ភ្នំពេញៈ ​កម្ពុជា​រក​ប្រាក់​ចំណូល​បាន​ជាង​ ៣៥ ​លាន​ដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ដ្រ​ដ៏​ល្បីល្បាញ​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល ​៣ ​ខែ​ដំបូង​ឆ្នាំ​នេះ​ដោយ​ធ្លាក់ចុះ​ ​៩,​៣៤ ​ភាគរយ​​ធៀប​នឹង​រយៈពេល​​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​ នេះ​បើ​យោង​តាម​​តួលេខ របស់​​គ្រឹះស្ថាន​អង្គរ​​កាល​ពី​ថ្ងៃ​ម្សិលមិញ។​

មន្ដ្រី​ក្រសួង​ទេសចរណ៍​ បាន​ឲ្យ​ដឹង​ថា​ ការ​ធ្លាក់​ចុះ​ទាំង​ប្រាក់​ចំណូល ​និង​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តំបន់​អង្គរ ​ដោយសារ​តែ​អាកាសធាតុ​ក្ដៅ ​ខណៈ​ភ្ញៀវ​ទេសចរ​បាន​ផ្លាស់​ប្តូរ​ទៅ​ទិស​ដៅ​​ផ្សេង​ទៀត​​​​។​

តួលេខ​បាន​ពី​គ្រឹះស្ថាន​អង្គរ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​កត់ត្រា​ភ្ញៀវ​ទេសចរ​បរទេស​ ៧៨៧ ​៩០០ នាក់​ ​​បាន​មក​ទស្សនា​​តំបន់​ឧទ្យាន​អង្គរ​ចាប់​ពី​​ខែ​មករា ​ដល់​ខែ​មីនា ​ដែល​ចំនួន​នេះ​​​បាន​ធ្លាក់ចុះ​ ៨,​២៣ ​ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ទទួល​បាន​ជាង ​៣៥ ​៩៥២ ​៨៤០ ដុល្លារ ​ធ្លាក់ចុះ ​៩,​៣៤ ​ភាគរយ​។​​

ប្រាសាទ​អង្គរ​ នៅ​តែ​ជា​តំបន់​រក​ចំណូល​​ពី​ភ្ញៀវ​ទេសចរ​ឈាន​មុខ​គេ​ បើ​ធៀប​នឹង​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ល្បី​ឈ្មោះ​ ​២ ​ផ្សេង​ទៀត​របស់​​ប្រទេស ​កម្ពុជា​ គឺ​ប្រាសាទ​ព្រះវិហារ ​​នៅ​​ខេត្ត​ព្រះវិហារ​ និង​តំបន់​ប្រាសាទ​បុរាណ​សំបូរ​ព្រៃគុក ​នៅ​ខេត្ត​កំពង់ធំ​។

លោក ​តុប ​សុភ័ក ​អ្នក​នាំពាក្យ​​ក្រសួង​ទេសចរណ៍ ​បាន​ឲ្យ​​ដឹង​ថា ​ការ​ធ្លាក់​ចុះ​នេះ​គ្រាន់​តែ​ជា​និន្នាការ​ធម្មតា​ប៉ុណ្ណោះ​​ ហើយ​វា​កើត​ឡើង​ដោយ​សារ​ការ​​​ប្រែប្រួល​ទីផ្សារ​ទេសចរណ៍​​។​ ​លោក​​បាន​ថ្លែង​ថា៖ «​វាជា​​និន្នាការ​ធម្មតា​មួយ​​ ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ភ្ញៀវ​ទេសចរ​អាច​ផ្លាស់​ប្តូរ​ទិសដៅ​ទៅ​តំបន់​ឆ្នេរ ឬ​ទៅ​លេង​តំបន់​អេកូ​ទេសចរណ៍»​​។​

លោក​ស្រី ​ឆាយ ​ស៊ីវលីន ​ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​និន្នាការ​​ទេសចរ​​ជា​រួម​​នៅ​តែ​​​រក្សា​ស្ថិរភាព​ ប៉ុន្តែ​អំឡុង​​ពេល​នៃ​ការ​ស្នាក់​នៅ​ត្រូវ​បាន​កាត់​បន្ថយ​។​ លោកស្រី​ថ្លែង​ថា​៖ «​​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​នៅ​តែ​​មាន​ស្ថិរភាព ប៉ុន្តែ​ខ្ញុំ​បាន​កត់​សម្គាល់​​ថា ​ពួក​គេ​បាន​កាត់​បន្ថយ​​រយៈពេល​នៃ​ការ​ស្នាក់នៅ​​ទី​នេះ ​[ទីក្រុងអង្គរ]​»។ ​

