ភ្នំពេញៈ កម្ពុជាផលិតដំឡូងមីបានជាង ១៣ លានតោនកាល ពីឆ្នាំមុន គឺធ្លាក់ចុះជិត ១ ភាគរយធៀបនឹងឆ្នាំ ២០១៧ ទោះបីជាទំហំនៃការដាំដុះបានកើន ៦ ភាគរយ ដល់ ៦៥០ ៥១០ ហិកតានៅទូទាំងប្រទេសក៏ដោយ។ នេះបើតាមតួលេខបានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យបានបង្ហាញថា កាលពីឆ្នាំ ២០១៨ បរិមាណផលដំឡូងមីនៅកម្ពុជាមានចំនួន ១៣ ៧៥០ ០៧៦ តោន ធ្លាក់ចុះបន្តិចពី ១៣ ៨១៧ ២៦២ តោនកាលពីឆ្នាំ ២០១៧។ ការដាំដុះ កើន ៦ ភាគរយពី ៦១២ ៨៦១ ហិកតា ដល់ ៦៥០ ៣១០ ហិកតា។
មន្ដ្រីក្រសួងកសិកម្មរំពឹងថា ការផលិតនឹងមើលឃើញកំណើនចាប់ពីឆ្នាំនេះទៅ ខណៈរោងចក្រកែច្នៃដំឡូងមីថ្មីនៅខេត្តក្រចេះ នឹងត្រូវបញ្ចប់នៅខែឧសភា ឆ្នាំនេះ។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៅក្រសួងកសិកម្ម ឲ្យដឹងថា ការធ្លាក់ចុះទិន្នផលគឺដោយសារតែការប្រែប្រួលអាកាសធាតុ និងការខូចខាតដោយសត្វល្អិត។
ប៉ុន្តែ ដោយមានការចូលមកថ្មីៗរបស់ក្រុមវិនិយោគិន ឧស្សាហកម្មនេះទាំងមូល នឹងមើលឃើញការផ្លាស់ប្តូរជាមួយនឹងផលិតកម្មនឹងកាន់តែខ្ពស់។
លោកថ្លែងថា៖ «ការប្រែប្រួលអាកាសធាតុ និងការបំផ្លាញដោយជំងឺបានធ្វើឲ្យធ្លាក់ចុះទិន្នផល»។ លោកបន្តថា៖ «ប៉ុន្តែវិនិយោគិនថ្មីនឹងចូលមកឧស្សាហកម្មរបស់យើង វានឹងជួយផ្ដល់គ្រាប់ពូជដែលធន់នឹងអាកាសធាតុ ជាមួយនឹងការផ្តល់ទិន្នផលខ្ពស់ និងប្រឆាំងនឹងសត្វល្អិត»។ លោកបន្ថែមថា៖ «ខណៈយើងមានរោងចក្រកែច្នៃក្នុងស្រុក តម្លៃដំឡូងមីរបស់យើង នឹងកាន់តែមានស្ថិរភាព ហើយវានឹងមិនមានការប្រែប្រួលច្រើនដោយពឹងផ្អែកតែលើទីផ្សារជិតខាងទេ»។
ក្រុមហ៊ុន Green Leader Holding Group មានមូលដ្ឋាននៅទីក្រុងហុងកុង និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានចុះកិច្ចព្រមព្រៀងចែករំលែកតម្លៃកាលពីខែសីហាមុន ដើម្បីអនុវត្តគម្រោងមានតម្លៃ ៨០០ ០០០ ដុល្លារ លើការបង្កើនល្បឿនទីផ្សារដំឡូងមី។
គម្រោងនេះនឹងត្រូវការរយៈពេលជិត ៣ ឆ្នាំកន្លះ ដែលទឹកប្រាក់ ៥០០ ០០០ ដុល្លារត្រូវបានផ្តល់ដោយ Green Leader និង ៣០០ ០០០ ដុល្លារដោយ UNDP។
លោក Michael Tse អគ្គនាយកក្រុមហ៊ុន Green Holding បានឲ្យដឹងថា វិស័យដំឡូងមីរបស់ប្រទេសនេះ កំពុងបង្ហាញសក្ដានុពលកំណើន ដោយសារតែកិច្ចសហប្រតិបត្តិការជាមួយ UNDP ដែលធ្វើការងារជាមួយផែនការថ្មីមួយ ជាការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្ដល់បច្ចេកវិទ្យា ព្រមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ។
បច្ចុប្បន្ន Green Leader កំពុងសាងសង់រោងចក្រកែច្នៃដំឡូងមីតម្លៃ ២០ លានដុល្លារ នៅលើផ្ទៃដីទំហំ ២០ ហិកតា នៅស្រុកស្នួលខេត្តក្រចេះ ដែលនឹងត្រូវបញ្ចប់នៅខែឧសភា រោងចក្រនេះនឹងមានសមត្ថភាពកែច្នៃម្សៅដំឡូងមីបាន ១០០ ០០០ តោនក្នុង ១ ឆ្នាំ ជាចំនួនមួយដែលនឹងត្រូវការដំឡូងមីស្រស់ ៤០០ ០០០ តោនពីកសិករក្នុងស្រុក។
លោកបន្តថា៖ «យើងកំពុងបង្កើតសហករណ៍កសិករ ២៧ ជុំវិញរោងចក្រនេះ យើងជួយកសិករមិនគ្រាន់តែការទិញដំឡូងមីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនពួកគេពីរបៀបក្នុងការដាំដុះ និងបង្កើនទិន្នផលផងដែរ»។
លោក ផន រក្ស កសិករមានផ្ទៃដីទំហំ ៣០ ហិកតា នៅខេត្តប៉ៃលិន បានឲ្យដឹងថា ទីផ្សារនៅតំបន់ជាប់ព្រំដែនថៃបច្ចុប្បន្នគឺល្អដែលស្ថិតក្នុងតម្លៃ ២៥០ រៀលក្នុង ១ គីឡូក្រាមសម្រាប់ដំឡូងស្រស់ និង ៧០០ រៀលក្នុង ១ គីឡូក្រាមសម្រាប់ដំឡូងស្ងួត។
លោកថ្លែងថា៖ «យើងអាចរកប្រាក់ចំណេញបានបន្តិចបន្តួច ប៉ុន្តែយើងនៅតែពឹងលើទីផ្សារថៃ»។ លោកបន្ថែមថា៖ «ប៉ុន្តែបើមានតម្រូវការក្នុងស្រុកសម្រាប់កែច្នៃ វានឹងធានាតម្លៃរបស់យើង ហើយយើងជាកសិករនឹងមិនបារម្ភខ្លាំងអំពីទីផ្សារទៀតនោះទេ»៕LA