ភ្នំពេញៈ កម្ពុជា​រំពឹងថា​នឹង​អាច​នាំចេញ​ផល​វារីវប្បកម្ម​របស់​ខ្លួន​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ខាងមុខ ខណៈ​ការនាំចេញ​កន្លងមក​គឺជា​ផលិតផល​នេសាទ​ធម្មជាតិ​។ នេះ​បើ​យោងតាម​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ជលផល​។

លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ ថា​បច្ចុប្បន្ន​កម្ពុជា​កំពុង​ធ្វើ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើន​ការវិនិយោគ​លើ​វារីវប្បកម្ម​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែមទៀត ដើម្បី​លើកកម្ពស់​សមត្ថភាព​នាំចេញ​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​បន្តថា កន្លងមក​កម្ពុជា​ក៏បាន​នាំចេញ​ផល​វារីវប្បកម្ម (​ត្រី​ទីឡាព្យ៉ា​) សាកល្បង​ទៅកាន់​ប្រទេស​ជិតខាង និង​ទៅ​ប្រទេស​ជប៉ុន​រួចហើយ តែ​មិនទាន់​មាន​ការនាំចេញ​ជា​ផ្លូវការ​ទេ​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ខាងមុខ ផលិតផល​ពី​វារីវប្បកម្ម​ខ្មែរ​នឹង​ត្រូវបាន​នាំចេញ​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន​ជាដើម​»​។

លោក​បន្តថា ដើម្បី​អាច​នាំចេញ​ផល​វារីវប្បកម្ម កម្ពុជា​ចាំបាច់​ត្រូវតែ​ខិតខំ​ពង្រីក​ការចិញ្ចឹម​ត្រី និង​គុណភាព​អនាម័យ​ឲ្យ​បាន​ស្របតាម​កម្រិត​ស្តង់ដា​​ក្នុងស្រុក និង​នាំចេញ​។ លោក​បន្តថា​៖ «​ជាមួយ​នឹង​កំណើន​ប្រជាជន​ជា​រៀងរាល់​ថ្ងៃ​កម្ពុជា​ក៏ត្រូវ​ខិតខំ​ក្នុង​ការពង្រឹង​ការវិនិយោគ​លើ​វារីវប្បកម្ម​បន្ថែមទៀត ដើម្បី​បំពេញ​កំណើន​តម្រូវការ​ក្នុងស្រុក​នឹង​ឈាន​ឆ្ពោះ​ទៅ​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​ផ្លូវការ​»​។

បើតាម​លោក ជាសាន ក្នុង​រយៈពេល ៣-៤ ឆ្នាំ​ចុង​ក្រោយនេះ​ទិន្នផល​វារីវប្បកម្ម​នៅ​កម្ពុជា​បាន​កើនឡើង​ជា​មធ្យម ២០ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។ ទោះយ៉ាងណា​លោក​បញ្ជាក់​ថា​ចំនួន​នេះ​បើ​ធៀប​ជាមួយ​នឹង​ប្រទេស​ជិតខាង​គឺ​នៅមាន​កម្រិត​ទាប​នៅឡើយ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​ជំរុញ​ខ្លាំង​លើ​ការងារ​វារីវប្បកម្ម​នេះ ជាក់ស្តែង​កាលពី​ឆ្នាំមុន​យើង​បានធ្វើ​ការសិក្សា និង​ស្រាវជ្រាវ​នៅតាម​កសិដ្ឋាន​ចិញ្ចឹម ដោយ​បាន​ណែនាំ និង​បង្រៀន​ពី​វិធីសាស្ត្រ​ក្នុងការ​ចិញ្ចឹម​ត្រី ដែល​មាន​ដូចជា ការជ្រើសរើស​ពូជ ចំណី ការប្រើប្រាស់​ថ្នាំ ជាដើម​»​។

របាយការណ៍​ប្រចាំឆ្នាំ​ ២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ផ្នែក​វារីវប្បកម្ម​ចិញ្ចឹម​ត្រី និង​បង្គា​អនុវត្ត​បាន​ចំនួន ៣០៧ ៤០៨ ​តោន កើនឡើង ៥៣ ៣៦០ ​តោន​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

កាលពី​ចុង​សប្តាហ៍​មុន​ក្នុងឱកាស​ជួបពិភាក្សា​ជាមួយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក Fumiaki Takahashi ប្រធាន​សមាគម​ជប៉ុន-កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​និយាយ​ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សក្តានុពល​វិនិយោគ​លើ​វិស័យ​ជាច្រើន​ក្នុង​នោះ​វារីវប្បកម្ម​គឺជា​ផ្នែក​មួយ​ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​ពី​វិនិយោគិន​ជប៉ុន​។

លោក​និយាយថា​៖ «​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​កំពុង​សិក្សា​លើ​លទ្ធភាព​ក្នុងការ​វិនិយោគ​លើ​វារីវប្បកម្ម (​ចិញ្ចឹម​ត្រី​ទីឡាព្យ៉ា​) ដើម្បី​កែច្នៃ​រួច​នាំចេញ​នៅ​ប្រទេស​ជប៉ុន​»​។

លោក​ប្រាប់ទៀត​ថា ជាមួយ​នឹង​ឱកាស​វិនិយោគ​ជាច្រើន​នេះ​លោក​ក៏​គ្រោង​នឹង​ដឹកនាំ​គណប្រតិភូ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​នាំ​មុខធំៗ​របស់​ជប៉ុន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២០ ​នេះ​ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ឱកាស​វិនិយោគ គោលនយោបាយ និង​លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន​ផងដែរ​។

លោក វេង សាខុន បាន​លើកឡើង​ថា វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​កម្ពុជា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​តាមរយៈ​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​ ២០១៩-២០២៣ និង​គោលនយោបាយ​លើកទឹកចិត្ត​ជាច្រើន​ទៀត​។

លោក​បន្តថា ការវិនិយោគ​លើ​វារីវប្បកម្ម​នឹង​ជួយ​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កម្ពុជា ហើយ​លោក​សូម​សម្តែង​នូវ​ឆន្ទ:​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ជប៉ុន​ក្នុង​ការវិនិយោគ​លើ​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការចិញ្ចឹម​ត្រី​ពិតជា​បាន​ចូលរួម​ចំណែក​ជួយ​ដល់​កសិករ​ទាំង​ការងារ និង​ប្រាក់ចំណូល ព្រមទាំង​រួមចំណែក​កាត់បន្ថយ​ការនេសាទ​ធម្មជាតិ​ពី​ទន្លេ ស្ទឹង បឹង ព្រែក ស្រប​ពេលដែល​ទិន្នផល​ត្រី​មាន​និន្នាការ​ធ្លាក់ចុះ​ដោយសារ​សេចក្តី​ត្រូវការ​មាន​ការកើនឡើង​ជា​លំដាប់ និង​ការប្រែប្រួល​អាកាសធាតុ​»៕LA