ភ្នំពេញៈ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបជាង ២២ ពាន់លានដុល្លារក្នុងរយៈពេលជិត ៤ ឆ្នាំគិតត្រឹមខែ ៨ ឆ្នាំ ២០១៩ ដែលមានគម្រោងវិនិយោគជាង ៨០០ គម្រោង។ នេះបើតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទិន្នន័យបានបង្ហាញថាចាប់ពីឆ្នាំ ២០១៦ មកទល់ខែសីហា ឆ្នាំ ២០១៩ CDC បានអនុម័តគម្រោងវិនិយោគសរុប ៨៣១ គម្រោងដែលមានទុនវិនិយោគជាង ២២,៥៦ ពាន់លានដុល្លារនាំមុខដោយវិនិយោគិនក្នុងស្រុក និងមកពីប្រទេសចិន។
ទិន្នន័យបង្ហាញថាឆ្នាំ ២០១៦ រដ្ឋាភិបាលបានអនុម័តគម្រោង ១៧១ ស្មើនឹងទុនវិនិយោគ ៣,៦ ពាន់លានដុល្លារឆ្នាំ ២០១៧ មានចំនួន ១៨៣ គម្រោងមានតម្លៃ ៦,៣ ពាន់លានដុល្លារ និងឆ្នាំ ២០១៨ មានចំនួន ២៥៥ គម្រោងស្មើនឹងទុនវិនិយោគ ៦,៤ ពាន់លានដុល្លារ។
ដោយឡែកសម្រាប់រយៈពេល ៨ ខែឆ្នាំ ២០១៩ នេះ CDC បានអនុម័តលើគម្រោងចំនួន ២២២ ដែលមានតម្លៃជាង ៦ ពាន់លានដុល្លារកើនឡើងចំនួន ៨១ គម្រោងស្មើនឹងទុនវិនិយោគចំនួន ១,៨៨ ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
ទិន្នន័យបានឲ្យដឹងទៀតថាក្នុងចំណោមទុនវិនិយោគសរុបមាន ៤៤,៧ ភាគរយជាការបណ្តាក់ទុនពីវិនិយោគិនក្នុងស្រុក ៣៥,៣១ ភាគរយមកពីប្រទេសចិន ៧,៨៧ ភាគរយមកពីជប៉ុន ២,៩៩ ភាគរយមកពីវៀតណាម ១,៨៥ ភាគរយមកពីសិង្ហបុរី ១,៧៩ ភាគរយមកពីកូរ៉េខាងត្បូង ១,៤៨ ភាគរយមកពីម៉ាឡេស៊ី ១,៣៦ ភាគរយមកពីថៃ ២,៤៦៤ ភាគរយ និងមកពីប្រទេសផ្សេងៗ។
ក្នុងរយៈពេលខាងលើសកម្មភាពវិនិយោគក្នុងវិស័យទេសចរណ៍មានភាពលេចធ្លោជាងគេដោយមានចំណែក ៤៧ ភាគរយ វិស័យហេដ្ឋារចនាសម្ព័ន្ធមាន ២៤ ភាគរយ វិស័យឧស្សាហកម្ម និងកម្មន្តសាល ២៣ ភាគរយ និងវិស័យកសិកម្ម និងកសិឧស្សាហកម្មមាន ៦ ភាគរយនៃទំហំវិនិយោគសរុប។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញលោក ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជារបស់ CDC លើកឡើងថា ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ៧,៧ ភាគរយនារយៈពេលជាង ២ ទសវត្សរ៍មកនេះបានធ្វើឲ្យកម្ពុជាទទួលបាននូវកំណើនវិនិយោគទាំងក្នុងស្រុក និងពីបរទេស។
លោកបន្តថាជាមួយគ្នានេះកម្ពុជាក៏បានចុះកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការការពារវិនិយោគជាមួយដៃគូមួយចំនួនដែលកិច្ចព្រមព្រៀងទាំងនោះជាកាតាលីករជំរុញ និងទាក់ទាញអ្នកវិនិយោគពីបរទេសបន្ថែមទៀតមកកម្ពុជា។ គិតមកដល់ពេលនេះកម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគជាមួយប្រទេសដៃគូចំនួន ២៩ ប្រទេស។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះបានប្រកាសដាក់ចេញនូវវិធានការដ៏មុតស្រួចក្នុងគោលដៅដើម្បីធ្វើឲ្យកម្ពុជានៅតែមានសក្តានុពលក្នុងការប្រកួតប្រជែងមានភាពទាក់ទាញ និងធានាបានការនាំយកនូវបច្ចេកវិទ្យាឧស្សាហកម្មថ្មីៗតាមរយៈការចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា»។
លោកអះអាងថាវិធានការទាំងនោះមានដូចជាការជួយសម្រួលបែបបទពាណិជ្ជកម្ម ការកាត់បន្ថយឲ្យបានជាអតិបរមាទាក់ទងថ្លៃដើមផលិត និងការដឹកជញ្ជូនជាដើម។
អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតសម្រាប់កំណើនសកម្មភាពវិនិយោគនៅកម្ពុជាក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយនេះគឺតំបន់សេដ្ឋកិច្ចពិសេស។
គិតត្រឹមខែសីហា ឆ្នាំ ២០១៩ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានប្រតិបត្តិការចំនួន ២៣ តំបន់ក្នុងនោះមានគម្រោងវិនិយោគចំនួន ៤៨២ គម្រោងដែលមានទុនវិនិយោគជាង ៣,៦ ពាន់លានដុល្លារ ហើយទំហំនៃការនាំចេញទំនិញដែលមានប្រភពពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ ១៥ ភាគរយនៃទំហំការនាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០១៨។ នេះបើតាមលោក ជា វុទ្ធី។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា ផ្អែកតាមទិន្នន័យនេះគឺអាចឆ្លុះបញ្ចាំងពីភាពល្អប្រសើរនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់លើច្បាប់ និងបែបបទនៃការធ្វើពាណិជ្ជកម្មជាច្រើន។
លោកបន្តថា ដោយសារកម្ពុជាអាចនឹងមានការបាត់បង់ភាពអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនោះ ដូច្នេះរដ្ឋាភិបាលគួរតែមានគោលនយោបាលលើកទឹកចិត្តដល់អ្នកវិនិយោគ និងធ្វើការកៀរគរចំណូលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកថ្លែងថា៖ «ជាមួយនឹងកំណើនវិនិយោគដែល CDC បង្ហាញនៅពេលនេះកម្ពុជាក៏ត្រូវត្រៀមលក្ខណៈសម្រាប់ស្ថានភាពនៃការប្រែប្រួលការទទួលបានភាពអនុគ្រោះពន្ធពីអឺរ៉ុបផងដែរ»៕ LA