
លោក អ៊ំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងនាពេលកន្លងមក។ សហការី
ភ្នំពេញៈ កម្ពុជារំពឹងថា នឹងជំរុញនៃការនាំចេញទំនិញទៅចិនកាន់តែច្រើនបន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ និងការពង្រឹងកិច្ចសហការអភិវឌ្ឍន៍លើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសាស្ត្រ។
MOU នេះត្រូវបានចុះហត្ថលេខារវាងស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន និងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជាពីសប្តាហ៍មុន។
លោក អ៊ំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងថា MoU នេះនឹងជួយពង្រឹងកិច្ចសហការរវាងប្រទេសកម្ពុជា និងចិនឲ្យកាន់តែរឹងមាំលើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសាស្ត្រ។ លោកបន្តថា នៅពេលមានស្តង់ដារូបនីយកម្ម និងមាត្រាសាស្ត្រច្បាស់លាស់ វានឹងធ្វើឲ្យការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ពិសេសប្រទេសចិនមានកំណើនខ្ពស់បន្ថែមទៀត។
លោកថ្លែងថា៖ «នៅពេលដែលគ្រប់សហគ្រាសអាចអនុវត្តបានតាមស្តង់ដាកំណត់ វានឹងជួយធ្វើឲ្យការនាំចេញទំនិញទៅក្រៅប្រទេសមានភាពងាយស្រួល និងមិនមានរបាំងជាឧបសគ្គទៀតទេ»។
ស្តង់ដារូបនីយកម្មជាការធានាបាននូវគុណភាពទំនិញដែលគ្រប់សហគ្រាសផលិតទាំងអស់ត្រូវធ្វើឲ្យផលិតផលរបស់ខ្លួនអនុឡោមតាមស្តង់ដាដែលបានកំណត់។ ចំណែកមាត្រាសាស្ត្រ គឺជារង្វាស់ដែលមានការធានាបាននូវសុចរិតភាពក្នុងការធ្វើពាណិជ្ជកម្ម។
លោកបន្តថា បើទំនិញកម្ពុជាអនុលោមតាមស្តង់ដារបស់ចិន ការនាំទៅចិននឹងមានភាពងាយស្រួល។ លោកបន្តថា៖« នេះជាការបើកច្រកផលិតផល ឬការធ្វើពិពិធកម្មផលិតផលកម្ពុជាទៅកាន់ទីផ្សារបរទេស»។
MoU នេះមានសុពលភាពរយៈពេល ៥ ឆ្នាំ ចាប់ពីពេលចុះហត្ថលេខា៕LA