ភ្នំពេញ៖ វិស័យ​ឯកជន​មាន​សុទិដ្ឋនិយម​ថា ដំណាំ​កសិ-ឧស្សាហកម្ម​ស្វាយ​នឹង​ក្លាយ​ជា​ផលិតផល​មាន​សក្តានុពល​ទីផ្សារ​នាំចេញ​អន្តរជាតិ បន្ទាប់​ពី​ដំណាំ​ចេក​អំបូង។

ការ​បង្ហាញ​សុទិដ្ឋនិយម​នេះ បន្ទាប់​ពី​កម្ពុជា​ និង​ចិន​បាន​រួម​គ្នា​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​ការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី ៧ ឧសភា នៅ​ទីក្រុង​ភ្នំពេញ។

ការ​នាំចេញ​ផ្លូវ​ការ​នេះ បន្ទាប់​ពី​រដ្ឋបាល​គយ​ចិន​កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ​នេះ បាន​អនុម័ត​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៥ អាច​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯក.(Richfarm Asia Co.,Ltd) ដែល​វិនិយោគ​លើ​ដំណាំ​ស្វាយ​កែវរមៀត​នៅ​ខេត្ត​កំពង់ស្ពឺ ជឿជាក់​ថា ផ្លែ​ស្វាយ​កម្ពុជា​នឹង​ក្លាយ​ជា​ដំណាំ​កសិ-ឧស្សាហកម្ម​មួយ​មាន​សក្តានុពល​ទីផ្សារ​ បន្ទាប់​ពី​ដំណាំ​ចេក ក្រោយ​ពី​កម្ពុជា​អាច​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅ​ទីផ្សារ​ចិន។

លោក ហ៊ុន ឡាក់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ខ្ញុំ​គិត​ថា នៅ​ពេល​អនាគត​ដំណាំ​ស្វាយ​នឹង​ក្លាយ​ជា​ដំណាំ​ដែល​មាន​សក្តានុពល​សម្រាប់​នាំចេញ ដូច​នឹង​ដំណាំ​ចេក​ដែរ ព្រោះ​ដំណាំ​ស្វាយ​បាន​និង​កំពុង​ដាំដុះ​ច្រើន​ដែល​ផ្ទៃ​ដី​ប្រមូល​ប្រមាណ ១០ ម៉ឺនហិកតា ហើយ​ផ្តល់​ទិន្នផល​បាន​ជាង ១ លាន​តោន ក្នុង ១ រដូវ ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ពង្រឹង​គុណភាព​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ។ ការ​វិនិយោគ​លើ​រោងចក្រ​វេច​ខ្ចប់​ក៏​នឹង​កើន​ឡើង​នាពេល​ខាង​មុខ​ផង​ដែរ»។

លោក​ឲ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃ​មាន​រោងចក្រ​ប្រព្រឹត្តិកម្ម​កម្ចាត់​ពង​រុយ​ចោះ​ផ្លែ​ស្វាយ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (VHT) និង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ក្តៅ (HWT) ចំនួន ៥ ត្រូវ​បាន​រដ្ឋបាល​គយ​ចិន​បាន​អនុម័ត​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ដែល​រោងចក្រ​ទាំង​នេះ មាន​សមត្ថភាព​វេចខ្ចប់​ក្នុង​បរិមាណ ១០ ម៉ឺន​តោន ក្នុង ១ ឆ្នាំៗ។

លោក​និយាយ​ថា៖ «ក្រុមហ៊ុន​យើង​ខ្ញុំ​មាន​ទស្សន​វិស័យ​អភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធ​ក្នុង​ចម្ការ​ស្វាយ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ​នាំចេញ យើង​នឹង​រៀបចំ​ជា​ប្រព័ន្ធ​តំណក់​ទឹក ដូច​នឹង​ចម្ការ​ចេក ហើយ​នឹង​មាន​រោងចក្រ​សម្អាត​ការ​វេចខ្ចប់ និង​រោងចក្រ​កែច្នៃ​ដំណាប់​ស្វាយ​ផង​ដែរ»។

លោក ហេង ស្រេង អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន​ បឹង កេត ផ្លេនធីង & អ៊ិនដាស​ស្រ្ទៀល ឯ.ក (Boeung Ket Planting & Industrial Co Ltd) ដែល​វិនិយោគ​លើ​ដំណាំ​ស្វាយ ចេក និង​កៅស៊ូ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក​ក៏​បាន​ចូលរួម​កម្មវិធី​សម្ពោធ​ជា​ផ្លូវ​ការ​នៃ​ការ​នាំចេញ​ស្វាយ​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​ផ្ទាល់​ដែរ ដោយ​ក្រុមហ៊ុន​លោក​បាន​នាំចេញ​ផ្លែ​ស្វាយ​ស្រស់ ១ កុង​តឺន័រ ទៅ​ប្រទេស​ចិន ជា​លើក​ដំបូង។

លោក​និយាយ​ថា៖ «ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​យើង​អាច​នាំចេញ​ស្វាយ​ដោយ​ផ្ទាល់​ទៅ​ចិន​ដែល​ជា​ទីផ្សារ​ធំ​នៅ​ក្នុង​តំបន់»។

កាល​ពី​ថ្ងៃទី ៧ ឧសភា​ថា កម្ពុជា​បាន​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​ចិន​ជា​លើក​ដំបូង​ប្រមាណ ១០០ តោន។ រូបថត សហការី

លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​នៃ​ការ​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​កាល​ពី​ថ្ងៃទី ៧ ឧសភា​ថា កម្ពុជា​បាន​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​ចិន​ជា​លើក​ដំបូង​ប្រមាណ ១០០ តោន ដោយ​លោក​ជឿ​ថា បរិមាណ​នាំចេញ​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា៖ «វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ​បាន​និង​កំពុង​ដើរ​តួនាទី​មិន​អាច​ខ្វះ​ដែល​ជា​ស្ពាន​ចម្លង​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស»។

លោក សាខុន បន្ថែម​ថា ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ដែល​មាន​គោលដៅ​សំខាន់​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ដោយ​ជំរុញ​ការ​នាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឲ្យ​បាន ១២ ភាគរយ នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ ២០២៥។

លោក​បន្ថែម​ថា៖ «នេះ​ គឺ​ជា​សមិទ្ធផល​ជោគជ័យ​ប្រកប​ដោយ​ផ្លែផ្កា​ថ្មី​មួយ​ទៀត ដែល​បាន​ប្រសូត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន»។

ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ថា កម្ពុជា​បាន​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ចំនួន ១៤២ ៥៥៦ តោន ក្នុង​រយៈ​ពេល ៤ ខែ​ដំបូង​ ឆ្នាំ ២០២១ កើនឡើង ២៣៩,១៣ ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន។

គិត​ត្រឹម​ឆ្នាំ ២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ស្វាយ​ប្រមាណ ១៣ ម៉ឺន​ហិកតា ក្នុង​នោះ​ផ្ទៃ​ដី​ប្រមូល​ចំនួន ៩១ ១០៤ ហិកតា ដែល​អាច​ផ្តល់​ផល​ជា​មធ្យម​ប្រមាណ​ជាង ១,៣៨ លាន​តោន ក្នុង ១ រដូវ។ នេះ​បើ​តាម​ក្រសួង​កសិកម្ម៕