ភ្នំពេញ: កម្ពុជា​បាន​ស្នើឲ្យ​ថៃ​បើក​ច្រកព្រំដែន​ស្ទឹង​បត់បាន​ណងអៀង​ជា​បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការនាំចេញ​ទំនិញ ខណៈ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មិនទាន់​អាច​បំពេញ​តម្រូវការ​ចរាចរណ៍​ទំនិញ​ដែល​កំពុង​កើនឡើង​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​កម្ពុជា​បាន​លើកសំណើ​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ​ជាមួយ​លោក Apichart Junratasup អនុប្រធាន​នាយកដ្ឋាន​អាជ្ញាធរ​ផ្លូវ​ល្បឿន​លឿន​របស់​ថៃ​ស្តីពី​គណៈកម្មាធិការ​ទទួល​បន្ទុក​រៀបចំ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​លើក​ទី​ ២ កាលពី​ថ្ងៃ​ចន្ទ​។

លោក​ថ្លែងថា​៖ «​គណៈប្រតិភូ​ថៃ​បាន​ទទួល​យក​សំណើ​របស់​ពួកយើង ក៏ប៉ុន្តែ​ពួកគេ​ស្នើសុំ​រយៈពេល​ ១២ ខែ​ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​»​។

លោក​បន្ថែមថា​ច្រកព្រំដែន​ស្ទឹងបត់​ដែល​ស្ថិត​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុជា និង​ថៃ​។ លោក​បន្តថា​៖ «​បើ​ច្រកព្រំដែន​នេះ​បើក​វា​នឹង​ជួយ​សម្រួល​ដល់​ការនាំចេញ និង​នាំចូល​ទំនិញ ហើយ​វា​ក៏​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅឯ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ផង​ដែរ​»​។

ច្រកព្រំដែន​ស្ទឹង​បត់​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ និង​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​ ៥ ​កាលពី​អំឡុង​ខែ​មេសា​ឆ្នាំ​មុន​ដែល​មកដល់​ពេល​នេះ​មិនទាន់​ប្រើ​ដំណើរការ​នៅឡើយ​ទេ​។

លោក ឈួ វិចិត្រ ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស Sanco Cambo Investment Group Co Ltd ដែល​មាន​ផ្ទៃដី​ជាង ៨០ ហិកតា​នៅ​ក្រុង​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ​បាន​ឲ្យ​ដឹងថា ច្រកព្រំដែន​ថ្មី​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ដល់​ការនាំចេញ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​កក់​ស្ទះចរាចរណ៍​នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​វា​មាន​ការកកស្ទះ​យ៉ាងខ្លាំង​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការដឹក​ទំនិញ​របស់​យើង​មិន​ទាន់​ពេលវេលា​។ ប្រសិនបើ​ច្រក​នេះ​ត្រូវបាន​បើក​វា​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​របស់​វិស័យ​ឯកជន​ក៏ដូចជា​ក្រុមហ៊ុន​ខ្ញុំ​»​។

លោក​បញ្ជាក់ថា៖ «​ខ្ញុំ​គិតថា​ច្រក​នេះ​អាច​បើក​ដំណើរ​ជា​បណ្តោះអាសន្ន​បាន ប្រសិន​ពួកគេ​ចង់ ព្រោះ​ស្ពាន និង​ផ្លូវ​បាន​សាងសង់​រួចរាល់​ហើយ ដែល​វា​អាច​បម្រើ​ដល់​ការដឹកជញ្ជូន​ទំនិញ​បាន​យ៉ាង​ងាយ​»​។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ដើម​ខែ​កុម្ភៈ​លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ថ្លែងថា ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ​ភាគច្រើន​គឺ​ផលិតផល​កសិកម្ម រួមមាន អង្ករ ពោត សណ្តែកសៀង ដំឡូងមី គ្រាប់ស្វាយចន្ទី និង​ផ្លែស្វាយ ខណៈ​ការនាំចូល​មកវិញ ប្រេង គ្រឿងយន្ត​កសិកម្ម ឧបករណ៍​អេឡិចត្រូនិក សម្ភារ​សំណង់ គ្រឿងសម្អាង និង​ឧបករណ៍ប្រើប្រាស់​ក្នុង​គេហដ្ឋាន​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ ២ ដោយសារ​តែ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង​បន្ត​កើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​»​។

ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​មាន​តម្លៃ​ជាង ៩ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​កើនឡើង​ ៧,១៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ផ្លូវដែក​រវាង​កម្ពុជា និង​ថៃ​ត្រូវ​បាន​តភ្ជាប់​កាលពី​ខែ​មេសា ២០១៩ ដោយមាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុធ ចានអូចា ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការដឹកជញ្ជូន​តាមផ្លូវ​ដែក ប៉ុន្តែ​មកដល់​ពេល​នេះ​ផ្លូវដែក​នេះ​មិន​មាន​សកម្មភាព​ដឹកជញ្ជូន​នៅ​ឡើយ​ទេ​៕ LA