ខណៈបច្ចេកវិទ្យាឌីជីថលកំពុងចូលមកក្នុងជីវិតប្រចាំថ្ងៃ និងការងាររបស់ប្រជាជន ការទូទាត់ឌីជីថលកាន់តែមានភាពពេញនិយមដោយសារវាកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាព និងមានសុវត្ថិភាពជាងការកាន់សាច់ប្រាក់។
ប្រទេសកម្ពុជាកំពុងដើរយ៉ាងរហ័សឆ្ពោះទៅរកការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ ជាពិសេសផ្នែកទូទាត់ចល័តដែលគាំទ្រដោយការអភិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យានវានុវត្តន៍ និងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
លោក Vincent Ling អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UnionPay ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍បានជួបសម្ភាសដោយលោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចកាសែតភ្នំពេញប៉ុស្ដិ៍ដើម្បីនិយាយអំពីអាជីវកម្មរបស់ក្រុមហ៊ុន និងដំណោះស្រាយអភិវឌ្ឍការទូទាត់ឌីជីថលនៅកម្ពុជា។
តើលោកអង្កេតឃើញការទូទាត់ឌីជីថលដែលរួមមាន QR កូដ និងការទូទាត់ដោយមិនប្រើកាត (contactless payment) នៅកម្ពុជាមានដំណើរការយ៉ាងដូចម្ដេចដែរ?
QR កូដ ពិតជាមានការងាយស្រួលសម្រាប់ប្រជាជនកម្ពុជា ហើយយើងសម្លឹងឆ្ពោះទៅរកការធ្វើការងារជាមួយធនាគារកាន់តែច្រើន ដើម្បីចេញកាត QR កូដ និងកាត contactless។ ហេតុអ្វីបានជាវាកាន់តែងាយស្រួល ដោយសារការពិតគឺថាការទូទាត់ឌីជីថលមានភាពងាយស្រួលជាងការកាន់សាច់ប្រាក់។
ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញអ្វីៗ នៅពេលនោះអ្នកត្រូវតម្រង់ជួរនៅមុខទូម៉ាស៊ីនអេធីអឹមដើម្បីដកប្រាក់ ដែលធ្វើឲ្យចំណាយពេលវេលា។ យើងនាំយកការទូទាត់ឌីជីថលដែលកាន់តែមានភាពងាយស្រួលដល់ប្រជាជនកម្ពុជា ហើយអ្វីកាន់តែសំខាន់ជាងនេះគឺថា វាមិនគ្រាន់តែជាការងាយស្រួលប៉ុណ្ណោះទេ ខ្ញុំគិតថាការទូទាត់ឌីជីថលគឺរហ័សផងដែរ។
តើលោកមើលឃើញយ៉ាងដូចម្តេចដែរចំពោះថា ក្រុមហ៊ុន UnionPay អាចរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅកម្ពុជា?
