ភ្នំពេញៈ កម្ពុជា​កំពុង​ពន្លឿន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទំនិញ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹងបត់​ (​កម្ពុជា​) ជាមួយនឹង​ច្រក​បានណងអៀន (​ថៃ​) ខណៈដំណើរ​ការសាងសង់​ផ្លូវ​របស់​ប្រទេស​ថៃ​តភ្ជាប់​មក​ច្រកទ្វារ​នេះ សម្រេច​បាន ៧០ ​ភាគរយ​ហើយ​។

កាសែត Bangkok Post បានឱ្យដឹងថា ផ្លូវ​នេះ​មាន ៤ ​គន្លង តភ្ជាប់​ពី​ព្រំដែន​បានណងអៀន​ក្នុង​ខេត្ត​ស្រះកែវ​របស់​ថៃ មក​ព្រំដែន​ស្ទឹង​បត់​ក្នុង​ខេត្តបន្ទាយមានជ័យ​របស់​កម្ពុជា​។

កាសែត Bangkok Post បន្ថែមទៀតថា ផ្លូវ​នេះ​នឹង​ចំណាយ​ថវិកា ២ ពាន់​លាន​បាត (៦៣,៧១ ​លាន​ដុល្លារ​) ​មាន​ប្រវែង​ ២៥ គីឡូម៉ែត្រ ដែល​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន និង​ទេសចរណ៍​ដល់​ភាគី​ទាំង ២​។ ការស្ថាបនា​ផ្លូវ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ​។

លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា សព្វថ្ងៃ​កម្ពុជា​បាននិង​កំពុងដំណើរការ​សាងសង់​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ច្រកព្រំដែន​ស្ទឹង​បត់​យ៉ាង​មមាញឹក​។

លោក​បានឱ្យ​ដឹងថា​៖ «​យើង​កំពុងតែ​ឌីហ្សាញ​ប្លង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ទំនិញ​បណ្តោះអាសន្ន​របស់​យើង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​កំពុង​សាងសង់​។ យើង​ឃើញថា ច្រកព្រំដែន​ប៉ោយប៉ែត​មាន​ការកកស្ទះ​រថយន្ត​ដឹកទំនិញ​យ៉ាងខ្លាំង ដូច្នេះ​ទាមទារ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​សមរម្យ​សម្រាប់​ត្រួតពិនិត្យ​ទំនិញ និង​អ្នកដំណើរ​ចេញចូល​ប្រទេស​ទាំង ២»​។

បើតាម​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ការសាងសង់​គម្រោង​នេះ​ត្រូវ​បាន​ចំណាយ​ថវិកា​ចំនួន ២៦,៨៥ ​លាន​ដុល្លារ ដែលជា​គម្រោង​ឥណទាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិតខាង​ (NEDA)​។

មជ្ឈមណ្ឌល​ប្រឹក្សា​ធុរកិច្ច​កម្ពុជា​ (CBC) ត្រូវ​បង្កើតឡើង​លើកដំបូង​កាលពី​ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ​ ២០២១ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ​សម្រាប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និង​ទេសចរណ៍​រវាង​កម្ពុជា និង​ថៃ​។

បើ​យោងតាម​លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូត​របស់​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​ឱ្យដឹង​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ CBC ថា ដើម្បី​ផ្សព្វផ្សាយ​ការទូត សេដ្ឋកិច្ច លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​បន្ថែមទៀត ការបើក​ដំណើរការ CBC នឹង​ដើរតួ​ជា​ស្ពាន​យ៉ាងសំខាន់​។

លោក​បន្តថា ប្រទេស​ថៃ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​វិនិយោគិន​ធំជាងគេ​ទី​ ៩ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្រូបយក​ប្រហែល ១ ​ពាន់​លាន​ដុល្លារ នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៤ និង​ចុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០១៧​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាង ១ ០០០​ មកពី​ប្រទេស​ថៃ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​មាន​ដូចជា BJC BigC Group of Companies, Siam Cement Group (SCG), Charoen Porkphand Group និង​ក្រុមហ៊ុន​ប្រតិបត្តិករ CP All Public Company ដែល​គ្រោង​នឹង​បើកហាង​លក់ 7-Eleven នៅក្នុង​ប្រទេស​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២១ មាន​ចំនួន​សរុប ២ ០៩៧,៣៤ ​លាន​ដុល្លារ ធ្លាក់ចុះ ២១,៣៦ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ពី​កម្ពុជា​ទៅ​ថៃ មាន ៣២៩,៥៤ លាន​ដុល្លារ ធ្លាក់ ៤៨,៩២ ភាគរយ ខណៈ​ការនាំ​ទំនិញ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​មានតម្លៃ ១ ៧៦៧,៨ លាន​ដុល្លារ ធ្លាក់ ១២,៥៧ ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ប្រទេស​ថៃ​៕ LA