ភ្នំពេញៈ កម្ពុជា ថៃ និង​វៀតណាម​ បាន​ប្តេជ្ញា​ក្នុង​ការពង្រីក​ការវិនិយោគ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ជំរុញ​ការដោះដូរ​ទំនិញ​ឆ្លងដែន និង​ការអភិវឌ្ឍ​។ នេះ​បើ​តាម​លោក ស្រេង ហុង អភិបាលរង​ខេត្តកោះកុង​។

លោក ស្រេង ហុង ដែល​ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​បណ្តា​ខេត្ត​នៅជាប់​មាត់សមុទ្រ​ទាំង​ ៤ របស់​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​កម្ពុជា វៀតណាម ថៃ​ (CVTEC) លើក​ទី​ ៣ តាមរយៈ​វីដេអូ​អនឡាញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ៣ ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​កាលពី​ឆ្នាំ​ ២០១៩ កន្លងមក​។

លោក​បន្តថា តាមរយៈ​កិច្ចប្រជុំ​នេះ​លោក​សង្ឃឹម​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នឹង​ទទួល​បាន​ភាពវិជ្ជមាន​មួយកម្រិត​ទៀត ជាពិសេស​បន្ទាប់ពី​ពិភពលោក​អាចធ្វើការ​គ្រប់គ្រង​ជំងឺ​កូវីដ​១៩ ដោយ​ជោគជ័យ​។

លោក​ថ្លែងថា​៖ «​ប្រទេស​ថៃ និង​វៀតណាម ​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការនាំ​អ្នកវិនិយោគ និង​អ្នកទេសចរ​ពី​ប្រទេស​ខ្លួន​ឲ្យ​ចូលមក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា ពិសេស​ខេត្ត​នៅជាប់​មាត់សមុទ្រ​ទាំង ៤»​។

លោក​បន្ថែមថា កិច្ចប្រជុំ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​កម្ពុជា​បាន​បង្ហាញ​យ៉ាងច្រើន​ពី​សក្តានុពល​ដែល​ខ្លួន​មាន​សម្រាប់​ត្រៀម​ទទួល​អ្នកវិនិយោគ​មកពី​ប្រទេស​ទាំង​ ២​។ លោក​អះអាង​ថា​៖ «​កម្ពុជា​មាន​សក្តានុពល​វិនិយោគ​លើ​គ្រប់​វិស័យ និង​នៅ​គ្រប់​ទីកន្លែង ពិសេស​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បង្ក​ភាពអនុគ្រោះ​ច្រើន​សម្រាប់​ការវិនិយោគ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សេដ្ឋកិច្ច ពិសេស​ប្រជាជន​នៅ​មូលដ្ឋាន​ក្នុង​ការដោះដូរ​ទំនិញ ក៏ដូចជា​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​។ ការបង្កើន​កិច្ចសហប្រតិបត្តិការ​នេះ​ប្រាកដ​ណាស់​ថា វា​នឹង​ចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់​សកម្មភាព​ពាណិជ្ជកម្ម ការដឹកជញ្ជូន និង​ចំនួន​ភ្ញៀវទេសចរ​។

លោក​ថ្លែងថា​៖ «​គ្រប់​កិច្ចសហប្រតិបត្តិការ​តែង​បង្កើត​ភាពវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច និង​ការវិនិយោគ​»​។

លោក​បន្ថែមថា ទោះបី​យ៉ាង​ណា​ទន្ទឹម​នឹង​ការពង្រឹក​កិច្ចសហប្រតិបត្តិការ​នេះ កម្ពុជា​ក៏ត្រូវ​ធ្វើការ​គ្រប់គ្រង និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ព្រោះ​បើ​គ្រប់គ្រង​មិន​បាន​ល្អ​នឹង​មាន​ភាពអនាធិបតេយ្យ​កើតឡើង ដែល​ធ្វើឲ្យ​រដ្ឋ​ពិបាក​គ្រប់គ្រង និង​បាត់​ចំណូល​ពន្ធ ចំណែក​ក្រុមហ៊ុន​ដែល​នាំចេញ​នាំចូល​ទំនិញ​ស្របច្បាប់​នឹងត្រូវ​ជួប​ការលំបាក​ផ្សេងៗ​៕ LA