ភ្នំពេញៈ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) ​ឱ្យដឹងថា លោក​នឹង​ដឹកនាំ​ក្រុម​ពាណិជ្ជករ​ក្នុងស្រុក​ដើម្បី​ចូលរួម​ក្នុង​ពិព័រណ៍​គ្រឿងអគ្គិសនី និង​អេឡិចត្រូនិក​ឥណ្ឌា ដែល​នឹង​ធ្វើឡើង​នៅ​ចុងសប្តាហ៍​ក្រោយ​ដើម្បី​សម្លឹងមើល​ឱកាស និង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​មហាអំណាច​ទី​ ២ ​ក្នុង​តំបន់​អាស៊ី​។

លិខិត​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹងថា សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា (ASSOCHAM) សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា​នឹង​រៀបចំ​ពិព័រណ៍​ «India Electricals and Electronics Virtual Expo” ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ១០-១៣ ខែ មីនា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ឱ្យដឹងថា​៖ «​ពិព័រណ៍​ពាណិជ្ជកម្ម​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកបញ្ជា​ទិញ​អន្តរជាតិ និង​អ្នកផ្គត់ផ្គង់​នៅ​ឥណ្ឌា​។ ព្រឹត្តិការណ៍​នេះ​ផ្តោត​សំខាន់​លើ​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​អេឡិចត្រូនិក និង​គ្រឿងអគ្គិសនី​ទៅកាន់​ទីផ្សារ​ពិភពលោក​។ អ្នកបញ្ជា​ទិញ​អាចទាក់ទង​ជាមួយ​អ្នកផ្គត់ផ្គង់​តាមរយៈ Chat ឬ Video Calls នៅក្នុង​អំឡុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​តភ្ជាប់​ទំនាក់ទំនង​ផ្នែក​អាជីវកម្ម​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អ​។

លោក លឹម ហេង បាន​ប្រាប់ថា បន្ទាប់ពី​ទទួល​ការអញ្ជើញ​ពី​ក្រសួង​លោក​បាន​ជូនដំណឹង​ទៅ​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា ហើយ​ក្រុមហ៊ុន​ណា​ដែល​ចង់​ស្វែងរក​ឱកាស និង​ស្វែងយល់​អំពី​ផលិតផល​បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​ពី​ប្រទេស​ឥណ្ឌា​ គឺអាច​ចូលរួមបាន​។

លោក​ថ្លែងថា​៖ «​ជាការពិត​វា​ជា​ពេលវេលា​ដ៏ល្អ​ដែល​ផ្តល់​ឱកាស​ឱ្យ​យើង​អាច​មើលឃើញ និង​ចូលរួម​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​សំខាន់ៗ​ផ្នែក​អេឡិចត្រូនិក​របស់​ឥណ្ឌា ស្របពេល​ដែល​យើង​ជា​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច​រីកចម្រើន​។

លោក​បន្ថែមថា ឥណ្ឌា​នឹង​ក្លាយ​ជា​ទីផ្សារ​នាំចេញ​ធំជាងគេ​ទី​២ សម្រាប់​កម្ពុជា​បន្ទាប់ពី​ប្រទេស​ចិន ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​ក្រុមការងារ​ចរចា​ដើម្បី​បើក​កិច្ចពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ឥណ្ឌា​។ លោក​អះអាងថា​៖ «​ឥណ្ឌា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទី២ ​ក្នុង​តំបន់​បន្ទាប់ពី​ចិន​ដែល​យើង​កំពុង​សម្លឹងមើល ដូច្នេះ​ឥណ្ឌា​នឹង​ក្លាយជា​ទីផ្សារ​សក្តានុពល​នៅពេល​អនាគត​»​។

ទិន្នន័យ​ពី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​ចំនួន ២៤៩,៩២ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩ កើនឡើង ១០,២៤ ​ភាគរយ​ បើ​ធៀប​នឹង​ចំនួន ២២៦,៦៩ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។

ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ ៨២,០៩ ​លាន​ដុល្លារ​ កើន ៦៩,៤៣ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ចំណែក​ការនាំចូល​មានតម្លៃ ១៦៧,៨៣ ​លាន​ដុល្លារ ធ្លាក់ចុះ​ ៥,៨ ​ភាគរយ​។

ការវិនិយោគ​របស់​ឥណ្ឌា​មាន​តម្លៃ​ ១៩,៨ ​លាន​ដុល្លារ​។ ឥណ្ឌា​ស្ថិត​ក្នុងចំណោម​ក្រុម​វិនិយោគិន​ឈានមុខ​គេ​ទាំង ១០ ​នៅ​កម្ពុជា​។ ការវិនិយោគ​សំខាន់ៗ​របស់​ឥណ្ឌា​មានដូចជា គ្រឿង​ម៉ាស៊ីន កសិកម្ម ថាមពល សំណង់ និង​ការរុករក​រ៉ែ​៕ LA