ភ្នំពេញៈ កម្ពុជារំពឹងនឹងទទួលបានផ្លូវដែកប្រើប្រាស់រួចប្រវែង ១៤០ គីឡូម៉ែត្រពីប្រទេស ថៃ ខណៈដែលសំណើមួយនេះបានទទួលការឆ្លើយតបជាវិជ្ជមានពីថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ។ នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ដែលរួមមានទាំងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់ទទួលក្បាលរថភ្លើង ១ គ្រឿង ព្រមទាំងទូដឹកអ្នកដំណើរចំនួន ៤។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះខាតផ្លូវដែក ស្របពេលប្រទេស ថៃ នៅសល់ផ្លូវដែកប្រើប្រាស់រួចប្រវែង ១៤០ គីឡូម៉ែត្រនោះ លោកបានស្នើឲ្យភាគីថៃជួយផ្តល់ដែកទាំងអស់នោះមកកម្ពុជា ដើម្បីយកទៅពង្រីកការតភ្ជាប់ផ្លូវដែកក្នុងប្រទេសបន្ថែមទៀត។
លោកបានថ្លែងថា៖ «អម្បាញ់មិញយើងក៏បានទទួលនូវការឆ្លើយតបជាវិជ្ជមាន តាមរយៈសំណើរបស់ខ្ញុំជូនចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាយុធ ចាន-អូចា និងតាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃនោះ មិត្តថៃមាននៅសល់ផ្លូវដែក ១៤០ គីឡូម៉ែត្រ ព្រោះថា ដែកចាស់ៗរបស់ថៃត្រូវបានដោះចេញជំនួសដោយដែកថ្មី អ៊ីចឹងទេចាស់របស់ថៃ ប៉ុន្តែថ្មីនៅកម្ពុជា»។
លោកក៏បានលើកឡើងដែរថា សម្រាប់ផ្លូវដែកនៅប៉ោយប៉ែត ក៏ជាផ្លូវចាស់នៅម៉ាឡេស៊ី ប៉ុន្តែមកថ្មីនៅកម្ពុជាដែរ ដោយនៅពេលនោះម៉ាឡេស៊ី ផ្តល់ឲ្យកម្ពុជាចំនួន ២០០ តោន។
ក្នុងឱកាសតភ្ជាប់ផ្លូវរថភ្លើងរវាងប្រទេសទាំង ២ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប្រាយុធ ចាន-អូចា នាយករដ្ឋមន្ត្រីថៃ ក៏បានជិះរថភ្លើងធ្វើដំណើររួមគ្នាពីស្ថានីយបានខ្លងលឹករបស់ប្រទេស ថៃ មកកាន់ស្ថានីយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។
លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា នៅពេលខាងមុខឆាប់ៗនេះ កម្ពុជា-ថៃ អាចនឹងបើកច្រកព្រំដែនថ្មី ៤ បន្ថែមទៀតដូចជា ច្រកអានសេះ (ខេត្តព្រះវិហារ) ច្រកជប់គគី (ខេត្តឧត្តរមានជ័យ) ច្រកភ្នំដី (ខេត្តបាត់ដំបង) និងច្រកថ្មដា(ខេត្តពោធិ៍សាត់)។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការឆ្លើយតបជាវិជ្ជមានពីភាគីថៃនេះ គឺជាព័ត៌មានដ៏ល្អសម្រាប់កម្ពុជាដែលកំពុងមានកង្វះខាតមធ្យោបាយដឹកជញ្ជូនទំនិញតាមផ្លូវដែក។ លោកបន្តថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីអាចនិយាយថា ជាការព្រមព្រៀងជាគោលការណ៍ តែសម្រាប់កិច្ចការលម្អិតនោះក្រុមការងារជំនាញនឹងចាប់ផ្តើមធ្វើនៅពេលបន្ទាប់។ លោកបញ្ជាក់ថា៖ «ការប្រកាសនេះមានន័យថា ជាគោលការណ៍គឺភាគីថៃ យល់ព្រមប្រគល់ផ្លូវដែកចាស់ឲ្យកម្ពុជា»។
ទោះយ៉ាងណាលោក សុរិយា បញ្ជាក់ថា សម្រាប់នីតិវិធីក្នុងការផ្តល់ និងទទួល នឹងនៅមានច្រើនទៀតដែលក្រុមការងារត្រូវការសិក្សាលម្អិតដូចជា ការដោះចេញពីផ្លូវចាស់ ការដឹកជញ្ជូន និងរយៈពេលផ្តល់ និងទទួល ជាដើម។
បើតាមលោក សុរិយា ផ្លូវរថភ្លើងថ្មីជាមធ្យមអាចមានតម្លៃប្រមាណ ៤ លានដុល្លារក្នុងប្រវែង ១ គីឡូម៉ែត្រ។
ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦ គីឡូម៉ែត្រ ត្រូវបានរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ ១០០ ភាគរយហើយ ជាមួយក្តីរំពឹងថា នឹងដើរតួនាទីសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំង ២។
ក្នុងពេលផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដោយសារបច្ចុប្បន្នស្ថានីយនៅក្រុងប៉ោយប៉ែត មានទំហំតូច ដូច្នេះនៅពេលខាងមុខកម្ពុជានឹងសាងសង់ស្ថានីយធំមួយបន្ថែមទៀតនៅស្ទឹងបត់ (ក្នុងក្រុងប៉ោយប៉ែត) ដើម្បីអាចឲ្យបុគ្គលិកបម្រើការងារ ភ្ញៀវធ្វើដំណើរ និងការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
លោកបានថ្លែងថា៖ «ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក»។
ទាក់ទងទៅនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់បានណងអៀន (ថៃ) ក្នុងពេលនេះ លោកអះអាងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ និងបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គបានកាន់តែច្រើន៕ LA