ភ្នំពេញៈ កម្ពុជាបានប្រមូលចំណូលពីពន្ធដារ និងពន្ធគយបានប្រមាណ ១,៦៨ ពាន់លានដុល្លារនៅក្នុងរយៈពេល ៣ ខែដំបូងឆ្នាំនេះ ជាប្រភពចំណូលដ៏សំខាន់ដើម្បីជួយគាំទ្រដល់លទ្ធភាពចំណាយរបស់រដ្ឋាភិបាលលើវិស័យសំខាន់ៗ។ នេះបើយោងតាមការឲ្យដឹងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ពីទិន្នន័យប្រភពចំណូលជាតិសំខាន់ទាំង ២ នេះកាលពីសប្តាហ៍មុនក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨។ យោងតាមលោក ហ៊ុន សែន ប្រាក់ចំណូលពីអគ្គនាយកដ្ឋានគយ គិតចាប់ពីខែមករា ដល់ថ្ងៃទី ២៩ ខែមីនា មានចំនួន ៦៦៨ លានដុល្លារ ខណៈប្រាក់ ចំណូលពីអគ្គនាយកដ្ឋានពន្ធដារមានប្រមាណ ៤០០ លានដុល្លារ។
លោកបន្តថា កំណើនប្រាក់ចំណូលនេះនឹងជួយជាប្រភពសំខាន់សម្រាប់ការសន្សំ និងត្រៀមដើម្បីអនុវត្តគម្រោងជាច្រើនដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយដៃគូអន្តរជាតិ ដោយសារថា មានគម្រោងជាច្រើនដែលដៃគូអភិវឌ្ឍន៍ត្រូវឲ្យមានការចូលរួមជាកញ្ចាប់ថវិកាបដិភាគពីរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «បើគ្មានប្រាក់សន្សំទេ សូម្បីតែគម្រោងជំនួយបរទេស ឬ ហិរញ្ញប្បទានបរទេសមក ក៏យើងអនុវត្តអត់បានទេ។ គ្រាន់តែការចុះហត្ថលេខា ៣ ខែនេះ ស្ទើរតែជិត ១០០ លានដុល្លារបាត់ទៅហើយដែល[រដ្ឋាភិបាល] ត្រូវត្រៀមសម្រាប់ជាថវិកាបដិភាគ»។ លោកបន្តថា៖ «[គម្រោងខ្លះ] គេតម្រូវឲ្យយើងចេញបដិភាគដល់ទៅ ២០ ភាគរយ ឬ ៣០ ភាគរយឯណោះ»។
តាមលោកនាយករដ្ឋមន្រ្តី ចំណូលជាតិពីប្រភពសំខាន់ទាំង ២ បានសម្រួលលទ្ធភាពដល់រដ្ឋាភិបាលបើកប្រាក់ខែដល់មន្រ្តីរាជការ បានយ៉ាងទៀងទាត់ និងងាយស្រួល និងរួមចំណែកដើម្បីកាត់បន្ថយការពឹងផ្អែកលើហិរញ្ញប្បទានពីខាងក្រៅ។
លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Investment Management បានឲ្យដឹងថា មានការផ្ដោតយ៉ាងខ្លាំងលើការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយស្ថាប័ន ដែលមិនសូវមានប្រសិទ្ធភាពមួយនេះ ឲ្យវាក្លាយជាអ្នករួមចំណែកដ៏សកម្មនៃចំណែកប្រាក់ចំណូលកាន់តែច្រើនដល់ហិបប្រាក់រដ្ឋាភិបាល និងកាន់តែមានប្រសិទ្ធភាព ដោយសារតែកំណើនសេដ្ឋកិច្ច និងកំណើនពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ មានកំណែទម្រង់យ៉ាងធំនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដោយបានទទួលសមិទ្ធផលដ៏ធំតាមរយៈប្រមូលចំណូលពន្ធ និងការធ្វើពិពិធកម្មនៃមូលដ្ឋានពន្ធ។ អគ្គនាយកដ្ឋាននេះក៏បានបង្កើតការផ្លាស់ប្តូរទម្លាប់របស់ពលរដ្ឋ និងក្រុមហ៊ុន ក្នុងការទទួលយកកាតព្វកិច្ចពន្ធតាមរយៈការពង្រឹងការអនុវត្តការចុះបញ្ជីពន្ធ និងការទូទាត់។
លោកបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជំរុញការធ្វើឲ្យប្រសើរផ្នែកពន្ធគយ ដែលនឹងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស កម្ពុជា លើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ លោកថ្លែងថា៖ «គោលនយោបាយរបស់រដ្ឋាភិបាល គឺកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស និងជំនួយ និងផ្លាស់ប្តូរទៅរកការពឹងលើខ្លួនឯង និងឯករាជភាព»។
លោកបានបន្តថា៖ «កំណើនការវិនិយោគបរទេស កំពុងគាំទ្រដល់ទិសដៅនេះ និងភាពចាស់ទុំនៃក្របខ័ណ្ឌច្បាប់ការប្រមូលពន្ធជាតិ គឺកំពុងរួមចំណែកដ៏សំខាន់ដល់គោលបំណងរបស់រដ្ឋាភិបាល»៕LA