ការវិវត្តផ្នែក FinTech របស់យើងត្រូវបានពង្រីកនៅក្នុងតំបន់ទាំងមូល។ នៅអន្តរជាតិ FinTech មជ្ឈមណ្ឌលដ៏ធំគឺជាតំបន់អាស៊ីអាគ្នេយ៍នោះដែលមានគំនិតផ្តួចផ្ដើមជាច្រើននៅក្នុងប្រទេសសិង្ហបុរី ថៃ និងកម្ពុជា។ល។ ហើយក្រុមហ៊ុន UnionPay បានជួយបង្កើតមូលដ្ឋានគ្រឹះនៃអន្តរប្រតិបត្តិការដ៏សំខាន់បំផុតរបស់ FinTech ទាំងអស់។
នៅពេលយើងដាក់ QR តាមភ្នាក់ងារ អ្វីកើតឡើងគឺថាយើងកំពុងយល់ព្រមឲ្យភ្នាក់ងារទាំងនោះធ្វើជាតំណាងឲ្យក្រុមហ៊ុន FinTech។ ដូច្នេះប្រសិនបើ FinTech ធ្វើជាដៃគូជាមួយយើង ពួកគេនឹងអាចប្រើប្រាស់ជាមូលដ្ឋាននូវកាបូបប្រាក់ទូទាត់ ឬកាតនិម្មិតរបស់ពួកគេនៅក្នុងទីតាំងណាមួយទូទាំងពិភពលោក។
បច្ចុប្បន្នក្រុមហ៊ុន UnionPay មានភ្នាក់ងារប្រើប្រាស់ QR ជាង ១៦លាន នៅទូទាំងពិភពលោកដោយមិនរាប់បញ្ចូលប្រទេសចិនដែលអ្នកអាចប្រើប្រាស់កាតបាន។ ប៉ុន្តែអ្វីដែលសំខាន់គឺថា អ្នកនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា FinTech ក៏អាចប្រើប្រាស់បណ្ដាញ contactless តាមភ្នាក់ងាររបស់យើងផងដែរ ដោយសារបច្ចុប្បន្នអ្នកអាចធ្វើការទូទាត់ប្រាក់បានពីរបែប គឺតាមរយៈ QR កូដ និងមួយទៀតគឺ contactless។
ហើយសម្រាប់ contactless យើងមានភ្នាក់ងារចំនួន ១៩ លាន នៅទូទាំងពិភពលោក នោះជាមូលហេតុដែលយើងអាចជួយដល់ FinTech។ ដូច្នេះប្រសិនបើពួកគេធ្វើជាដៃគូជាមួយពួកយើង ពួកគេទទួលបានការទទួលយកភ្លាមៗទូទាំងពិភពលោក និងឆ្លងកាត់ព្រំដែន។
រដ្ឋាភិបាលកម្ពុជាកំពុងកែលម្អសេវាធ្វើដំណើរសាធារណៈតាមរយៈផ្ដល់ជម្រើសជាច្រើនសម្រាប់អ្នកដំណើរដែលចូលចិត្តធ្វើដំណើរតាមរថយន្តក្រុង និងរថភ្លើង។ តើលោកនឹងសម្លឹងមើលឱកាសណាមួយក្នុងការផ្ដល់ QR កូដ ឬការទូទាត់ contactless ជាមួយនឹងបណ្ដាញទាំងនោះដែរឬទេ?
យើងពិតជាចង់ធ្វើដៃគូជាមួយរដ្ឋាភិបាលក្នុងការជួយពួកគេផ្នែកបច្ចេកវិទ្យាទូទាត់នេះ ដើម្បីធ្វើឲ្យការធ្វើដំណើរតាមមធ្យោបាយសាធារណៈមានភាពកាន់តែងាយស្រួល និងប្រសិទ្ធភាព។ យើងសម្លឹងឆ្ពោះទៅរកគម្រោងនេះ ប្រសិនបើគម្រោងទាំងនេះកើតមានឡើង ហើយយើងនឹងចាប់អារម្មណ៍ក្នុងការជួយ និងគាំទ្រហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នដែលមានរួចហើយ ដើម្បីធ្វើឲ្យកាន់តែមានប្រសិទ្ធភាព ហើយយើងក៏អាចទទួលបានអតិថិជនកាន់តែច្រើនដែលជ្រើសរើសយកការទូទាត់ឌីជីថលកាន់តែរហ័ស និងកាន់តែលឿន ដូច្នេះពួកគេអាចរីករាយនឹងអត្ថប្រយោជន៍នៃការទូទាត់ឌីជីថល។
តើលោកយល់យ៉ាងណាដែរចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្របច្ចេកវិទ្យាឌីជីថលបែបនោះនៅកម្ពុជា?
