
រថភ្លើងលើអាកាសប្រភេទ Monorail កំពុងចរាចរដឹកអ្នកដំណើរក្នុងទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី។ រូបថត AFP
ភ្នំពេញៈ កម្ពុជាកំពុងពិចារណាជ្រើសរើសយកសេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមខ្សែរថភ្លើង ៣ ប្រភេទ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលកាន់តែមានភាពស្មុគស្មាញក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រី មាសទី១ ឆ្នាំ ២០១៩ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ថានភាពកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញនាពេលនេះកាន់តែមានទំហំកើនឡើងជាបន្តបន្ទាប់ ដែលតម្រូវឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយសាលារាជធានីភ្នំពេញ ត្រូវធ្វើការងារជាច្រើនដូចជា ការសិក្សាពីការកំណត់ផ្លូវឯកទិស ផ្លូវហាមចត និងការសិក្សាពីការសាងសង់ផ្លូវរថភ្លើងអាកាស ឬក្រោមដី។
លោកបានបន្តថា ភ្នំពេញ គឺដល់ពេលដែលត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយពីមធ្យោបាយថ្មីៗ បន្ថែមពីលើរថយន្តក្រុង ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍។
លោកបន្តថា ក្រសួងមានជម្រើសចំនួន ៣ ទាក់ទងនឹងគម្រោងសាងសង់ផ្លូវរថភ្លើងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដែលមានដូចជាប្រភេទរថភ្លើងលើអាកាស (AGT), Monorail និងការសាងសង់រថភ្លើងក្រោមដី។
លោកថ្លែងថា៖ «នៅពេលនេះការសិក្សាទៅលើរថភ្លើងអាកាសប្រភេទ AGT របស់ជប៉ុន គឺបានបញ្ចប់រួចរាល់ហើយ តែទន្ទឹមនឹងនេះយើងក៏ត្រូវធ្វើការប្រៀបធៀបរវាង AGT, Monorail និងរថភ្លើងក្រោមដីថា តើមួយណាមានប្រសិទ្ធភាពជាង? និងមានតម្លៃសមរម្យជាង?»។
បើតាមលោក ស៊ុន ចាន់ថុល ការសិក្សារបស់ក្រុមហ៊ុនជប៉ុនសម្រាប់ AGT បានចប់រួចរាល់ហើយ និងកំពុងស្ថិតនៅក្នុងដំណាក់ការពិភាក្សាគ្នា ខណៈបច្ចុប្បន្នមានក្រុមហ៊ុនចំនួន ២ ទៀត ដែលមកពីប្រទេស ចិន ដោយក្រុមហ៊ុនមួយកំពុងសិក្សាទៅលើគម្រោង Monorail និងក្រុមហ៊ុនមួយទៀតកំពុងសិក្សាទៅលើការសាងសង់រថភ្លើងក្រោមដី។
លោករដ្ឋមន្ត្រីបានពន្យល់ថា Monorail ជាប្រភេទរថភ្លើងប្រើកង់កៅស៊ូ និងមានសំឡេងរំខានតិចតួច និងមានតម្លៃថោកជាង AGT។ ចំណែករថភ្លើងក្រោមដី ត្រូវការចំណាយខ្ពស់ តែមានសោភណភាពល្អជាងគេ។
ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីក៏បានលើកឡើងពីការចំណេញបានប្រាក់រហូតដល់ទៅ ៣០០ លានដុល្លារពីការវិនិយោគលើរថភ្លើងក្រោមដីនៅទីក្រុងហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី។
លោកនិយាយថា កាលពីសប្តាហ៍មុន នៅទីក្រុងហ្សាការតា គេបានដាក់ឲ្យដំណើរការខ្សែរថភ្លើងក្រោមដីដែលមានចម្ងាយ ១៦ គីឡូម៉ែត្រ ដោយចំណាយថវិកាសាងសង់ ១ ២០០ លានដុល្លារ។ តាមការស្រាវជ្រាវ ដោយសារការកកស្ទះចរាចរណ៍ទីក្រុងហ្សាការតាត្រូវបាត់បង់ថវិការហូតដល់ ១ ៥០០ លានដុល្លារក្នុង ១ ឆ្នាំៗ។ ដូច្នេះការសាងសង់រថភ្លើងក្រោមដីនេះ បានធ្វើឲ្យក្រុងហ្សាការតា ចំណេញបាន ៣០០ លានដុល្លារក្នុង ១ ឆ្នាំ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា បានឲ្យដឹងថា ផែនការលម្អិតពីផែនការនេះនៅមិនទាន់មាននៅឡើយទេ។
បច្ចុប្បន្នរដ្ឋាភិបាលបានបង្កើតឲ្យមានសេវាកម្មរថយន្តក្រុង និងកាណូតផងដែរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុល កាលពីខែមិថុនា ឆ្នាំ ២០១៨ ធ្លាប់បាននិយាយថា គម្រោងស្ថាបនាខ្សែររថភ្លើងលើអាកាសក្នុងរាជធានីភ្នំពេញ មុនដំបូងគេនឹងអនុវត្តចាប់ពីស្ថានីយនៅផ្សារធំថ្មីឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយក៏នឹងមានគម្រោងសាងសង់ខ្សែរថភ្លើងលើអាកាសនៅតាមបណ្តោយវិថីសំខាន់ៗមួយចំនួនដូចជា មហាវិថីព្រះមុនីវង្ស កម្ពុជាក្រោម ហ្សាលដឺហ្គោល, ព្រះមុនីរ៉េត និងវេងស្រេងជាដើម៕ LA