ភ្នំពេញៈ ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន្ត​ប្តេជ្ញា​ជំរុញ​ពិពិធកម្ម​កសិកម្ម​ ដើម្បី​ឆ្លើយតប​នឹង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ១៩​ក្នុង​គោលដៅ​រក្សា​លំនឹង​ជីវភាព​ និង​ធុរកិច្ច​អាច​បន្ត​រស់រាន​បាន​ក្នុងអំឡុង​វិបត្តិ​សុខភាព​នេះ។

ការប្តេជ្ញា​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំតុមូល​កម្រិត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ ហ្វីលីពីន វៀតណាម និង​ទីម័រ​ខាងកើត​កាលពី​ថ្ងៃទី ២៣ មេសា​រៀបចំ​ដោយ​ធនាគារ​ពិភពលោក​ដែល​សម្របសម្រួល​ដោយ​លោកស្រី Mari Pangestu នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក។

កិច្ចប្រជុំតុមូល​ក៏មាន​ការចូលរួម​ដោយ អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) អគ្គលេខាធិការ​អាស៊ាន​ និង​អង្គការ​ជាតិ និង​អន្តរជាតិ​មួយចំនួន​ទៀត​ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ ២០៣០ ក្រោម​ប្រធានបទ (Building Back Better) ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ ដើម្បី​ពិភាក្សា​លើ​បញ្ហា​នានា និង​ស្វែងរក​ជម្រើស​ និង​សកម្មភាព​ជា​អាទិភាព​ក្នុង​ការធានា​ឲ្យ​បាន​នូវ​និរន្តរភាព​នៃ​សន្តិសុខ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ដឹកនាំ​សហការី​បាន​ចូលរួម​កិច្ចប្រជុំ​តុមូល​នេះ​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​ និង​គោលនយោបាយ​រួចហើយ​ ដើម្បី​ឆ្លើយតប​នឹង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩​ក្នុង​គោលដៅ​រក្សា​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ព្រមទាំង​ខិតខំ​ជួយ​ឱ្យអស់​លទ្ធភាព​ ដើម្បី​ធ្វើឱ្យ​ធុរកិច្ច​ និង​អាជីវកម្ម​អាច​រស់​បាន​ក្នុងអំឡុង​ពេលនេះ។

លោក​ថ្លែងថា៖ «ឆ្លើយតប​ទៅនឹង​ទិសដៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ឱ្យ​អនុវត្ត​កម្មវិធី​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដើម្បី​ដោះស្រាយ​ការងារ​ធ្វើ​ដល់​អ្នក​បាត់បង់​ការងារ​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករ និយោជិត និង​គ្រួសារ​ក្រីក្រ»។

លោក​ថ្លែង​ទៀតថា៖ «រដ្ឋាភិបាល​ក៏​ជួយ​រក​ការងារ​ធ្វើឱ្យ​កម្មករ​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ កម្មវិធី​ផ្តល់ប្រាក់​កម្ចី​ការប្រាក់​ទាប​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​ការផ្តល់​ធនធាន​បន្ថែម​សម្រាប់​ការបង្កើន​ផលិតកម្ម​ស្បៀង និង​ការលើកលែង​ពន្ធ​មួយចំនួនទៀត»។

លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹងថា ទន្ទឹម​នឹង​នេះ​ក្រសួង​កសិកម្ម​បាននិង​កំពុង​អនុវត្ត​គម្រោង​ឆ្លើយតប​បន្ទាន់​ទៅនឹង​ជំងឺ​កូវីត១៩ ស្ថិត​នៅ​ក្រោម​ក្របខ័ណ្ឌ​គម្រោង​ពិពិធកម្ម​កសិកម្ម​កម្ពុជា ដែល​គាំទ្រ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​ធនាគារ​ពិភពលោក។

លោក​មាន​ប្រសាសន៍​ថា៖ «កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​គឺ​ផលិតភាព​កសិកម្ម​នៅ​មាន​កម្រិត​ទាប និង​ការប្រកួតប្រជែង​ទីផ្សារ​នៃ​ផលិតផល​កសិកម្ម​នៅ​ពុំទាន់​ដោះស្រាយ​បាន​ល្អប្រសើរ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​កសិករ​កម្ពុជា​មាន​ការលំបាក»។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ទោះជា​យ៉ាងណា​ក្នុង​បរិកាណ៍​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ក្រសួង​បាន​ផ្តោតលើ​ការងារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែលជា​ការឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ទាំងនេះ​រួមមាន​ជំរុញ​ការអភិវឌ្ឍ​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម​ និង​ដំណាំ​ឧស្សាហកម្ម ដោយ​លើកកម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាព ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់ និង​ទីផ្សារ​ក្នុងស្រុក។

លោក​និយាយ​ថា៖ «ក្រសួង​បាន​រៀបចំ​កសាង​គម្រោង​ផែនការ​ផលិតកម្ម​ស្បៀង ស្រប​តាម​ផែនការមេ​វិស័យ​កសិកម្ម​ឆ្នាំ ២០៣០ និង​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​នេះ ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀងអាហារ​ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ហូបចុក​ក្នុង​ប្រទេស​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​បរិការណ៍​ជំងឺ​កូវីដ១៩​នេះ»៕