក្នុង ១ ឆ្នាំ។
បច្ចុប្បន្នក្នុងខេត្តកំពត និងកែបមានផ្ទៃដីផលិតអំបិលប្រហែល ៤ ៥០០ ហិកតា។ ប្រសិនបើអាកាសធាតុអំណោយផលក្នុង ១ ហិកតា គេអាចផលិតអំបិលបានជាង ២០ តោន សម្រាប់រយៈពេល ១ ឆ្នាំ ដោយគិតចាប់ពីខែមករាដល់ខែឧសភា។
កាលពីឆ្នាំ ២០១៨ កម្ពុជាបានសម្រេចនាំចូលអំបិលពីប្រទេស ចិន ៣០ ០០០ តោន ហើយកាលពីឆ្នាំ ២០០៩ កម្ពុជាបានចំណាយ ២,២ លានដុល្លារ ដើម្បីនាំចូលអំបិល ២០ ០០០ តោន ពីចិនជាលើកដំបូង។
លោក ប៊ុន ណារិន អ្នកបច្ចេកទេសសហគមន៍ផលិតអំបិលកំពត-កែប បាននិយាយថា ស្រែអំបិលនៅក្នុងខេត្តកំពត-កែប ត្រូវបានប្រជាកសិកររៀបចំដីតាំងពីពាក់កណ្តាលខែតុលាមកម្ល៉េះ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានស្រែណាអាចប្រមូលផលបានទេ។ លោកបន្តថា ជាទូទៅការប្រមូលផលនឹងចាប់ផ្តើមពីដើមខែមករាទៅ។
បើតាមលោក ណារិន បច្ចុប្បន្នអំបិលដែលសហគមន៍ផលិតអំបិល កំពត-កែប ផលិតបានមានតម្លៃប្រហែល ៩០ ដុល្លារក្នុង ១ តោន។
ទិន្នន័យផលិតរបស់ SPCKK បង្ហាញថាអំបិល ៣៣ ០០០ តោន ត្រូវបានផលិតនៅក្នុងខេត្ត ២ នេះកាលពីឆ្នាំ ២០១៧៕