ភ្នំពេញៈ ​ទោះបី​ជា​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ជា​សកល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​កាលពី​ឆ្នាំ ២០២០ ក៏ដោយ ក៏​ប្រទេស​កម្ពុជា​បាន​នាំចេញ​កសិផល​សរុប​ជាង ១៣ លាន​តោន​កាលពី​ឆ្នាំ ២០២០ ឬ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៣,៤ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ក្រសួង​កសិកម្ម​ឲ្យ​ដឹងថា កម្ពុជា​បាន​ផលិត​នូវ​ផលិតផល​កសិកម្ម​សរុប​ជាង ២០ លាន​តោន​កាលពី​ឆ្នាំមុន ក្នុង​នោះ​កម្ពុជា​បាន​នាំចេញ​កសិផល​សរុប​ចំនួន​ជាង ១៣ លាន​តោន ដោយ​រក​ចំណូល​ពី​ការនាំចេញ​ចំនួន​ជាង ៣ ៤៣៣ លាន​ដុល្លារ​កាលពី​ឆ្នាំទៅ។ នេះ​បង្ហាញថា ការនាំចេញ​កសិផល​របស់​កម្ពុជា​បង្ហាញ​កំណើន​ល្អប្រសើរ។

ក្រសួង​កសិកម្ម​បន្ថែម​ថា ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​អង្ករ និង​ស្រូវ​ក្នុង​បរិមាណ​សរុប​ជាង ៣,៥៨ លាន​តោន​ដែលមាន​តម្លៃ​ជាង ១,២៦ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០។ ក្នុងនោះ ការនាំចេញ​ស្រូវ​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ជាង ៧២៣ លាន​ដុល្លារ។

ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិករ​កម្ពុជា ក្រសួង​បាន​ខិតខំ​ជំរុញ​ការចរចា​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​មុខ​ដំណាំ​សំខាន់ៗ ដើម្បី​បើក​ទីផ្សារ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​បំណង​នាំចូល​កសិផល​កម្ពុជា​រហូត​បាន​សម្រេចបាន​ជោគជ័យ​រួចមកហើយ​នាពេល​កន្លង។

ក្នុង​ខែ​មិថុនា ឆ្នាំ២០២០ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន ដោយ​អាច​នាំចេញ​ស្វាយ​ស្រស់ ៥០ ម៉ឺន​តោន​ក្នុង ១ ឆ្នាំ។

ក្រសួង​កសិកម្ម​បន្ថែមថា៖ «ក្រសួង​នឹង​បន្ត​ជំរុញ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​ឯកជន ពិសេស​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម និង​កសិឧស្សាហកម្ម ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់»។

អ្នកស្រី ប៉ាន់ ចន្ទ្រា ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ ថន ជា ស្ថិតនៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ប្រទេស​វៀតណាម​ភាគច្រើន​មាន​តម្រូវការ​ស្រូវ​ប្រភេទ​អង្ករស។ អ្នកស្រី​និយាយថា៖ «យើង​មិន​ចង់​ឲ្យ​មាន​ការនាំចេញ​ស្រូវ​ច្រើនពេក​ទេ​ព្រោះ​រោង​ម៉ាស៊ីនកិនស្រូវ​នឹង​ប្រឈម​កង្វះ​ស្រូវ​កិន​សម្រាប់​នាំចេញ ហើយ​យើង​នាំចេញ​ផលិតផល​សម្រេច​ល្អប្រសើរ​ជាង»។

លោក គី សិរីវឌ្ឍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា សង្កេត​ឃើញ​ថា ការនាំចេញ​កសិផល​របស់​កម្ពុជា​ភាគច្រើន​គឺ​ផលិតផល​ស្រូវ​ដែល​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ជិតខាង​កម្ពុជា។ ជាមួយ​គ្នា​នេះ ផ្លែ​ចេក​ស្រស់ និង​ស្វាយ​ស្រស់​ក៏ត្រូវ​បាន​នាំចេញ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ កាលពី​ឆ្នាំទៅ។

លោក​ថ្លែងថា៖ «ខ្ញុំ​សម្គាល់ថា ការនាំចេញ​កសិផល​របស់​កម្ពុជា ភាគច្រើន​ស្រូវ​ទៅ​ប្រទេស​ជិតខាង​កម្ពុជា​គឺ​ថៃ​និង​វៀតណាម​ហើយ​ផ្លែស្វាយ និង​ចេក​ត្រូវបាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ដូច្នេះ​ការវេចខ្ចប់​ និង​ភូតគាម​អនាម័យ​ត្រូវ​តាម​ស្តង់ដារ​យ៉ាង​ល្អ​ដឹក​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន»។

លោក​ថ្លែង​ទៀតថា ទោះបី​យ៉ាងណា​កម្ពុជា​ចាំបាច់​ជំរុញ​បច្ចេកទេស​បន្ថែមទៀត​ដល់​កសិករ ​ដើម្បី​កសិករ​អាច​ផលិត​ផលិតផល​កសិផល​ត្រឹមត្រូវ​តាម​ស្តង់ដា​សម្រាប់​នាំចេញ។

លោក​និយាយថា៖ «នេះ​បង្ហាញ​ថា​សន្ទុះ​នៃ​ការបើក​ច្រក​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​នាំចេញ​កសិផល​ងើបឡើង​ហើយ តែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយសារ​កសិផល​មួយចំនួន​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់ ហើយ​ត្រូវ​ផ្តល់​បច្ចេកទេស​ទៅដល់​កសិករ​ឲ្យ​ត្រូវ​ស្តង់ដា​នាំចេញ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​កសិករ​គ្រប់រូប​អាច​នាំចេញ​កសិផល ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ជំរុញ​បន្ថែមទៀត»៕