ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកទឹកចិត្តដល់វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យដែលគ្រប់គ្រងដោយជនជាតិជប៉ុនស្វែងរកក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនឲ្យបានច្រើន ដើម្បីសហការបង្កើតសួនបច្ចេកវិទ្យាអេកូនៅរមណីយដ្ឋានគិរីរម្យ ខេត្តកំពង់ស្ពឺ។
លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ការបង្កើតនេះមានបំណងអភិវឌ្ឍធនធានមនុស្សកាន់តែច្រើន ដើម្បីសម្រេចបានចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។
ការលើកឡើងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារក្នុងអំឡុងកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ចជាមួយលោក Takeshi Izuka ប្រធានក្រុមហ៊ុន A2A Town (Cambodia) ដែលគ្រប់គ្រងដោយវិនិយោគិនជប៉ុន ដែលជាស្ថាបនិកវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យមានទីតាំងនៅរមណីយដ្ឋានគិរីរម្យ ខេត្តកំពង់ស្ពឺ។
លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងអនុវត្តបរិយាកាសពាណិជ្ជកម្ម មិនប៉ះពាល់ដល់បរិស្ថាន ដើម្បីទាក់ទាញក្រុមវិនិយោគិនបរទេសកាន់តែច្រើនដោយធ្វើឲ្យពួកគេមានទំនុកចិត្ត និងធានាការវិនិយោគរបស់ពួកគេ។
លោកបន្តថា A2ATown (Cambodia) និងវិទ្យាស្ថានគិរីរម្យកម្ពុជាគួរសហការគ្នាជាមួយវិទ្យាស្ថានដែលទើបបង្កើតថ្មី «មជ្ឈមណ្ឌលពាណិជ្ជកម្មតេជោ» ដើម្បីធ្វើការងារលើការស្រាវជ្រាវអនុវត្តស្វែងរកនវានុវត្តន៍ថ្មីៗ និងដើម្បីរួមសហការគ្នាសម្រាប់ការបង្កើតកម្មវិធីក្រុមហ៊ុនបង្កើតថ្មី។
ជាមួយគ្នានេះដែរវិទ្យាស្ថានគិរីរម្យកម្ពុជា គួរតែពិចារណាក្នុងការធ្វើការងារជាមួយនឹងរដ្ឋាភិបាលដោយផ្ទាល់ក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា ស្របជាមួយនឹងគោលនយោបាយរយៈពេលវែងរបស់រដ្ឋាភិបាលលើសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។
លោកថ្លែងថា៖ «ក្រសួងនឹងស្វែងរកការគាំទ្រពីរដ្ឋាភិបាល ដើម្បីអាចឲ្យ A2A Town (Cambodia) ប្រមូលក្រុមវិនិយោគិន និងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនកាន់តែច្រើនចូលរួមបង្កើតសួនបច្ចេកវិទ្យាអេកូរួមគ្នានៅរមណីយដ្ឋានគិរីរម្យក្នុងគោលបំណងរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស នៅក្នុងវិស័យបចេ្ចកវិទ្យានៅក្នុងប្រទេសកម្ពុជា»។
លោក Takeshi Izuka បានឲ្យដឹងថា ថ្មីៗនេះវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ផ្ដោតសំខាន់លើវិស្វកម្ម សូហ្វវែរ វិទ្យាសាស្ដ្រទិន្នន័យ និងសន្ដិសុខអ៊ីនធឺណិត។ កម្មវិធីនេះបានផ្ដល់អាហារូបករណ៍ដល់ប្រជាជនកម្ពុជា ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងការអប់រំល្អប្រសើរ៕LA