ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញ​អង្ករស និង​ស្រូវ​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស​ចាប់ពី​ម៉ោង ២៣:៥៩ ​នាទី​ថ្ងៃទី​ ៥ ខែ​មេសា តទៅ ក្រោម​ហេតុផល​ដើម្បី​ធានា​ការផ្គត់ផ្គង់​ក្នុងស្រុក ខណៈ​ដែល​ជំងឺ​កូវីដ​១៩ កំពុង​បន្ត​ការរីករាលដាល​នៅ​កម្ពុជា​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​សភាវិសាមញ្ញ​ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​ ៣០ ខែមីនា នេះ​លោក ហ៊ុន សែន បាន​និយាយថា ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បង្ការ​ជាមុន​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរក្សា​ឲ្យ​បានការ​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​ជំងឺ​កូវីដ​១៩ កំពុង​រាតត្បាត​នៅ​ប្រទេស​ជាច្រើន​រួមទាំង​កម្ពុជា​ផងដែរ​។

លោក​បន្តថា ការសម្រេច​ដាក់ចេញ​នូវ​វិធាន​ការផ្អាក​ការនាំចេញ​ស្រូវ និង​អង្ករស​នាពេល​នេះ​គឺ​ដើម្បី​ធានា​នូវ​ស្ថិរភាព​ស្រូវ​ក្នុង​ស្តុក​ឲ្យ​បានល្អ​ប្រសើរ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់​និយាយ​នៅពេល​នេះ​គឺ​ចេញ​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញ​អង្ករស និង​ស្រូវ​តែ​អនុញ្ញាត​ឲ្យ​នាំចេញ​អង្ករ​ក្រអូប​រហូតដល់​មាន​បទបញ្ជា​ជាថ្មី ដើម្បី​រក្សាទុក​ផ្គត់ផ្គង់​ក្នុងស្រុក ហើយ​ត្រូវ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​ ៥ ខែមេសា ឆ្នាំ​ ២០២០ តទៅ​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ការផ្អាក​ការនាំចេញ​នេះ​នឹង​អនុវត្ត​ចំពោះតែ​អង្ករស និង​ស្រូវ​ដែលមាន​តម្រូវការ​ខ្ពស់​សម្រាប់​ក្នុងស្រុក​ប៉ុណ្ណោះ ហើយ​ចំពោះ​អង្ករ​ក្រអូប​ដែលមាន​ចំនួន​តិច និង​មិនសូវមាន​តម្រូវការ​ក្នុងស្រុក​ច្រើន​នោះ គឺ​អនុញ្ញាត​ឲ្យ​នាំចេញ​ធម្មតា​។

លោក​បន្តថា​៖ «​យើង​ត្រូវតែ​រក្សា​ស្បៀង​នៅក្នុង​ស្រុក​យើង ហើយ​ស្បៀង​នេះ ខ្ញុំ​មិន​សំដៅ​ទៅលើ​ដំឡូងមី ដំឡូង ពោត និង​សណ្តែក​ទេ គឺ​ទៅលើ​អង្ករ​តែម្តង ហើយ​អង្ករ​នេះ​សំដៅ​តែ​អង្ករស និង​ស្រូវ​ប៉ុណ្ណោះ ប៉ុន្តែ​អង្ករ​ក្រអូប​របស់​យើង​ដែល​ចុះ​កុងត្រា​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួន ហើយ​ដែលមាន​បរិមាណ​មិន​ច្រើន គឺ​សុំ​ឲ្យ​នៅ​បន្ត​ការនាំ​ចេញទៅ​ចុះ​»​។

ទាក់ទង​នឹង​ការកំណត់​កាលបរិច្ឆេទ​នៃ​ការបិទ​ការនាំចេញ លោក ហ៊ុន សែន បាន​ពន្យល់ថា ដើម្បី​ទុកពេល​ឲ្យ​ប្រជាជន ឬ​ឈ្មួញ​ដែល​បាន​ប្រមូល​ទិញស្រូវ​រួចហើយ និង​ត្រៀម​នាំទៅ​ប្រទេស​ថៃ និង​វៀតណាម នាំចេញ​ឲ្យ​អស់​នូវ​អ្វីដែល​គាត់​បាន​ប្រមូល​ទិញ​កន្លងមក​។

ក្រៅពីនោះ​លោក​ក៏បាន​ប្រាប់​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​លទ្ធភាព​ទម្លាក់​ប្រាក់កម្ចី​ទៅ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​ទទួល​ទិញ​នូវ​ស្រូវ​អង្ករ​ពី​ប្រជាពលរដ្ឋ​ដែល​កន្លងមក​តែងតែ​លក់​ទៅ​ឲ្យ​ឈ្មួញ​នៅ​ប្រទេសជិតខាង​ផងដែរ​។

