ភ្នំពេញៈ ក្រុមហ៊ុននាំចេញ និង​នាំចូល​ទាំងអស់​នៅ​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ​អាចដាក់​ពាក្យសុំ​ផ្លាស់ប្តូរ​ទិន្នន័យ​ប្រតិវេទន៍​គយ​អាស៊ាន (ACDD) តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន តាមរយៈ​ប្រព័ន្ធ​បញ្ជរ​តែមួយ​របស់​អាស៊ាន (ASW) ដែល​នេះ​ជា​វិធានការ​មួយ​ដើម្បី​លើកកម្ពស់​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​គយ​ក្នុង​តំបន់​។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ​កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ បាន​ជូនដំណឹង​ថា ដើម្បី​ចូលរួម​លើកកម្ពស់​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​ស្របទៅតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល GDCE បាន​អភិវឌ្ឍ​រួចហើយ​នូវ​មុខងារ​សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​ប្រតិវេទន៍​គយ​អាស៊ាន​ (ACDD) ក្នុង​ទម្រង់​អេឡិចត្រូនិក​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត តាមរយៈ​ប្រព័ន្ធ​បញ្ជរ​អាស៊ាន​តែមួយ (ASW)​។

GDCE បន្តថា​៖ «​ក្នុងន័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្រេច​ដាក់ឱ្យអនុវត្ត​ការផ្លាស់ប្តូរ​ទិន្នន័យ​ប្រតិវេទន៍​គយ​អាស៊ាន (ACDD) បន្ថែម​លើ​ការផ្លាស់ប្តូរ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់ D ក្នុង​ទម្រង់​អេឡិចត្រូនិក ATIGA e-Form ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​សមាជិក​អាស៊ាន​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យដឹងថា គំនិត​ផ្តួចផ្ដើម​នៃ​ប្រព័ន្ធ​មិន​ប្រើប្រាស់​ក្រដាស​គឺជា​ការរីកចម្រើន​ល្អ​មួយ​ក្នុង​ការលើក​កម្ពស់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​ជួយ​សម្រួល​ពាណិជ្ជកម្ម​នៅ​កន្លែង​ណា​ដែល​វិស័យ​ឯកជន​ចង់បាន​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ចំពោះ​ការងារ​ដែល​គ្មាន​ក្រដាស​ស្នាម​នេះ​។ វា​ជាការ​រួមចំណែក​កាត់បន្ថយ​ការិយាធិបតេយ្យ និង​ចំណាយ​មិនចាំបាច់​នានា​។ យើង​អង្កេត​ឃើញថា រដ្ឋាភិបាល​ធ្វើ​ទំនើបកម្ម​មិន​គ្រាន់តែ​ផ្នែក​គយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពន្ធដារ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​នៃ​ការធ្វើការ​ផងដែរ​»​។

លោក​បន្ថែមថា​៖ «​យើង​ចង់ឃើញ​ប្រព័ន្ធ​គ្មាន​ក្រដាស​ស្នាម​ប្រភេទ​នេះ​ត្រូវបាន​អនុវត្ត​មិន​គ្រាន់តែ​ជាមួយនឹង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេងទៀត​»​។

ប្រព័ន្ធ​បញ្ជរ​អាស៊ាន​តែមួយ (ASW) គឺជា​គំនិត​ផ្តួចផ្ដើម​ថ្នាក់​តំបន់​ដែល​តភ្ជាប់ និង​រួមបញ្ចូល​ប្រព័ន្ធ​បញ្ជរ​ជាតិ​តែមួយ (ASW) នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន​។ គោលបំណង ASW នឹង​បង្កើនល្បឿន​នៃ​ការបំពេញ​បែបបទ​នាំចេញ​ទំនិញ និង​លើកកម្ពស់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន តាមរយៈ​ការជំរុញ​ការផ្លាស់ប្តូរ​តាម​ទម្រង់​អេឡិចត្រូនិក​នៃ​ឯកសារ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​តាម​ព្រំដែន​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​។

