
និស្សិតពេទ្យកំពុងរៀនពីរបៀបវះកាត់នៅសកលវិទ្យាល័យសុខាភិបាលមួយក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំទៅ។ Athena Zelandonii
ភ្នំពេញៈ ខណៈមានការលើកឡើងពីមនុស្សយន្ត ម៉ាស៊ីន រ៉េអាក់ទ័រ នុយក្លេអ៊ែរ និងព័ត៌មានវៃឆ្លាតសិប្បនិម្មិតនៅក្នុងការធ្វើបទបង្ហាញមួយក្នុងសន្និសីទបច្ចេកវិទ្យានៅរាជធានីភ្នំពេញកាលពីម្សិលមិញអ្នកជំនាញអះអាងថាកម្ពុជាពិតជាមានភាពយឺតយ៉ាវក្នុងការទទួលយកបច្ចេកវិទ្យាទាំងនេះ ដោយសារតែកង្វះការអប់រំ។
នៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៨ ដែលរៀបចំដោយ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងធនាគារ ANZ Royal ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» កាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាទាក់ទងនឹងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការចំណាយរបស់កម្ពុជាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍នៅតិចនៅឡើយបើធៀបទៅនឹងប្រទេសជិតខាង។
លោកបន្តថាកាលពីឆ្នាំ ២០១៥ កម្ពុជាចំណាយត្រឹម ០,១២ ភាគរយនៃ GDP លើការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ខណៈប្រទេសថៃចំណាយដល់ទៅ ០,៦៣ ភាគរយនៃ GDP និងប្រទេសម៉ាឡេស៊ីបានចំណាយរហូតដល់ទៅ ១,៣ នៃ GDP។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តបង្កើនចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ឲ្យដល់ ០,២០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២០ បន្តចំណាយដល់ ១ ភាគរយនៃ GDP នៅឆ្នាំ ២០២៥ និងដល់ ១,៥ ភាគរយ [នៃ GDP] នៅឆ្នាំ ២០៣០»។
បន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ដ្រី ការពិភាក្សារវាងក្រុមអ្នកជំនាញបច្ចេកវិទ្យាមកពីប្រទេសម៉ាឡេស៊ី កូរ៉េខាងត្បូង និងសិង្ហបុរី ប្រទេសអភិវឌ្ឍន៍បចេ្ចកវិទ្យាភាគច្រើនមួយចំនួននៅក្នុងតំបន់នេះបានផ្ដោតលើប្រធានបទតែមួយគឺ តម្រូវការប្រព័ន្ធអប់រំកាន់តែប្រសើររបស់កម្ពុជា។
លោក សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល CDRI បានឲ្យដឹងថា គោលនយោបាយរបស់រដ្ឋាភិបាលកំពុងជម្នះក្នុងការតាមឲ្យទាន់ភាពរីកចម្រើនថ្មីៗខាងបច្ចេកវិទ្យា ដោយសារតែកង្វះការអប់រំក្នុងចំណោមក្រុមអ្នកបង្កើតច្បាប់។ លោកថ្លែងថា៖ «យើងបានជជែកអំពីការបង្កើតច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិកកាលពីដើមទសវត្សរ៍ ២០០០ ហើយពេលនេះវាគឺឆ្នាំ ២០១៨ ហើយមិនមានច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិកទៀត»។
លោកបន្ថែមថា មន្ដ្រីរដ្ឋាភិបាលមួយចំនួនមិនបានយល់ពីច្បាប់នេះទេ។ អ្នកកំពុងនិយាយជាមូលដ្ឋានអំពីច្បាប់កិច្ចព្រមព្រៀងផ្នែកអ៊ីនធឺណិត។
លោក ឆែម រិទ្ធី ប្រធានប្រតិបត្តិ CDRI បានថ្លែងថា ការជ្រើសរើសកន្លែងផ្តល់មូលនិធិដើម្បីកែលម្អការអប់រំឲ្យមានប្រសិទ្ធភាពនោះគឺពិបាក។
លោកបញ្ជាក់ថា៖ «ធនធានគឺខ្វះគ្រប់កន្លែង យើងទាំងអស់គ្នាអាចធ្វើបានគឺការកែលម្អការអប់រំ នៅពេលណា និងទីកន្លែងណា ដែលវាអាចធ្វើបាន មិនមានចំនួនជាពិសេសដែលរដ្ឋាភិបាលគួរតែបម្រុងមូលនិធិដល់ការអប់រំនោះទេ»។ លោកបន្តថា៖ «ខ្ញុំគិតថាវាមានសារៈសំខាន់ដែលវិស័យឯកជន ចាប់ផ្ដើមវិនិយោគលើប្រព័ន្ធអប់រំផងដែរ ប៉ុន្តែពួកគេត្រូវការលើកទឹកចិត្តក្នុងការធ្វើការវិនិយោគនោះ»។
លោកបន្ថែមថាតាមរយៈការបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រទេសកម្ពុជាអាចផ្ដល់ដល់វិស័យឯកជនជាមួយនឹងកម្មករជំនាញកាន់តែច្រើនដែលទាក់ទាញការវិនិយោគមកពីស្ថាប័នឯកជនដែលចង់ផ្ដល់ការងារដល់និស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ។
លោក Desmond Tay អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា vCargo Cloud មានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានថ្លែងថា៖ «កំណើនសេដ្ឋកិច្ចត្រូវបានជាប់ទាក់ទងជាមួយកំណើនវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា»។
លោកបន្តថា៖ «ការអភិវឌ្ឍនៅលើវិស័យនេះជារឿយៗត្រូវបានផ្ដល់មូលនិធិដោយក្រុមហ៊ុនឯកជន ប៉ុន្តែចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមជាមួយក្រុមអ្នកស្រាវជ្រាវ និងមន្ដ្រីរដ្ឋាភិបាល»៕ LA