លោក​និយាយថា​៖ «​សូម​ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការប្រមូល​ទិញស្រូវ​នៅតាម​ទីកន្លែង​ដែល​ប្រជាជន​ធ្វើការ​ច្រូតកាត់ ហើយ​ត្រូវ​ការលក់​ស្រូវ ប្រមូល​ទិញស្រូវ​ទាំងនោះ​ដោយ​រក្សា​តម្លៃ​ស្រូវ​ឲ្យ​បានល្អ ចៀសវាង​ការបង្អាប់ថ្លៃ ខណៈ​មិនមាន​ឈ្មួញ​មកពី​ប្រទេស​ថៃ និង​វៀតណាម​»​។

លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្អាក​ការនាំចេញ​អង្ក​រស និង​ស្រូវ​នឹង​ជួយ​ឲ្យ​កម្ពុជា​មាន​ស្តុក​ស្រូវ​កាន់តែ​រឹងមាំ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​នានា​លើ​ពិភពលោក​កំពុងមាន​បញ្ហា​ដែល​បណ្តាលមកពី​ការរីករាលដាល​ជំងឺ​កូវីដ ១៩​។

លោក​ថ្លែងថា​៖ «​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​សូម​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងការ​ពង្រីក​ស្តុក​ស្រូវ​ក្នុងស្រុក​ឲ្យ​កាន់តែ​រឹងមាំ និង​បង្ការ​ការខ្វះខាត​ជាយថាហេតុ​ណាមួយ​កើតឡើង​»​។

លោក​បន្តថា ទោះយ៉ាងណា​ការផ្អាក​ការនាំចេញ​អង្ករស​នេះ​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបញ្ជាទិញ​ពី​ប្រទេសមួយ​ចំនួន​ផងដែរ​។ លោក​និយាយថា​៖ «​នេះ​គឺជា​ស្ថានភាព​មួយ​ដែល​យើង​ហៅថា ប្រធាន​ស័ក្តិ ហេតុនេះ​ការចុះ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​មួយចំនួន​នឹងត្រូវ​លើកលែង​»​។

បើតាម​លោក សុខឃាំង ជា​មធ្យម​ការនាំចេញ​អង្ករស​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​បរិមាណ​ប្រហែល ២០ ​ភាគរយ ចំណែក ៨០ ​ភាគរយ​ទៀត​ជា​អង្ករ​ក្រអូប​។

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ការនាំ​អង្ករ​ចេញ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​ប្រមាណ ៥០១ ​លាន​ដុល្លារ​ធ្លាក់ចុះ ៤,៣ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ៥២៤ ​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​ក្នុងនាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្កើន​ការផ្តល់​ទុន​បន្ថែម​ដើម្បី​ឲ្យ​អ្នកប្រមូល​ទិញស្រូវ និង​រោង​ម៉ាស៊ីន​មាន​លទ្ធភាព​កាន់តែ​ច្រើន​នៅក្នុង​ការប្រមូល​ស្រូវ​ពី​ប្រជាកសិករ​យក​មក​ស្តុក​ទុក​។

ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា គិតពី​ដើម​ឆ្នាំ​ ២០២០ រហូតដល់​ថ្ងៃទី​ ២៥ ខែមីនា កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន ២១៤ ៦១២ ​តោន​ក្នុង​នោះ​នាំទៅ​ប្រទេស​ចិន​មាន​បរិមាណ ៩៤ ០៦០ ​តោន ​ទៅ​សហភាព​អឺរ៉ុប​មាន ៦២ ៩៩៨ ​តោន ​ទៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ២៧ ៩៣៧ ​តោន និង​ទិសដៅ​ដទៃទៀត ២៩ ៦១៧ តោន ខណៈ​ការនាំចេញ​ស្រូវ​ទៅ​ប្រទេស​ វៀតណាម ​មាន​បរិមាណ​ ៨៣៦ ៦៩២ ​តោន​។

កាលពី​ឆ្នាំ​ ២០១៩ ការនាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រេចបាន ៦២០ ១០៦ ​តោន​ ធ្លាក់ចុះ ០,៩៧ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន ៦២៦ ២២៥ ​តោន​។ តួលេខ​ឲ្យ​ដឹង​ទៀតថា ការនាំ​ចេញទៅ​ចិន​មាន​ចំណែក​ ៤០,៧៣ ​ភាគរយ​ ស្មើនឹង ២៤៨ ១០៥ ​តោន ទីផ្សារ​អឺរ៉ុប ៣២,០១ ​ភាគរយ ស្មើនឹង ២០២ ៩៩០ ​តោន តំបន់​អាស៊ាន មាន ១៣,៤១ ​ភាគរយ ស្មើ ៨៣ ១៦៤ ​តោន និង​ទិសដៅ​ផ្សេងទៀត​ ១៣,៨៤ ​ភាគរយ ស្មើនឹង ៨៥ ៨៤៧ ​តោន​។ ចំណែក​ការនាំចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​មាន ២,១៥ ​លាន​តោន​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ LA

វីដេអូ៖