ភ្នំពេញៈ កម្ពុជា​រំពឹងថា​នឹង​មាន​ផលិតផល​កសិកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​ត្រូវ​បាន​នាំទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នាពេល​ខាង​មុខ បន្ទាប់ពី​តំណាង​សមាគម​អ្នក​ផលិត​ចំណី​អាហារ​កម្ពុជា (CFMA) បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន Hyundai Agro (Cambodia)Co.,Ltd ដើម្បី​ពិភាក្សា​ពី​ឱកាស​នាំចេញ​ផលិតផល​មួយចំនួន​ទៅ​ប្រទេស​កូរ៉េ​។

ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្លូវការ​របស់​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​គោលបំណង​ជំរុញ​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​កូរ៉េ​ឲ្យ​បាន​កាន់តែ​ច្រើន​កាលពី​ថ្ងៃទី​ ២ ខែ​កញ្ញា សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា​បាន​ជួប​ជាមួយ​នឹង​តំណាង​ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd នៅ​ការិយាល័យ​របស់ KOTRA ប្រចាំ​នៅ​កម្ពុជា​។ សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ជួយ​ឲ្យ​ផលិតផល​ខ្មែរ​បាន​ទៅដល់​ទីផ្សារ​កូរ៉េ​។

មាន​ផលិតផល​មួយ​ចំនួន​ត្រូវ​បាន​លើក​យកមក​ពិភាក្សា​ក្នុង​ពេល​នោះ​មានដូចជា ទឹកត្រី ទឹក​ស៊ីអ៊ីវ ម្រេច កាហ្វេ ផលិតផល​ពី​ទឹកមាត់​ត្រចៀកកាំ និង​ស្វាយចន្ទី ជាដើម​។

លោក ង៉ែត វុធធឿន ជំនួយការ​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ពិតជា​មាន​មោទនភាព និង​ក្តីរីករាយ​ក្នុង​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​កូរ៉េ ដែល​ជា​ទីផ្សារ​មួយ​មាន​តម្រូវការ​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម​។ លោក​បន្តថា ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ជំនួប​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​នេះ​គ្រាន់តែ​ជា​ជំនួប​លើក​ដំបូង​ប៉ុណ្ណោះ ដោយ Hyundai Agro (Cambodia) Co., Ltd នឹង​យកទៅ​សិក្សា​ពី​គុណភាព​ស្តង់ដា និង​គំរូ​ប៉ាន់​ផ្សេងៗ​មុន​នឹង​យក​ទៅ​ពិភាក្សា​បន្ត​ជាមួយ​អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​កូរ៉េ​»​។

លោក​បន្ថែម​ទៀត​ថា នៅពេល​មាន​ក្រុមហ៊ុន​បញ្ជា​ទិញ​ពី​ប្រទេស​កូរ៉េ ទើប​ក្រុមហ៊ុន​លោក​ធ្វើ​ការងារ​បន្តទៀត​ជាមួយ​អ្នកផ្គត់ផ្គង់​នៅ​កម្ពុជា​។ លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា នៅពេល​ខាង​មុខ​ឆាប់ៗ​នឹង​មាន​ផលិតផល​កម្ពុជា​ជាច្រើន​ត្រូវ​បាន​នាំទៅ​ប្រទេស​កូរ៉េ ដោយ​គ្រាន់​តែ​ត្រូវការ​ពេលវេលា​ដើម្បី​ពិនិត្យ​លើ​ស្តង់ដា​គុណភាព និង​ភូតគាម​អនាម័យ​ប៉ុណ្ណោះ​»​។

ទោះបី​យ៉ាងណា​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈាន​មុនគេ​ក្នុង​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ លោក វុធធឿន បាន​និយាយ​ថា ទន្ទឹម​នឹង​ការខំ​ស្វែងរក​ឱកាស​ពង្រីក​ទីផ្សារ​ផលិតផល​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​នោះ ក្រុមហ៊ុន​វិនិយោគ និង​ប្រជាកសិករ​ដាំដុះ​ក៏ត្រូវ​គិតគូរ​ឲ្យ​បាន​ខ្លាំង​ផងដែរ​ទៅលើ​ពូជ និង​គុណភាព​ផលិតផល​របស់ខ្លួន​ឲ្យ​ស្របតាម​ការចង់​បាន​របស់​ប្រទេស​អ្នកបញ្ជា​ទិញ​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​សូម​ឲ្យ​ប្រជាកសិករ ក៏ដូចជា​អ្នក​ផលិត​ទាំងអស់​ត្រូវ​រៀបចំ​ផលិតផល​របស់ខ្លួន​ឲ្យ​ស្របតាម​ស្តង់ដា​សម្រាប់​នាំចេញ ព្រោះ​កូរ៉េ​ជា​ប្រទេស​ដែល​មាន​តម្រូវការ​ស្តង់ដា​អនាម័យ​ខ្ពស់​ខ្លាំង​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​តំណាង​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា​បាន​ទេ កាលពី​ម្សិលមិញ​។

បច្ចុប្បន្ន​កម្ពុជា និង​កូរ៉េ​កំពុង​ខិតខំ​ជំរុញ​ការចរចា​ស្តីពី​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​គ្នា ដោយ​កិច្ចប្រជុំ​ជុំ​ទី​ ២ ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា បច្ចុប្បន្ន​លោក​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាគម​អ្នក​នាំចូល​ទំនិញ​ប្រទេស​កូរ៉េ (KOIMA) ​ដើម្បី​ជួយ​ជំរុញ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ឲ្យ​មាន​កាន់តែ​ច្រើន​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​ផលិតផល​ម្ហូបអាហារ​ដែល​កម្ពុជា​កំពុង​នាំចូល​កូរ៉េ​មាន​ដូចជា ផ្លែស្វាយ គល់​ស្លឹកគ្រៃ និង​ស្លឹក​ក្រូច​ជាដើម​។ លោក​បន្ថែមថា កូរ៉េ​ជា​ទីផ្សារ​ធំ ប៉ុន្តែ​មាន​ការរឹតត្បិត​ខ្លាំង​។

លោក​ប្រាប់ថា​៖​ «​ផលិតផល​ដែល​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា​លើក​យក​ពិភាក្សា​រក​ទីផ្សារ​នេះ សុទ្ធតែ​មាន​តម្រូវការ​ខ្ពស់​នៅ​កូរ៉េ ហេតុនេះ​ខ្ញុំ​គិតថា វា​អាច​នឹង​ទៅរួច​ក្នុងពេល​ឆាប់ៗ​។ ទោះ​យ៉ាងណា​កម្ពុជា​ក៏ត្រូវ​គិតគូរ​ពី​គុណភាព អនាម័យ និង​ការវេចខ្ចប់​ផងដែរ​»​។

កាលពី​ឆ្នាំ​ ២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង ២ មាន​តម្លៃ​ជាង ១ ​ពាន់​លាន​ដុល្លារ​ កើន​ជាង ៣៦ ​ភាគរយ ​ធៀប​នឹង ៧៥៦ លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ទិន្នន័យ​ពី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ​៕