ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាប្រមូលប្រាក់ចំណូលពន្ធបានប្រមាណ ១,៤ ពាន់លានដុល្លារនៅត្រីមាសទី ១ ឆ្នាំ ២០២០ នេះកើនជាង ២៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនដែលមានប្រមាណ ១,១ ពាន់លានដុល្លារ។ ការកើនឡើងប្រាក់ចំណូលពន្ធនេះកើតឡើងមុនពេលប្រទេសទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលបានរំខានដល់តម្រូវការ និងចង្វាក់ផលិតកម្មនៅជុំវិញពិភពលោក។
យោងតាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងថា ចំណូលពីអគ្គនាយកដា្ឋនពន្ធដារមានប្រមាណ ៤៤៥ លានដុល្លារ ចំណែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករមានជាង ៧២៩ លានដុល្លារ។ ប្រាក់ចំណូលបានពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធសម្រេចបាន ១៧៦ លានដុល្លារចំណូលបានពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុមាន ៣០,៥ លានដុល្លារ និងប្រាក់ចំណូលសារពើពន្ធផ្សេងទៀតមាន ៥ លានដុល្លារ។
លោក មាស សុខសែនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំនេះប្រទេសលើពិភពលោក រួមទាំងកម្ពុជាមិនបានរងផលប៉ះពាល់ខ្លាំងដោយការរីករាលដាលជំងឺកូវីដ១៩ទេ ព្រោះសកម្មភាពការនាំចូល និងការនាំចេញនៅតែមាន។
លោកថ្លែងថា៖ «នៅត្រីមាសទី ១ ផលប៉ះពាល់ដោយសារកូវីដ១៩ មិនធ្ងន់ធ្ងរខ្លាំងពេកទេ ដែលនេះជាមូលហេតុធ្វើឲ្យការប្រមូលប្រាក់ចំណូលរបស់យើងបានច្រើន។ ទោះយ៉ាងណា វាបានចាប់ផ្ដើមរងផលប៉ះពាល់ខ្លាំងចាប់ពីដើមត្រីមាសទី ២ ដូច្នេះយើងនឹងមានការធ្លាក់ចុះនៅត្រីមាសទី ២ នេះ»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងសេណារីយោករណីល្អបំផុតបន្ទាប់ពីការហាមឃាត់ការធ្វើដំណើររយៈពេល ២ ខែ និងការធ្លាក់ចុះខ្លាំងតម្រូវការក្នុងស្រុក ដោយសារការរីករាលដាលជំងឺកូវីដ១៩ កម្ពុជាអាចប្រឈមផលប៉ះពាល់ ១,១៥ ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនដែលមានចំនួន ២៨៣,៣ លានដុល្លារ ហើយបើការរីករាលដាលបន្តរយៈពេល ៦ ខែ ផលប៉ះពាល់នឹងមាន ៧១១,៤ លានដុល្លារ។ សម្រាប់ករណីអាក្រក់បំផុតបង្ហាញថា ការខាតបង់សេដ្ឋកិច្ចនឹងមានតម្លៃជិត ១ ពាន់លានដុល្លារនៅក្នុងព្រឹត្តិការណ៍ដែលកម្ពុជាជួបប្រទះការរីករាលដាលលើសពីរយៈពេល ៦ ខែ។
លោក សែនសាន បានប្រាប់ទៀតថា វិស័យសំខាន់ ២ របស់ប្រទេសកម្ពុជាក្នុងចំណោមវិស័យសំខាន់ៗ ៣ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច គឺឧស្សាហកម្ម និងសេវាបានរងផលប៉ះពាល់ខ្លាំងដោយជំងឺនេះ ខណៈវិស័យកសិកម្មមានការកើនឡើងបន្តិចបន្តួច។
លោកលើកឡើងថា៖ «នៅពេលនេះផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្ម និងសេវាដែលជាសសរស្ដម្ភដ៏សំខាន់ ២ នៃសេដ្ឋកិច្ចយើង។ ទន្ទឹមនឹងនេះវិស័យកសិកម្មមិនទទួលរងផលប៉ះពាល់នោះទេ ផ្ទុយទៅវិញវាកើនឡើងបន្តិចបន្តួច។ ទោះយ៉ាងណាកសិកម្មមិនទាន់មានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចទេ»។
លោកឲ្យដឹងថា ទោះជាវិស័យទេសចរណ៍ និងឧស្សាហកម្មបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយវីរុសនេះក៏ដោយ ក៏រដ្ឋាភិបាលនៅតែមានការប្រុងប្រយ័ត្នក្នុងការផ្ដល់ការលើកទឹកចិត្តពន្ធមួយចំនួនដើម្បីរក្សានិរន្តរភាពរបស់វិស័យទាំង ២ នេះក៏ដូចជាការបង្កើតការងារផងដែរ៕LA