The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ពិចារណា​សំណើ​បង្កើន​រថយន្ត​ពី​វៀតណាម

កម្ពុជា​ពិចារណា​សំណើ​បង្កើន​រថយន្ត​ពី​វៀតណាម

រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​គ្រួសារ​ចេញ​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កន្លង​មក​។
រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​គ្រួសារ​ចេញ​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កន្លង​មក​។ ហឹុន ពិសី

កម្ពុជា​ពិចារណា​សំណើ​បង្កើន​រថយន្ត​ពី​វៀតណាម

ភ្នំពេញៈ ​ប្រទេ​ស​កម្ពុជា​កំពុង​ពិ​និ​ត្យ​មើល​សំណើ​ក្នុង​ការ​បង្កើន​កូតា​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ និង​ទំនិញ​ឆ្លង​ព្រំ​ដែន​ចេញ​ពី​បណ្ដា​ប្រទេស​ជិត​ខាង​។​

​ខណៈ​ការ​បង្កើន​កូដតា​រថយន្ត​ពី​ប្រទេស​វៀតណាម ​និង​ថៃ​ឆ្លង​មក​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​​បង្កើន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​សម្រាប់​​ប្រតិបត្តិ​ការ​ក្នុង​ស្រុក​នៅ​ក្នុង​ឧស្សាហ​កម្ម​ដឹក​ជញ្ជូន​។ ​មន្ដ្រី​រដ្ឋាភិបាល​ថ្លែង​ថា វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​។

វៀតណាម​បាន​ស្នើ​បន្ថែម​រថយន្ត​ ១០០ ​គ្រឿ​ង​ទៀត​ជា​ការ​បន្ថែម​លើ​រថយន្ត​បច្ចុប្បន្ន​ដែល​ចំនួន​ ៥០០​ គ្រឿង​ឆ្លង​កាត់​​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នេះ​។​ យោង​តាម​មន្ដ្រី​មក​ពី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ដែល​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស
ថៃ​ក៏បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ពិភាក្សា​ពី​ការ​បង្កើន​កូតា​រថយន្ត​បច្ចុប្បន្ន ​៤០​ គ្រឿង​របស់​ខ្លួន​ឲ្យ​ដល់​៥០០​គ្រឿង​ជា​មួយ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​លោក​បាន​លើក​ឡើង​ថា​៖ «​យើង​កំពុង​ពិភាក្សា​ថា​ តើ​ត្រូវ​យល់​ព្រម​លើ​ការ​ស្នើ​សុំ​របស់​ប្រទេស​វៀតណាម​ដែរ​ឬទេ​ខណៈ​មាន​ការ​បារម្ភ​ថា​ ប្រតិបត្តិករ​ក្នុង​ស្រុក​នឹង​មិន​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ការ​បង្កើន​រថយន្ត​ដឹក​ទំ​និញ ​និង​អ្នក​ដំណើរ​មក​ពី​ប្រទេស​វៀតណាម​នោះទេ»​។ ​​

លោក​ថ្លែង​ថា​៖ «​សម្រាប់​ប្រទេស​ថៃ​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ស្នើ​សុំ​បង្កើន​ឲ្យ​ដល់​​ ៥០០​ គ្រឿង​។ កន្លង​មក​រដ្ឋាភិបាល​ថៃ​មិន​បង្ហាញ​ចំណាប់​អារម្មណ៍​ច្រើន​នៅ​ក្នុង​ការ​ពិភាក្សា​ទ្វេ​ភាគី​ទេ​ទើប​តែថ្មីៗនេះ​ប៉ុណ្ណោះ​»​។ ​

លោក​បាន​បន្ថែម​ថា​ ប្រសិន​បើ​ការ​បង្កើន​កូតា​រថយន្ត​ដល់​៥០០​គ្រឿង​ជាមួយ​ប្រទេស​ ថៃ ​នឹង​មាន​ច្រក​ទា្វរ​ព្រំដែន​កាន់តែ​ច្រើន​ទៀត​បន្ថែម​លើ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត»។

លោ​កបាន​​បន្ថែម​ថា​ ប្រទេស​កម្ពុជា​នឹង​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ដល់​ប្រទេស​វៀតណាម​បន្ទាប់​ពី​ការ​ពិភាក្សា​នៅ​ក្នុង​ក្រសួង​ ហើយ​វា​នឹង​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណា​ស់​មួយ​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា​ និង​ថៃ​ក្នុង​ការ​ពិភាក្សា​ទ្វេភាគី​ស្ដី​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​។​

លោក​លើក​ឡើង​ថា​៖ «​វា​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​មួយឆ្នាំ​ ខណៈ​ដែល​កិច្ច​ប្រជុំ​ផ្លូវ​ការ​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ ​ត្រូវ​ការ​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​(MOU) ​ត្រូវ​បាន​ចុះ​ហត្ថលេខា​»​។​ ​

លោក​បន្ត​ថា​ ​ការ​បង្កើន​ចំនួន​រថយន្ត​ឆ្លង​កាត់​ព្រំដែន​មក​ពី​បណ្ដា​ប្រទេស​ជិត​ខាង​មក​កាន់​កម្ពុជា​មាន​ន័យ​ថា ជា​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​សម្រាប់​សេដ្ឋកិច្ច​រប​ស់​ប្រទេ​ស​​កម្ពុ​ជា​។​

កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទេ្វ​ភាគី​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ថ្នល់​ជា​មួយ​ប្រទេស​វៀតណា​ម​៥០០​គ្រឿង ​ប្រទេស​ឡាវ ​៤០​គ្រឿង​ និង ប្រទេស​ថៃ​៤០​គ្រឿង​។​

លោក ​សុខ​ ចាន់​មុនី​ ប្រធាន​សមាគម​រថយន្ត​ក្រុង​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​ លោ​កមិន​ជំទាស់​នឹង​ការ​បង្កើន​កូដតា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​រវាង​បណ្ដា​ប្រទេស​ជិត​ខាង​នោះ​ទេ ​ប៉ុន្តែ​លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​ប្រាកដ​ថា​ កិច្ច​ព្រមព្រៀង​នេះ​មាន​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​។​ ​

លោក​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​រថយន្ត​មក​ពី​ប្រទេស​ថៃ​អាច​ដឹក​ជញ្ជូន​ទំនិញ​ និង​អ្នក​ដំណើរ​មក​ទី​ក្រុង​ភ្នំពេញ​ និង​​សៀមរាប​ រថយន្ត​មក​ពី​កម្ពុជា​គួរ​តែ​ត្រូវ​បាន​គេ​អនុ​ញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ទៅ​កាន់​ទិសដៅ​​ទេសចរណ៍​ធំ​ពួក​គេ​បាន​ផង​ដែរ​។ ​ប៉ុ​ន្តែ​រហូត​មក​ដល់​ពេល​នេះ​យើង​អាច​ឈប់​បាន​តែ​នៅ​ក្នុង​ទី​ក្រុង​បាង​កក​​តែ​ប៉ុណ្ណោះ​ ហើ​យ​​បា​ន​បង្ខំ​ឲ្យ​​ប្រើ​ប្រាស់​ការដឹ​កជ​ញ្ជូ​ន​ក្នុង​ស្រុក​​របស់​ពួក​គេ​ដើម្បី​ទៅ​ដល់​តំបន់​ទេស​ចរណ៍​ផ្សេង​ទៀត​ រប​ស់​ពួក​គេ​»​។​

លោក​ចាន់ ​មុ​នីលើក​ឡើង​ថា ​ក​ម្ពុជា​មិន​ធ្លាប់​បាន​បង្កើន​កូ​តា​ជា​មួ​យ​ប្រទេសវៀតណាម​នៅឡើ​យទេ​។ ​លោក​បន្ថែម​​ថា​ រដ្ឋាភិបាល​គួរ​តែ​ជំរុ​ញ​ឲ្យមាន​ការ​​នាំចេញ​​​ផលិ​ត​ផល​ក្នុង​ស្រុក​​កាន់​តែ​ច្រើ​ន​​​មុន​ពេល​​ការ​បង្កើ​​ន​ចំនួ​ន​រថ​​យ​ន្ត​​ឆ្លង​កាត់​ព្រំ​ដែន​​មក​ពី​បណ្ដា​​ប្រទេ​ស​​ជិត​ខាង​​​​មក​កាន់​ប្រ​ទេស​ក​ម្ពុ​ជា​។​​

លោក​ ចាន់ ​សុ​ផល​ អ្នក​នាំ​ពា​ក្យ​​សមាគម​សេដ្ឋកិច្ច​កម្ពុជា​បាន​ថ្លែង​ថា​ ​ការប្រកួត​ប្រជែង​គឺ​ចៀស​មិន​រួចទេ​ស​ម្រាប់ ​​ប្រតិបត្តិករ​ដឹក​ជញ្ជូន​ក្នុង​ស្រុក​ដោយ​សារតែ​បណ្ដា​ប្រទេស​ អាស៊ាន​ទាំង​១០​នឹង​ក្លាយ​ទៅ​ជា​ទី​ផ្សារ​តែ​មួយ​នៅ​ក្នុង​ពេល​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ​។​

លោក​ថ្លែង​ថា​៖ ​«​ប្រតិបតិ្តករ​​ជាច្រើន​នឹង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ខណៈ​ដែល​ត្រូវ​ផ្ដល់​អត្ថ​ប្រយោជន៍​សេ​វា​ដល់​អ្នក​ប្រើ​ប្រាស់​។ ​​ក្រុម​​ហ៊ុន​​រក​ស៊ី​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ដែល​មាន​សេវា​ដឹក​ជញ្ជូន​មាន​តម្លៃ​ទាប​ និង​មាន​ប្រសិទ្ធភាព​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​»​។  ​

លោក​ប​ន្ថែម​ថា​៖«​តម្លៃ​ទាប​​និង​សេវា​ដឹក​ជញ្ជូន​កាន់​តែ​មាន​ ប្រសិទ្ធភាព​នឹង​បង្កើន​ល្បឿន​ពាណិជ្ជកម្ម​ទំ​និញ ​និង​ការបង្កើន​​កំណើន​សេដ្ឋកិច្ច​»​៕

អត្ថបទគួរចាប់អារម្មណ៍