យើងតែងតែនិយាយអំពីការទូទាត់ឌីជីថល។ ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ននៅកម្ពុជាគឺត្រៀមខ្លួនរួចហើយសម្រាប់ការទូទាត់ឌីជីថល។ ប្រទេស កម្ពុជា បានចាប់ផ្ដើមរួចហើយក្នុងការប្រើប្រាស់ QR កូដ។ នៅពេលនេះយើងមានភ្នាក់ងារជាង ៣០០ រួចហើយនៅកម្ពុជា ហើយវានឹងកើនឡើងតាមរយៈដៃគូពាណិជ្ជកម្មរបស់យើង ហើយនៅថ្ងៃណាមួយ អ្នកនឹងដើរលឿនជាងទីផ្សារផ្សេងទៀតនៅក្នុងតំបន់។
នៅពេលនេះយើងសម្លឹងឆ្ពោះទៅរកការបន្តពង្រីកភ្នាក់ងារ QR កូដនៅប្រទេស កម្ពុជា។ ដោយសារការទូទាត់តាម QR កូដគឺមូលដ្ឋានគ្រឹះនៃការទូទាត់ឌីជីថល ទោះបីជាការទូទាត់ contactless នៅតែជាមធ្យោបាយមួយដែលត្រូវធ្វើដំណើរទៅមុខក្តី ខ្ញុំគិតថា QR កូដតំណាងឲ្យមធ្យោបាយនវានុវត្តន៍មួយក្នុងការធ្វើដូច្នេះ។
បច្ចេកវិទ្យានវានុវត្តន៍របស់កម្ពុជាស្ថិតនៅពីក្រោយប្រទេសជិតខាងផ្សេងទៀតដូចជាថៃ និងវៀតណាម តើលោកគិតថា កម្ពុជាអាចក្លាយជាសមាជិកបណ្ដាញការទូទាត់អាស៊ី (AP-N) ដែរឬទេ? តើយើងនឹងទទួលបានអ្វីពីការធ្វើជាសមាជិកនេះ?
ពិតហើយ កម្ពុជាមានឱកាសដ៏ល្អក្នុងការដើរលឿនជាងអ្នកផ្សេងទៀត និងទីផ្សារផ្សេងទៀតលើពិភពលោកដោយសារការពិតដែលថា មិនមានប្រព័ន្ធកេរដំណែលឡើយដែលមានន័យថា មិនមានប្រព័ន្ធចាស់ដែលអតិថិជនស៊ាំនោះទេ។ ដូច្នេះអ្នកអាចធ្វើដំណើរទៅត្រង់ឆ្ពោះទៅរកការទូទាត់ចល័ត ប៉ុន្តែលក្ខខណ្ឌមួយចំនួនត្រូវតែឆ្លើយតប ដើម្បីធ្វើឲ្យវាកើតមានឡើងពិតប្រាកដ។
លក្ខខណ្ឌមួយក្នុងចំណោមនោះគឺថា យើងត្រូវតែធានាថា កម្មវិធីទូទាត់មានអន្តរប្រតិបត្តិការទូទាំងពិភពលោក និងក្នុងឧទាហរណ៍នោះ ក្រុមហ៊ុន UnionPay ជាដៃគូល្អបំផុតមួយសម្រាប់ធ្វើជាប្រតិបត្តិការទូទាត់នៅកម្ពុជា ដូច្នេះពួកគេអាចផ្ដោតលើការចេញកាតទូទាត់ ហើយពួកគេអាចធ្វើការងារជាមួយយើង ដើម្បីឲ្យមានការទទួលយកកាតទូទាត់នៅទូទាំងពិភពលោក។
លក្ខខណ្ឌតូចមួយផ្សេងទៀត គឺត្រូវតែធ្វើជាមួយហេដ្ឋារចនាសម្ព័ន្ធ ប្រហែលជាទូរស័ព្ទចល័ត និងលក្ខខណ្ឌផ្សេងទៀតគឺត្រូវសម្លឹងមើលទៅហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ឧទាហរណ៍ សេវានៅតាមកន្លែងមួយចំនួន។ ប៉ុន្តែសំខាន់បំផុតសម្រាប់ខ្ញុំ និងសម្រាប់កម្ពុជា គឺត្រូវត្រៀមខ្លួនឲ្យហើយ ដើម្បីអប់រំប្រជាជនឲ្យចូលរួមក្នុងការទូទាត់ឌីជីថល៕ LA