ភ្នំពេញ៖ កម្ពុជា​បាន​និង​កំពុង​ពន្លឿន​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ និង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទំនិញ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ (កម្ពុជា)-បានណងអៀន (ថៃ) ខណៈ​ដំណើរ​ការ​សាងសង់​ផ្លូវ​របស់​ថៃ​តភ្ជាប់​មក​ច្រកទ្វារ​នេះ​ សម្រេច​បាន ៧០ ភាគរយ​ហើយ។

កាសែត Bangkok Post បាន​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​មាន ៤ គន្លង ត​ភ្ជាប់​ពី​ព្រំដែន​បានណងអៀន​នៅ​ខេត្ត​ស្រះកែវ​របស់​ថៃ មក​ព្រំដែន​ស្ទឹង​បត់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​របស់​កម្ពុជា។

កាសែត Bangkok Post បន្ថែម​ទៀត​ថា ផ្លូវ​នេះ​នឹង​ចំណាយ​ថវិកា​ចំនួន ២ ពាន់​លាន​បាត (ប្រហែល ៦៣,៧១ លាន​ដុល្លារ) មាន​ប្រវែង​ប្រហែល ២៥ គីឡូម៉ែត្រ ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ទេស​ចរណ៍​ដល់​ភាគី​ទាំង ២ នាពេល​អនាគត។ ការ​ស្ថាបនា​ផ្លូវ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ។

លោក វ៉ា ស៊ឹមសុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​កម្ពុជា​បាន​និង​កំពុង​ដំណើរការ​សាងសង់​ផ្លូវ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ច្រក​ព្រំដែន​ស្ទឹងបត់​យ៉ាង​មមាញឹក។

លោក​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​តែ​ឌីហ្សាញ​ប្លង់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទំនិញ​បណ្តោះអាសន្ន​របស់​យើង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​កំពុង​សាងសង់។ យើង​ឃើញ​ថា ច្រក​ព្រំដែន​ប៉ោយប៉ែត​មាន​កក​ស្ទះ​រថយន្ត​ដឹក​ទំនិញ​យ៉ាង​ខ្លាំង ដូច្នេះ​ទាមទារ​ឱ្យ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​សមរម្យ​សម្រាប់​ត្រួត​ពិនិត្យ​ទំនិញ និង​អ្នក​ដំណើរ​ចេញ​ចូល​ប្រទេស​ទាំង ២»។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ការ​សាងសង់​គម្រោង​នេះ ត្រូវ​បាន​ចំណាយ​ថវិកា​ចំនួន ២៦, ៨៥ លាន​ដុល្លារ ដែល​ជា​គម្រោង​ឥណទាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ជិត​ខាង (NEDA)។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ មាន​ចំនួន​សរុប ២ ០៩៧,៣៤ លាន​ដុល្លារ ធ្លាក់ចុះ ២១,៣៦ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០។ នេះ​បើ​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ប្រទេស​ថៃ។

ទិន្នន័យ​បង្ហាញ​ថា ក្នុង​នោះ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ មាន​តម្លៃ ៣២៩,៥៤ លាន​ដុល្លារ ធ្លាក់ចុះ ៤៨,៩២ ភាគរយ ខណៈ​ការ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ មក​កម្ពុជា​មាន​តម្លៃ ១ ៧៦៧,៨ លាន​ដុល្លារ ធ្លាក់ ១២,៥៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