ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​អះអាងថា គិត​មកទល់​នឹង​បច្ចុប្បន្ននេះ​កម្ពុជា​បាន​រក្សា​មាស​ដែល​ជា​ទុនបម្រុង​អន្តរជាតិ​ចំនួន​ ៣៦,៥ ​តោន​ដែល​នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការរិះគន់​ដែលថា មាស​នេះ​ត្រូវបាន​គេ​យក​មក​ទុក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​សរសេរ​ឆ្លើយតប​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ភ្ជាប់​ជាមួយ​នឹង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​អំពី​ចំនួន​មាស​នេះ ដើម្បី​ជា​ការឆ្លើយតប​នៅ​នឹង​ការរិះគន់​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មាន​បងប្អូន​យើង​មួយចំនួន​ចង់ដឹង​អំពី​មាស​ដែលជា​ទុនបម្រុង​របស់​ជាតិ​។ ការចង់​ដឹង​របស់​បងប្អូន​មួយចំនួន​ធំ​មាន​ភាពសុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ​តែ​នៅមាន​ជន​អាក្រក់​មួយចំនួន​តូច​បាននិង​កំពុង​ប្រើប្រាស់​ការបាត់បង់​ដំណឹង​អំពី​មាស​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​ថា ចង់​បន្លំ​យក​មាស​ក្នុង​ពេល​មាន​ជំងឺឆ្លង​កូវីដ​-១៩ ព្រោះ​មិន​ដែល​ឮ​លោក​ ហ៊ុន សែន ​និយាយ​ពី​មាស​នេះ​ទៀត​ទេ​»​។

«​ដើម្បី​ច្បាស់​ពី​មាស​សូម​មើល​ការពន្យល់​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នោះ​បងប្អូន​ប្រាកដ​ជា​យល់​ និង​អបអរសាទរ​ជាមួយ​ទុនបម្រុង​របស់​ជាតិ​យើង​ដែល​កើនឡើង​ជា​លំដាប់​។ ប្រហែល​មួយឆ្នាំ​មុន​ខ្ញុំ​ធ្លាប់​ប្រកាស​ថា​មាស​របស់​យើង​មាន​ ៣០ ​តោន​តែ​តាម​តួលេខ​ថ្មី​នេះ​មាស​របស់​យើង​មាន​ដល់​ ៣៦,៥ ​តោន​។ នេះ​មិនមែន​ជា​មារយាទ​ស្រីកញ្ជើធ្លុះ​ក្នុង​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ​» នេះ​ជា​ការបញ្ជាក់​ពី​លោកនាយក​រដ្ឋមន្ត្រី​។

លោក Alejandro Gonzalez-Davidson ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ស្នើឲ្យ​សាធារណជន​ជួយ​ចែករំលែក​នូវ​សារ​របស់​ខ្លួន​ដោយ​ចង់ដឹង​អំពី​តួលេខ​មាស​ពិតប្រាក​ដដែល​កម្ពុជា​មាន​ដោយ​បាន​​លើកឡើង​នូវ​សម្តី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់មាន​ប្រសាសន៍​កាល​ពី​ខែតុលា ឆ្នាំ​ ២០១៩ ថា កម្ពុជា​បាន​រក្សា​មាស​បម្រុង​ចំនួន​ ៣០ ​តោន តែ​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់​នោះឡើយ​។

លោក​បាន​សរសេរ​ថា​៖ «​សម្ដេច​ជា​ទីស្រឡាញ់​របស់​យើង​បាន​មានប្រសាសន៍​កាលពី​ខែតុលា ឆ្នាំ​ ២០១៩ ​ថា​៖ «​បច្ចុប្បន្ន​កម្ពុជា​មាន​មាស​ ៣០ ​តោន​។ ក្នុងនោះ​ ១២ ​តោន​តម្កល់​នៅ​ប្រទេស​ស្វ៊ីស ១៥ ​តោន​តម្កល់​នៅ​អង់គ្លេស និង​ ៣ ​តោន​ តម្កល់​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។

ខ្ញុំ​ជឿថា យើង​គ្រប់គ្នា​ពិតជា​សប្បាយចិត្ត​ពេលឮ​ព័ត៌មាន​មួយ​នេះ ជាពិសេស​នៅពេល​ដែល​ជំងឺ​កូវីដ​ដ៏កាចសាហាវ​កំពុង​តែ​ធ្វើឲ្យ​ប៉ះពាល់​មក​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ទូទាំង​ពិភពលោក​យ៉ាង​ធ្ងន់ធ្ងរ ហើយ​រដ្ឋ​អាច​នឹង​ខ្វះខាត​លុយ​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​»​។

លោក​ថា កម្ពុជា​មិនបាន​រាយការណ៍​ទៅ​ស្ថាប័ន​អន្តរជាតិ (​រួមទាំង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​ហៅថា IMF) ថា ខ្លួន​មាន​មាស​ ៣០ ​តោន​នោះទេ ប៉ុន្ដែ​ផ្ទុយ​ទៅវិញ​បាន​រាយការណ៍​ថា មាន​ត្រឹមតែ​ ១២,៤ ​តោន​ដោយ​អះអាង​ថា តួលេខ​នេះ​គឺ​វា​ខុសគ្នា​រហូត​ទៅដល់​ ១៧,៥ ​តោន​ដែល​តម្លៃ​ប្រហាក់ប្រហែល​ ១ ​ពាន់​លាន​ដុល្លារ​។

យោងតាម​សេចក្តី​បញ្ជាក់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​បច្ចុប្បន្ន​ទុនបម្រុង​អន្តរជាតិ​ (​រួមមាន​រូបិយប័ណ្ណ​បរទេស​ និង​មាស​) របស់​កម្ពុជា​គិត​ជា​ដុល្លារ​អាមេរិក​ចំនួន ១៩,៥ ប៊ីលាន​គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​ ២០២០​។ ធនាគារជាតិ​វិនិយោគ​លើ​ឧបករណ៍​ដែល​មាន​ស្ថិរភាព​ខ្ពស់​ដូចជា​រូបិយប័ណ្ណ​ខ្លាំង និង​មាស​។

បច្ចុប្បន្ន​ធនាគារជាតិ​នៃ​កម្ពុជា​រក្សា​មាស ៣៦,៥ ​តោន​ដែល​ក្នុងនោះ​រួមមាន​៖ មាស​ដែល​ជា​កេរ​មរតក​តាំង​ពីមុន​សម័យ​សង្គ្រាម​មាន​ចំនួន ១២,៤ ​តោន​ ដែល​កំពុង​រក្សាទុក​នៅ​ប្រទេស​ស្វ៊ីស​។ មាស​ចំនួន ១៤,១ តោន​កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស និង​មាស​ចំនួន​ ១០ ​តោន​ត្រូវបាន​រក្សាទុក​នៅ​កម្ពុជា​។

«​ធនាគារជាតិ​នៃ​កម្ពុជា​មាន​កាតព្វកិច្ច​រាយការណ៍​ជា​ទៀងទាត់​នូវ​រាល់​តួលេខ​នៃ​ទុនបម្រុង​អន្តរជាតិ​នេះ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ជាតិ និង​អន្តរជាតិ​» ​នេះ​បើ​យោង​តាម​សេចក្តី​បញ្ជាក់​របស់​ធនាគារ​ជាតិ​៕