ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​វេទិកា ឌីជីថល​កម្ពុជា​លើក​ទី​ ២ ឆ្នាំ​ ២០២០ ស្ថិតក្រោម​ប្រធានបទ «​ទេពកោសល្យ​នៃ​ឌីជីថល​» នៅ​ខែមីនា​ឆ្នាំក្រោយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​ធនធាន​មនុស្ស​ដើម្បី​សម្រេចបាន​ផែនការ​សេដ្ឋកិច្ច​ឌីជីថល​របស់​​រដ្ឋាភិបាល​ត្រឹម​ឆ្នាំ​ ២០២៥​។

លោក កាន ច័ន្ទមេតា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើង​នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ពុធ​ថា ការរៀបចំ វេទិកា ឌីជីថល​កម្ពុជា​លើក​ទី​ ២ ឆ្នាំ​ ២០២០ ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២០ ដល់​ថ្ងៃទី​ ២៣ មីនា ឆ្នាំ​ ២០២០ ដែល​ហៅថា DC 2020​។ កម្ពុជា​​បាន​រៀបចំ​វេទិកា​នេះ​ម្តង​ហើយ​កាលពី​ដើម​ឆ្នាំនេះ​ដែល​បាន​ប្រមូល​ធាតុ​ចូល និង​អនុសាសន៍​ពី​វិស័យ​សំខាន់ ស្ថាប័ន​រដ្ឋាភិបាល និង​ពី​អ្នកជំនាញ​នៅក្នុង​តំបន់​។

លោក​បន្តថា​ចាប់តាំងពី​រដ្ឋាភិបាល​បានកំណត់​ទិសដៅ​ក្នុង​ការប្រែក្លាយ​ជា​រដ្ឋាភិបាល​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​កំណើន​ថ្មី​មក​មាន​តម្រូវការ​ធាតុ​ចូល​ជាច្រើន​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​គោលនយោបាយ និង​ទិសដៅ​បង្ហាញ​ផ្លូវ​សម្រាប់​ការអនុវត្ត និង​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស​។

លោក​ថ្លែងថា​៖ «​តាមរយៈ​​ព្រឹត្តិការណ៍ វា​នឹង​ជំរុញ​យុវជន​ឲ្យ​ផ្តោតលើ​បច្ចេកវិទ្យា​ឌីជីថល​ដែល​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​»​។ លោក​បាន​បន្តថា នៅក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អ្នកជំនាញ​ក្នុង​តំបន់​ដែល​វិស័យ​ឯកជន​អាច​សន្ទនា​ដោយផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី និង​វិស័យ​ឯកជន​ជាច្រើន​ពី​ក្នុង​តំបន់​។

វេទិកា​ឌីជីថល​លើ​ទី​ ១ ត្រូវបាន​ធ្វើឡើង​កាលពី​ខែ​មីនា ឆ្នាំ​ ២០១៩ ដែលមាន​ការប្រមូលផ្តុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​អាជីវកម្ម​បង្កើត​ថ្មី​ជាង​ ១០០ ទូទាំង​ប្រទេស និង​តំបន់​។

កាលពី​ខែតុលា រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​មួយ ដើម្បី​ធ្វើការ​ចងក្រង​សេចក្តីព្រាង​ក្របខ័ណ្ឌ​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មីនា​បាន​ប្រកាស​ផ្តល់​ថវិកា​ ៥ ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​គាំទ្រ​ដល់​ការបង្កើត​អាជីវកម្ម​ថ្មី​ទាក់ទង​នឹង​ហិរញ្ញវត្ថុ បច្ចេកវិទ្យា ជំនាញ​ទីផ្សារ ផលិតកម្ម និង​ការបណ្តុះបណ្តាល​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់​បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី «​គោលនយោបាយ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​» ​កាលពី​ខែ​មីនា​ថា កម្ពុជា​អាច​ត្រូវការ​រយៈពេល​យ៉ាងហោច​ណាស់​ ១០ ​ឆ្នាំ ដើម្បី​អាច​ប្រែក្លាយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​ព័ត៌មាន​។

លោក​បាន​លើកឡើង​ថា សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​កំពុង​លេច​រូបរាង​ជា​បណ្ដើរៗ​ស្របពេល​ដែល​មានការ​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មីៗ ដូចជា​ការប្រើប្រាស់​ការទូទាត់​ឌីជីថល ការកើនឡើង​នូវ​សកម្មភាព​ការកម្សាន្ត​អនឡាញ សកម្មភាព​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាដើម​ស្រប​ពេល​ចំនួន​អ្នក​ប្រើប្រាស់​កំពុង​កើនឡើង និង​កំពុង​សម្រប​ខ្លួន​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​៕