ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹងថា កម្ពុជា​រក្សា​បាន​កម្រិត​អតិផរណា​ទាប​ប្រមាណ​ ៣ ​ភាគរយ​ប៉ុណ្ណោះ​ ក្នុង​រយៈពេល​ជាង​ ៨ ​ខែ​ដើម​ឆ្នាំនេះ បើទោះបី​ជា​សេដ្ឋកិច្ច​បាននិង​កំពុង​ញាំញី ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។

លោក​ ជា ចាន់តូ ទេសាភិបាលធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងប្រាប់​លោក Yasuhisa Ojima តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​ប្រទេស​កម្ពុជា​អំពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​កម្ពុជា​ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ​ ២០២០ នេះ​ដោយ​អតិផរណា​បន្ត​រក្សា​បាន​ក្នុង​កម្រិត​ទាប​ប្រមាណ ៣% ជាមួយ​នឹង​ស្ថិរភាព​ល្អ​នៃ​អត្រា​ប្តូរប្រាក់ ខណៈ​ដែល​ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង និង​មាន​កម្រិត​ស្មើនឹង ១០ ​ខែ​នៃ​ការនាំចូល​ទំនិញ និង​សេវា​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រព័ន្ធ​ធនាគារ​មាន​ភាពរឹងមាំ និង​បានរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការគាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ និង​ជួយ​បន្ធូរបន្ថយ​ការលំបាក​របស់​វិស័យ​នានា និង​ប្រជាជន​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ការរីករាលដាល​ពី​ជំងឺ​កូវីដ​ ១៩ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​»​។

លោក Yasuhisa Ojima បាន​អបអរសាទរ​ចំពោះ​ប្រសិទ្ធភាព​នៃ​ការបង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​របស់​រាជរដ្ឋាភិបាល​។ តំណាង​ឱ្យ IMF លោក​ក៏បាន​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការគាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ដំណាក់កាល​នេះ ស្រប​ពេល​ដែល​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច និង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថា​៖ «IMF ក៏បាន​ត្រៀមខ្លួន​សហការ​ និង​ផ្តល់​ជា​អនុសាសន៍​ក្នុង​ដំណើរ​ការស្តារ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​កំពុងតែ​ងើបឡើង​វិញ​ជា​លំដាប់​»​។

គួររំឭក​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ស្តារ​ និង​ស្រោចស្រង់​សេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម​ចំនួន​ ៥ ​លើក​មក ហើយ​ដែល​ស្មើ​នឹង​កញ្ចប់​ថវិកា​ប្រមាណ​ជា​ ២ ​ពាន់​លាន​ដុល្លារ​។

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករ​ពី​ការធ្លាក់ចុះ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០២០ ក្នុង​រង្វង់​ដក ៤,០​ ភាគរយ​ធៀប​នឹង​ដក ៥,៥ ​ភាគរយ ​នៃ​ការព្យាករ​កាលពី​ខែមិថុនា កន្លង​មក​ដោយ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន​នៃ​ផលិតកម្ម​វិស័យ​កសិកម្ម និង​ការកើនឡើង​នៃ​ការនាំចេញ​ផលិតផល​មិនមែន​សម្លៀកបំពាក់​ដូចជា​កង់ និង​គ្រឿង​អេឡិចត្រូនិក​។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ ADB បានឱ្យ​ដឹងថា ជំងឺ​រាតត្បាត​បណ្ដាល​មកពី​វីរុស​កូរ៉ូណា​ជា​បញ្ហា​ប្រឈម​ពិភពលោក​ដែល​មិន​ធ្លាប់​មាន​ពីមុនមក ប៉ុន្តែ​ជា​សំណាង​ល្អ​ប្រទេស​កម្ពុជា​មិនមាន​វិបត្តិ​ផ្នែក​សុខាភិបាល​នោះទេ​។

លោកស្រី​ថ្លែងថា​៖ «​យើង​រំពឹងថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០២១ ដោយសារ​តែ​កម្លាំង​ជំរុញ​នៃ​គោលយោបាយ​គាំទ្រ​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

លោកស្រី​បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «​វិធានការ​ទាំងនេះ​រួម​ជាមួយ​នឹង​ការកែទម្រង់​រចនាសម្ព័ន្ធ​ដែល​ចាំបាច់ និង​កាត់បន្ថយ​ផលប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​នៃ​កូវីដ​ ១៩ ទៅលើ​គ្រួសារ និង​អាជីវកម្ម​នានា ហើយ​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ស្ទុះ​ងើបឡើង​ខ្លាំង​ជាង​មុន បន្ទាប់ពី​កូវីដ​ ១៩»៕