ភ្នំពេញ: កម្ពុជា​រំពឹងថា​នឹង​ទទួល​បាន​ជំនាញ​បន្ថែម​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាមផ្លូវ​ទឹក និង​កំពង់ផែ បន្ទាប់ពី​ចូល​ជា​សមាជិក​ក្នុង​សមាគម​ពិភពលោក​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ហៅ​កាត់​ថា (PIANC)​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។

ការលើកឡើង​នេះ​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្តីពី PIANC ជា​លើកដំបូង​នៅ​កម្ពុជា​ក្រោម​ប្រធានបទ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​កាលពី​ថ្ងៃ​ម្សិលមិញ​។ សិក្ខាសាលា​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​ ២ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ២៤ ដល់ ២៥ ខែ​ តុលា ឆ្នាំ​ ២០១៩​។

PIANC ជា​សមាគម​អន្តរជាតិ​មួយ​ត្រូវបាន​ទទួលស្គាល់​ជា​សកល​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​លើ​ការងារ​លើកកម្ពស់​ការថែរក្សា និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក និង​ការកសាង​កំពង់ផែ​។

បច្ចុប្បន្ន PIANC មាន​សមាជិក​ ៦៥ ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ក្នុង​នោះ​ប្រទេស​ចំនួន ៣៨ ជា​សមាជិក​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ រួមទាំង​កម្ពុជា​ផងដែរ​។

លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា ការដឹកជញ្ជូន​តាមផ្លូវ​ទឹកបាន​ដើរ​តួនាទី​យ៉ាងសំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ លោក​បន្តថា ឆ្លើយតប​នឹង​តម្រូវការ​ខ្ពស់​ក្នុង​ការប្រើប្រាស់​ក្នុងស្រុក វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក និង​កំពង់ផែ​ចាំបាច់​ត្រូវ​បង្កើតឡើង​ទៅតាម​ស្តង់ដា​បច្ចេកទេស​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា សិក្ខាសាលា​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​សហគមន៍​កំពង់ផែ​កម្ពុជា​ចូលរួម​គាំទ្រ និង​សម្រួល​ដល់​លំហូរ​ទំនិញ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ក្នុងស្រុក​»​។

កម្ពុជា​ត្រូវបាន​ទទួល​ស្គាល់​ជា​សមាជិក​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​របស់ PIANC នៅ​​ខែ​កញ្ញា ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​លោក អៀង វ៉េងស៊ុន​។ លោក​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​ការចូលរួម​ជាមួយ PIANC នឹង​ជួយ​បង្កើន​ជំនាញ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ និង​ផ្លូវទឹក​នៅ​កម្ពុជា សម្រាប់​ការតភ្ជាប់​ជាមួយ​កំពង់ផែ និង​សហគមន៍​ដឹកជញ្ជូន​ទូទាំង​ពិភពលោក​»​។

លោក Hiroshi Hayashida អនុប្រធាន PIANC និង​ប្រធាន PIANC-Japan បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា បេសកកម្ម​របស់ PIANC នៅថ្ងៃនេះ ដើម្បី​ផ្តល់នូវ​ជំនាញ​បច្ចេកទេស និង​ការតម្រង់ទិស​ដោយ​អ្នកជំនាញ​អន្តរជាតិ​ល្អ​បំផុត​ព្រមទាំង​វិស័យ​រដ្ឋ និង​ឯកជន​លើ​បញ្ហា​បច្ចេកទេស សេដ្ឋកិច្ច បរិស្ថាន ដែល​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​។

លោក​ថ្លែងថា៖ «​យើង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅវិញ​ទៅមក​ជាមួយ​មិត្ត​កម្ពុជា​រួម​ទាំង​ជាមួយ​សមាគម PIANC​។ សិក្ខាសាលា​ថ្ងៃនេះ​ជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​រវាង PIANC ជាមួយ​កម្ពុជា​ឡើងវិញ​»​។

លោក Hayashida បន្តថា​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ការពង្រឹង​លើ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​បន្ថែមទៀត​។ លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​អភិវឌ្ឍ​កំពង់ផែ ក្រុងព្រះសីហនុ ការអភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ដើម្បី​បម្រើ​ក្នុង​សេវា​ក្នុង​វិស័យនេះ និង​ចំណេះដឹង​ផ្នែក​ប្រតិបត្តិការ​ និង​គ្រប់គ្រង​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ដឹកជញ្ជូន​ទំនិញ​កម្ពុជា​បាន​ឲ្យ​ដឹងថា វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​ដោយ​មិនអាច​ទាក់ទាញ​កប៉ាល់​ធំៗ​បានទេ ខណៈ​សេវា​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​មានតម្លៃ​ខ្ពស់ជាង​ប្រទេស​វៀតណាម និង​ថៃ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​ឃើញ​ថា មាន​កប៉ាល់​តូចៗ ដឹកទំនិញ​កាត់​តាម​កំពង់ផែ​កម្ពុជា យើង​មិនមាន​កប៉ាល់​ធំៗ​ទេ​»​។

លោក​បន្តថា រដ្ឋាភិបាល​គួរ​ជំរុញ​ឲ្យ​មាន​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក ជាជាង​តាម​ផ្លូវគោក​ដែល​ត្រូវ​ចំណាយ​ខ្ពស់ និង​ធ្វើឲ្យ​ខូច​ផ្លូវ​ថែម​ទៀតផង​។ លោក​បន្តថា​៖ «​ការដឹកជញ្ជូន​តាមផ្លូវ​ទឹកសាប​នៅ​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​នោះទេ​»​។

លោក ចាន់ ដារ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​អភិវឌ្ឍ​ក្នុង​វិស័យ​ដឹកជញ្ជូន​។

លោក​ថ្លែងថា​៖ «​ព្រោះ​យើង​មិន​ចង់​ផ្លូវទឹក​យើង​ស្ងាត់ គ្មាន​សកម្មភាព​ទេ សកម្មភាព​ដឹក​ជញ្ជូន​តាមផ្លូវ​ទឹកជា​សកម្មភាព​ដែល​នឹង​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា វា​នឹង​ធ្វើឲ្យ​មាន​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​»៕ LA