ភ្នំពេញ៖ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​​ឲ្យ​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ក្នុង​ត្រីមាស​ទី១ឆ្នាំ ២០២១ ធ្លាក់​ចុះ​ស្ទើរ ១០០ ភាគរយ បើ​ធៀប​នឹង​ត្រីមាសទី១ ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​គ្រឹះស្ថាន​អង្គរ។

ពី​ខែម​ករា ដល់ ខែ​មីនា ឆ្នាំ​នេះ គ្រឹះស្ថាន​អង្គរ​បាន​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៤ ៤៨២ នាក់ ដែល​មាន​តម្លៃ​ជា​ប្រាក់​ចំនួន ១៨៥ ០៧៩ ដុល្លារ ធ្លាក់​ចុះ ៩៨,៩៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទិន្នន័យ​នេះ ឲ្យ​ដឹង​ថា សម្រាប់​ខែ​មីនា គ្រឹះស្ថាន​អង្គរ​បាន​លក់​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ២៨៨ នាក់ រក​ចំណូល​បាន ១២ ២៥៦ ដុល្លារ ថយ​ចុះ ៩៩,២៨ ភាគរយ ធៀប​នឹង​ខែ​មីនា ឆ្នាំ​មុន។

សំបុត្រ​ចូល​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ ១ ថ្ងៃ មាន​តម្លៃ ៣៧ ដុល្លារ សំបុត្រ ៣ ថ្ងៃ មាន​តម្លៃ ៦២ ដុល្លារ និង​រយៈពេល ៧ ថ្ងៃ តម្លៃ ៧២ ដុល្លារ។ នេះ​បើ​យោង​តាម​តារាង​តម្លៃ​នៅ​គេហទំព័រ​របស់​គ្រឹះស្ថាន​អង្គរ។

ក្នុង​ឆ្នាំ ២០២០ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​សរុប ៤០០ ៨៨៩ នាក់​ធ្លាក់ ៨១,៨២ ភាគរយ ធៀប​ឆ្នាំ ២០១៩។ ជាមួយ​នេះ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន ១៨ ៦៥៤ ៨២៨ ដុល្លារ ធ្លាក់​ចុះ ៨១,១៧ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩។ នេះ​បើ​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ៕