ភ្នំពេញៈ អ្នកក្នុងវិស័យវារីវប្បកម្មបានសាទរចំពោះការសម្រេចផ្អាកនាំចូលប្រភេទត្រីដែលវារីវប្បកម្មផលិតបានមួយចំនួន ដោយរំពឹងថា នឹងធ្វើឱ្យប្រជាកសិករចិញ្ចឹមត្រីមានទំនុកចិត្តក្នុងការចិញ្ចឹម និងអាចកាត់បន្ថយផលិតផលនាំចូលដែលមិនមានគុណភាពល្អផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានមួយសម្រេចផ្អាកការនាំចូលត្រីមួយចំនួនដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទាំងត្រីមួយចំនួនទៀតដែលអាចចិញ្ចឹមបានក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាននិយាយថា ការផ្អាកនាំចូលត្រីមួយចំនួនក្នុងពេលនេះ គឺដើម្បីលើកកម្ពស់ទីផ្សារផលិតផលក្នុងស្រុក។ លោកបន្តថា ទន្ទឹមនឹងការជំរុញឱ្យមានវារីវប្បកម្មកាន់តែច្រើននោះ បច្ចុប្បន្នអាជ្ញាធរក៏កំពុងជំរុញ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យវិនិយោគលើរោងចក្រផលិតចំណីសម្រាប់វិស័យវារីវប្បកម្មនៅកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ការសម្រេចផ្អាកនាំចូលនៅពេលនេះ គឺដើម្បីលើកកម្ពស់ទីផ្សារក្នុងស្រុក ប៉ុន្តែយើងនឹងបើកការនាំចូលឡើងវិញនៅពេលដែលមានតម្រូវការខ្ពស់»។
លោកលើកឡើងថា ការបង្កើនការវិនិយោគលើវារីវប្បកម្ម នឹងមិនត្រឹមជួយលើកកម្ពស់ប្រាក់ចំណូលដល់អ្នកចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយដល់អ្នកនៅក្នុងវិស័យពាក់ព័ន្ធផ្សេងៗទៀតដូចជា រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ផលិតកម្មមួយចំនួនឱ្យទទួលបានអត្ថប្រយោជន៍ពីការយកផលិតផលទាំងនោះទៅចូលក្នុងរោងចក្រដើម្បីកែច្នៃជាផលិតផលចំណីត្រីទៀតផង។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១០ ខែមករា ថា ចំណាត់ការរបស់អាជ្ញាធរក្នុងការសម្រេចឱ្យផ្អាកការនាំចូលប្រភេទត្រីមួយចំនួនពីក្រៅប្រទេសនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់អ្នកចិញ្ចឹមក្នុងស្រុក ខណៈការនាំចូលបានធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកជួបនឹងផលវិបាកជាច្រើន ពិសេសនៅពេលប្រមូលផល។
លោកបន្តថា ការនាំចូលផលវារីវប្បកម្មមិនត្រឹមតែធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកជួបបញ្ហាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែផលិតផលមួយចំនួនក៏មិនមានអនាម័យ គុណភាព និងប្រភពនាំចូលដែលអាចធ្វើឱ្យមានបញ្ហាដល់សុខភាពអ្នកបរិភោគផងដែរ។
លោកថ្លែងថា៖ «ក្នុងនាមសមាគមវារីវប្បករកម្ពុជា ខ្ញុំពិតជារីករាយ និងគាំទ្រចំពោះការសម្រេចផ្អាកនាំចូលត្រីមួយចំនួនដែលកំពុងចិញ្ចឹមច្រើននៅកម្ពុជា ដែលនេះជាផ្នែកមួយក្នុងការធ្វើឱ្យកម្ពុជាអាចធានាបានសន្តិសុខស្បៀងសម្រាប់ប្រទេស»។
លោកបន្តថា៖ «ផលវារីវប្បកម្មក្នុងស្រុកគឺជាផលិតផលដែលមានគុណភាពល្អ ព្រោះចំណីដែលផ្តល់ឱ្យត្រីសុទ្ធតែមានគុណភាព និងមានការផលិតត្រឹមត្រូវ ខណៈផលិតផលនាំចូលមួយចំនួនត្រូវគេដឹងថា មិនមានការត្រួតពិនិត្យទៅលើទីតាំងចិញ្ចឹម និងការផ្តល់ចំណីត្រឹមត្រូវនោះទេ»។
ទោះបីយ៉ាងណាលោកក៏បានអំពាវនាវឱ្យអាជ្ញាធរនៅតាមព្រំដែនបង្កើនការត្រួតពិនិត្យត្រីនាំចូលឱ្យបានហ្មត់ចត់ផងដែរ។
លោកបន្ថែមថា ការបង្កើនកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលតាមរយៈការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏កំពុងចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការធ្វើវារីវប្បកម្ម (ការចិញ្ចឹមត្រី និងកង្កែប...) ក្នុងស្រុកផងដែរ។
ខណៈនិន្នាការនៃការធ្វើវារីវប្បកម្មទាំងលក្ខណៈគ្រួសារ និងអាជីវកម្មកំពុងកើនឡើងជាបន្តបន្ទាប់ លោក រ៉ាដែន និយាយថា កម្ពុជាចង់ឃើញមានអ្នកវិនិយោគលើការផលិតចំណីត្រី និងការបញ្ចុះតម្លៃអគ្គិសនីបន្ថែមទៀត។ លោកបញ្ជាក់ថា៖ «ខ្ញុំពិតជាចង់ឃើញអ្នកវិនិយោគច្រើនចូលបណ្តាក់ទុនលើការផលិតចំណីសត្វនៅកម្ពុជា ព្រោះការចំណាយប្រាក់ទិញចំណីពីក្រៅប្រទេសមិនបានផ្តល់ប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចកម្ពុជាឡើយ»។
លោក សុង សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រាប់ថា ការទប់ស្កាត់ការនាំចូលត្រីដែលមានចិញ្ចឹមច្រើននៅកម្ពុជា នឹងជួយធ្វើឱ្យអ្នកចិញ្ចឹមមានទំនុកចិត្ត និងអាចបង្កើនការវិនិយោគ។ លោកអះអាងថា៖ «ការផ្អាកការនាំចូលនឹងធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកកាន់តែមានទំនុកចិត្តលើទីផ្សារ។ ការចិញ្ចឹមក៏អាចមានសម្ទុះឡើងដែរ»។
ទិន្នន័យពីក្រសួងកសិកម្ម បង្ហាញថាក្នុងឆ្នាំ ២០២០ ការប្រមូលផលពីវារីវប្បកម្មសម្រេចបាន ៤០០ ៤០០ តោន កើនឡើង ២៧,៧៩ ភាគរយពីចំនួន ៣០៧ ៤០៨ តោន កាលពីឆ្នាំ ២០១៩៕
វីដេអូ៖