ភ្នំពេញ៖លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​អះអាង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១០ មេសា​នេះ​ថា កម្ពុជា​នឹងមិន​មាន​បញ្ហា​ប្រឈម​នៃ​ការខ្វះខាត​ថវិកា​សម្រាប់​ការចំណាយ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រទេស​ឡើយ បើទោះបី​រាជរដ្ឋាភិបាល​បាននិង​កំពុង​មមាញឹក​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភះ។

ការលើកឡើង​របស់​លោក ហ៊ុន សែន ​បាន​ធ្វើឡើង​ក្នុង​កិច្ចថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា ដោយ​ថ្លែងថា​រដ្ឋាភិបាល​នៅតែ​ទទួលបាន​ពី​ការកៀរគរ​ប្រាក់ចំណូល​ពី​ពន្ធដារ និង​ពន្ធគយ​នៅតែ​បន្ត​រក្សាបាន​កំណើន។ នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​ពី​សំណាក់​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​ដែល​ចោទ​ថា​រដ្ឋាភិបាល​ថា​ការតម្រូវ​ឲ្យ​មន្ត្រីរាជការ​ដាច់ខាត​ត្រូវតែ​ចាក់​វ៉ាក់សាំង បើ​ពុំ​ដូច្នោះ​ទេ​នឹង​​ត្រូវ​លុបចោល​ពី​ក្របខ័ណ្ឌ​ដើម្បី​សន្សំ​ការចំណាយ។

លោក​ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខែមីនា កន្លងទៅ ចំណូល​ថវិកា​ផ្នែក​ពន្ធដា​ទទួលបាន​ជាង ៦០០ លាន​ដុល្លារ និង ផ្នែក​គយ​ទទួលបាន​ជាង ២០០ លាន​ដុល្លារ សរុប​ជាង ៨០០ លាន​ដុល្លារ។ បើ​ពន្ធដារ​គិត​ទាំង​ខែ ១ និង​ខែ ២ បូក​នឹង​ខែ ៣ បាន​ជាង ១ ពាន់​លាន (ដុល្លារ) រួច ទៅ ហើយ​សូម​ផ្តាំ​ទៅ។ ឯ​ផ្នែក​គយ​ទាំង ៣ ខែ​បាន (ចំណូល) ជាង ៦០០ លាន​ដុល្លារ​រួចទៅហើយ។ តើ​រដ្ឋបាល ហ៊ុន សែន ខ្វះ​លុយ​ទេ?»។

លោក​ ហ៊ុន សែន ​បាន​ថ្លែង​បញ្ជាក់ទៀតថា ជាមួយ​នឹង​សាច់ប្រាក់​ដែល​រដ្ឋាភិបាល​មាន​ និង​សន្សំ​គឺ​អាច​ធានា​បើកប្រាក់​បៀវត្ស​ដល់​មន្ត្រីរាជការ​របស់​ខ្លួន​បាន​ជាង ៣ ឆ្នាំ​ទៀត៕