ភ្នំពេញៈ ផលិតផល​ខ្មែរ​ជាង ៦០ ​មុខ​នឹងមាន​វត្តមាន​ក្នុង​ពិធី​តាំងពិព័រណ៍​ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើក​ទី​ ៥៤ នៅ​ប្រទេស​ថៃ រយៈពេល ៣ ​ថ្ងៃ​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​គាំទ្រ​មនុស្សធម៌​។

ផលិតផល​ទាំងនោះ​នឹងត្រូវ​បាន​នាំយក​ទៅ​ចូលរួម​កម្មវិធី​តាំងពិព័រណ៍​នោះ​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ដែល​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar លើក​ទី​ ៥៤ ​នេះ​ក្រោម​ប្រធានបទ «​ទិញ​ទំនិញ​ពិភពលោក​នៅ​សាខា​កាកបាទក្រហម​ការទូត​» (Shop the World at the Diplomatic Red Cross Bazaar) ក្រោម​ព្រះរាជាធិបតី​ដ៏ខ្ពង់ខ្ពស់​ព្រះអង្គម្ចាស់​ក្សត្រី​មហាចក្រី សិរិនថន ដោយ​ចាប់ពី​ថ្ងៃ​ទី​ ២៧ ដល់ ២៩ ខែមីនា នៅ​ផ្សារ​ទំនើប Siam Paragon​។

ព្រឹត្តិការណ៍​នេះ​មាន​ស្តង់​នៃ​ផលិតផល​មកពី​ប្រទេស​ចំនួន ៥៥ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ រួមទាំង​កម្ពុជា​ផង​ដែរ​។

ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ឱ្យ​ដឹងថា កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​នេះ ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​ព្រះរាជវង្សានុវង្ស​ក្រោម​គម្រោង​អង្គការ​កាកបាទក្រហម​ថៃ​។ ផលិតផល​ខ្មែរ​ទាំងនោះ​រួមមាន ផលិតផល​អាហារ សិប្បកម្ម និង​គ្រឿងក្រអូប ជាដើម​។

ស្ថានទូត​ខ្មែរ​បន្ថែមទៀត​ថា ថវិកា​ដែល​លក់បាន​ពី​ព្រឹត្តិការណ៍​នេះ​ទាំងអស់​នឹងត្រូវ​បាន​ចំណាយ​លើ​ការទិញ​ឧបករណ៍​វេជ្ជសាស្ត្រ​ជូន​មន្ទីរពេទ្យ និង​មណ្ឌល​ថែទាំ​សុខភាព​នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ប្រទេស​ថៃ​ព្រម​ទាំង​ឧបត្ថម្ភ​ប្រជាជន​ក្រីក្រ​ជួយ​ព្យាបាល​បបូរមាត់​ឆែប និង​ជំងឺ​ពិការ​អវយវៈ​ផ្សេងៗ និង​កាត់​វ៉ែនតា​សម្រាប់​សិស្សសាលា​នៅ​តំបន់​ជនបទ​។

ស្ថានទូត​ខ្មែរ​បានឱ្យ​ដឹង​ទៀតថា​៖ «​ដើម្បី​ចូលរួម​ជំរុញ​សេដ្ឋកិច្ច​ការទូត ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​ និង​វប្បធម៌ ស្ថានទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​បាន​នាំយក​ផលិតផល​ខ្មែរ​ជាង ៦០ ​មុខ​ដាក់តាំង​បង្ហាញ និង​លក់​នៅក្នុង​ព្រឹត្តិការណ៍​នេះ​»​។

សេចក្តី​ជូនដំណឹង​របស់​ផ្សារទំនើប Siam Paragon ឱ្យដឹងថា វា​ជា​លើកដំបូង​ដែល​ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar បានផ្តល់​ជូន​ទាំង​បទពិសោធ​ទាំង​នៅនឹង​កន្លែង​ផ្ទាល់ និង​តាម​អនឡាញ​ដែល​ស្របតាម​វិធានការ​ការពារ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។

សេចក្តី​ជូនដំណឹង​បន្តថា នេះ​ជា​ឱកាស​សម្រាប់​អ្នកទិញ​ទំនិញ​នៅ​ជុំវិញ​ប្រទេស​ថៃ ​ចូលរួម​ពិព័រណ៍​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា​តាមរយៈ​គេហទំព័រ www.dpcredcrossbazaar.com​។

លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ផលិតផល​សមាជិក​លោក​ប្រមាណ ៤០ ​មុខ​ក៏បាន​ចូលរួម​ក្នុង​ការតាំងពិព័រណ៍​នេះដែរ​។ ក្រៅពី​ចូលរួម​មនុស្សធម៌ ផលិតផល​ខ្មែរ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

លោក តាំងប៉ ឱ្យដឹងថា​៖ «​រៀងរាល់​ឆ្នាំ យើង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ យើង​ឃើញថា ផលិតផល​ខ្មែរ​មាន​ការគាំទ្រ​ច្រើន ព្រោះ​ជា​ផលិតផល​មាន​គុណភាព និង​ស្តង់ដា ISO»​។

ព្រឹត្តិការណ៍ Diplomatic Red Cross Bazzar ត្រូវបាន​ប្រារព្ធ​លើកដំបូង​ក្នុង​ឆ្នាំ​ ១៩៦៧ ដែល​បច្ចុប្បន្ន​ព្រឹត្តិការណ៍​នេះ​កំពុង​ទទួលបាន​ជោគជ័យ និង​ពេញនិយម​ក្នុង​ចំណោម​ប្រជាជន​ថៃ និង​ភ្ញៀវទេសចរ​បរទេស​។

Diplomatic Red Cross Bazzar លើក​ទី​ ៥៣ កាលពី​ឆ្នាំ​ ២០២០ មាន​ប្រទេស​ចូលរួម​ ៥៩ ដោយមាន​ផលិតផល​ជាច្រើន​បាន​ចូលរួម​៕ LA