កាលពី​ចុងឆ្នាំ​ ២០១៩ បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ផ្ទាល់ ASW ជា​កន្លែង​ដែល​ផ្ដល់​ការអនុគ្រោះ​ពន្ធ​នឹង​ត្រូវ​ពឹងផ្អែក​លើ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទម្រង់ D នៅក្នុង​ទម្រង់​អេឡិចត្រូនិក ATIGA e-Form តាមរយៈ ASW​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management Holding Co Ltd បាន​កត់សម្គាល់ថា កម្ពុជា​គឺ​ដូចគ្នា​នឹង​សមាជិក​អាស៊ាន​ផ្សេងទៀត​ដែល​បានធ្វើ​ឱ្យ​រីកចម្រើន​លើ​គំនិត​ផ្តួចផ្ដើម​ប្រព័ន្ធ​បញ្ជរ​អាស៊ាន​តែមួយ ដែល​មានន័យថា ដើម្បី​តភ្ជាប់ និង​ដាក់បញ្ចូល​ប្រព័ន្ធ​បញ្ជរ​ជាតិ​តែមួយ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​អាច​ទាញយក​ប្រយោជន៍​ពី​ស្ថាបត្យកម្ម​ព័ត៌មានវិទ្យា និង​ក្របខ័ណ្ឌ​ច្បាប់​ប្រកប​ដោយ​សុវត្ថិភាព​នេះ ដែល​នឹង​អាចឱ្យ​ទិន្នន័យ​អាជីវកម្ម ការដឹកជញ្ជូន និង​ពាណិជ្ជកម្ម​ត្រូវបាន​ផ្លាស់ប្តូរ​គ្នា​តាម​ទម្រង់​អេឡិចត្រូនិក ក្នុង​ចំណោម​ភ្នាក់ងារ​រដ្ឋាភិបាល និង​សហគមន៍​ពាណិជ្ជកម្ម​»​។

លោក​បន្តថា ក្នុងចំណោម​អត្ថប្រយោជន៍​នេះ គឺជា​ការផ្លាស់ប្តូរ​ដោយ​រលូន សុវត្ថិភាព និង​អាច​ទុកចិត្តបាន​នៃ​ទិន្នន័យ​ដោយ​ពឹង​ផ្អែកលើ​ស្ដង់ដា​អន្តរជាតិ​រវាង​បណ្ដា​រដ្ឋ​ជា​សមាជិក និង​ដៃគូ​ពាណិជ្ជកម្ម​ដែល​ប្រើប្រាស់​ស្ដង់ដា​ទាំងនេះ​។ អត្ថប្រយោជន៍​បន្ថែម​រួមមាន​ការចងភ្ជាប់​ក្របខ័ណ្ឌ​ច្បាប់​ដែល​គ្រប់គ្រង​ទាំង​ការផ្លាស់ប្តូរ​ទិន្នន័យ​ក្នុងស្រុក និង​ឆ្លងកាត់​ព្រំដែន និង​ការមើលឃើញ​នៃ​ទិន្នន័យ​លើ​ការបំពេញ​បែបបទ​នាំចេញ​ទំនិញ​រវាង​បណ្ដា​រដ្ឋ​ជា​សមាជិក​ដែល​ផ្ដល់ព័ត៌មាន​ដ៏មាន​តម្លៃ​ស្ដីពី​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​។

លោក​ពន្យល់ថា​៖ «​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់ D ក្នុង​ទម្រង់​អេឡិចត្រូនិក ATIGA e-Form ជួយ​សម្រួល​ដំណើរការ​នៃ​ការ​បំពេញបែបបទ​នាំចេញ​ទំនិញ កាត់បន្ថយ​ចំណាយ បង្កើនល្បឿន​ដំណើរការ​ទាន់ពេលវេលា និង មាន​តម្លាភាព និង​ប្រសិទ្ធភាព​ពាណិជ្ជកម្ម និង​សមត្ថភាព​ប្រកួតប្រជែង​»​។

កាលពី​ឆ្នាំ​ ២០១៨ ការនាំ​ចេញ​ផលិតផល​ស្បៀងអាហារ​អាស៊ាន​សរុប​បាន​កើន​ឡើងដល់ ៥៥,៦ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ ៩,២ ​ភាគរយ​ នៃ​ការនាំចេញ​របស់​ពិភពលោក ខណៈ​ដែល​ការនាំ​ចូល​ស្បៀងអាហារ​បាន​កើនឡើង​ដល់​ ៤៣,២ ​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ ៧,៣ ​ភាគរយ​ នៃ​ការនាំចូល​ស្បៀងអាហារ​ពិភពលោក​សរុប​៕LA