លោក​ស្រី​បន្ត​ថា​៖ «​ជា​ធម្មតា​ជន​បរទេស​ស្នាក់​នៅ ​៣ ថ្ងៃ​ តែ​នៅ​ពេល​នេះ​ភាគ​ច្រើន​ពួក​គេ​​ស្នាក់​តែ ​១ ​ថ្ងៃ​ប៉ុណ្ណោះ»។​ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា ​ការ​ធ្លាក់​ចុះ​នេះ​ អាច​ជាប់​ទាក់ទង​នឹង​តម្លៃ​សំបុត្រ​ផង​ដែរ​។​

លោក​ស្រី​ថ្លែង​ថា​៖ «​ខណៈ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​របស់​យើង ​គឺ​មាន​តម្លៃ​ខ្ពស់​បន្តិច ​ភ្ញៀវ​ទេសចរ​ចង់​សាកល្បង​ទិសដៅ​ថ្មី​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​ផង​ដែរ​»។​

ក្រាហ្វិច​ព័ត៌មាន​បង្ហាញ​សូចនាករវិស័យទេសចរណ៍​របស់កម្ពុជា​កាលពីឆ្នាំ​ ២០១៨។ភ្នំពេញ ប៉ុសិ៍្ត

តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​​អង្គរ​សម្រាប់​ជន​បរទេស​ នៅ​ពេល​នេះ​គឺ ​៣៧ ​ដុល្លារ​ម្នាក់​សម្រាប់​សំបុត្រ ​១ ​ថ្ងៃ ៦២ ​ដុល្លារ​សម្រាប់​សំបុត្រ​រយៈពេល ​៣ ថ្ងៃ ​និង ​៧២ ​ដុល្លារ​សម្រាប់​សំបុត្រ ​១ ​សប្ដាហ៍​។ ​កាល​ពី​មុន​តម្លៃ​សំបុត្រ​គឺ ​២០ ​ដុល្លារ​ ៤០ ​ដុល្លារ ​និង ​៦០ ​ដុល្លារ​​។​

លោក​ ធូន​ ស៊ីណាន ​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​មើល​ឃើញ​ថា​ ទីផ្សារ​ទេសចរណ៍​របស់​កម្ពុជា​មិន​មាន​តុល្យភាព​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ផលិតផល​ទេសចរណ៍​កាន់​តែ​ច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ស្នាក់នៅ​​កាន់​តែ​យូរ​ ខណៈ​កង្វះ​ការ​កែ​​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ខេត្ត​សៀមរាប​ គឺ​ជា​បញ្ហា​សម្រាប់​វិស័យ​នេះ​ផង​ដែរ​។​ ​

លោក​ថ្លែង​ថា​៖ «​ខណៈ​យើង​មាន​ភ្ញៀវ​ទេសចរ​ចិន​កាន់​តែ​ច្រើន ​យើង​បាត់បង់​ភ្ញៀវ​ទេសចរ​បរទេស​ផ្សេង​ទៀត ​ដូច​ដែល​យើង​បាន​ដឹង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​»។

លោក​​បន្ត​ថា​​៖ «​ដើម្បី​រក្សា​ភ្ញៀវ​ទេសចរ​របស់​យើង​រដ្ឋាភិបាល​​គួរ​តែ​ព្យាយាម​​ធ្វើ​ឲ្យ​តំបន់​អង្គរ​មាន​ពណ៌​បៃតង​កាន់​តែ​ច្រើន​ ក្នុង​អំឡុង​រដូវ​ប្រាំង ព្រម​ទាំង​សេវា​មាន​គុណភាព​នៅ​ក្នុង​​បរិវេណ​នេះ​ផង​ដែរ​»។​

ប្រទេស​ ​កម្ពុជា ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​សរុប​​ ១,​២៤ ​លាន​នាក់​ក្នុង​អំឡុង​ពេល ​២ ខែ​ដំបូង​ឆ្នាំ​នេះ ​កើន​ឡើង​​ជិត ​១០ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដែល​ត្រូវ​បាន​នាំមុខ​ដោយ​ភ្ញៀវ​ទេសចរ​ចិន​។​ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍។

ទិន្នន័យ​បាន​បង្ហាញ​ថា ​ក្នុង​អំឡុង​ពេល​នេះ ​ប្រទេស ​កម្ពុជា ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ​៤១៨ ៥៧២ នាក់ ​កើន​ឡើង​ ៣១,​៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​​ភ្ញៀវ​​វៀតណាម ​​ឈរ​លំដាប់​លេខ ​២ ដោយ​មាន​ចំនួន ​១២៤ ​២៦៦ ​នាក់៕​ LA