ភ្នំពេញៈ ការនាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​អាច​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ ២០២០ ខាងមុខ ខណៈ​ក្រុម​អ្នកជំនាញ​ចិន​បាន​វាយតម្លៃ​ជាទូទៅ​ថា ស្វាយ​កម្ពុជា​មាន​គុណភាព​ល្អប្រសើរ​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​កម្ពុជា ជាមួយ​នឹង​អ្នកជំនាញ​មកពី​ប្រទេស​ ចិន​។

ក្រុម​អ្នកជំនាញ​គយ​ប្រទេស​ ចិន (GACC) កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា បានធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ធ្វើការ​ពិនិត្យ​គុណភាព និង​ស្ថានភាព​នៃ​ការដាំដុះ​ដំណាំ​ស្វាយ​មុន​នឹង​សម្រេច​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ទៅ​ចិន​ជា​ផ្លូវការ​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​ជួបប្រជុំ​ជាមួយ​ក្រុម​ជំនាញការ​ផ្នែក​គយ​ចិន​កាលពី​ចុង​សប្តាហ៍​មុន​និយាយ​ថា តាមរយៈ​ការចុះ​មក​អង្កេត សិក្សា និង​វាយតម្លៃ​ជាក់ស្តែង​នៅតាម​ចម្ការ​ស្វាយ​ក្នុង​ខេត្ត​ចំនួន ៥ របស់​កម្ពុជា​ក្រុម​អ្នកជំនាញ​ចិន​បាន​វាយតម្លៃ​ថា ស្ថានភាព​ផ្លែស្វាយ​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ​។

ក្នុងពេល​ចូលរួម​សិក្ខាសាលា​ស្តីពី​ផ្ទះ​អភិរក្ស​ត្រចៀកកាំ​កាលពី​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា​កន្លង​មក​លោក ងិន ឆាយ បាន​ថ្លែងថា​៖ «​បើ​ចិន​មក​ពិនិត្យ​មើលឃើញ​ចម្ការ​ស្វាយ​ល្អ កន្លែង​ធ្វើ​ពិពិធកម្ម​ល្អ​នឹង​អាច​អនុញ្ញាត​ឲ្យ​នាំចេញ​នៅក្នុង​ខែកុម្ភៈ ឬ​ខែ​មីនា​ខាង​មុខ​»​។

លោក វណ្ណ ឫទ្ធី ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Angkor Mango ដែល​ជា​ក្រុមហ៊ុន​ប្រមូល​ទិញ និង​នាំ​ចេញ​ផ្លែស្វាយ​នៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ម្សិលមិញ​បាន​និយាយថា ចិន​ជា​ទីផ្សារ​ធំ តម្រូវការ​ច្រើន និង​មាន​តម្លៃ​ខ្ពស់ ដូច្នេះ​បើ​មាន​ការនាំចេញ​ជា​ផ្លូវការ​នោះ​វា​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក​បន្តថា បច្ចុប្បន្ន​ផ្លែស្វាយ​កម្ពុជា​ក៏​ត្រូវ​មាន​នាំចេញ​ក្រៅ​ផ្លូវការ​ទៅ​ចិន​ដែរ ដោយ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម និង​ថៃ​។ លោក​ថ្លែងថា​៖ «​នៅពេល​មាន​ការនាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន វា​នឹង​ផ្តល់​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​កម្ពុជា ពិសេស​តម្លៃ​»​។

តាម​លោក ងិន ឆាយ កម្ពុជា​បច្ចុប្បន្ន​មាន​ចម្ការ​ស្វាយ​ប្រមាណ​ពី​ ៦ ​ទៅ​ ៧ ​ម៉ឺន​ហិកតា​៕LA