
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងជំនួបជាមួយលោក ប៉ាក ហឺងឃ្យង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានៅវិមានព្រឹទ្ធសភា។ រូបថត ព្រឹទ្ធសភា
ភ្នំពេញៈ ប្រធានព្រឹទ្ធសភាកម្ពុជាលោក សាយ ឈុំ បានស្នើវិនិយោគិន និងអ្នកទេសចរកូរ៉េខាងត្បូងឱ្យចូលមកបណ្តាក់ទុន និងកម្សាន្តនៅកម្ពុជាកាន់តែច្រើនថែមទៀត ខណៈដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ កាន់តែមានភាពរឹងមាំ និងជិតស្និទ្ធ។
ការលើកឡើងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ នៅក្នុងជំនួបជាមួយលោក ប៉ាក ហឺងឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានៅវិមានព្រឹទ្ធសភា។
លោក សាយ ឈុំ មានជំនឿថា តាមរយៈបេសកកម្មការទូតលោកឯកអគ្គរដ្ឋទូតនឹងខិតខំបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ឱ្យកាន់តែល្អ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនខ្មែរ និងប្រជាជនកូរ៉េទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
លោកថ្លែងថា៖ «ប្រទេសកូរ៉េ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយផ្លូវការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានទឹក និងសុខុមាលភាពសាធារណៈ អប់រំ អភិវឌ្ឍន៍ជនបទ កសិកម្ម ការបោសសម្អាតមីន ព្រមទាំងបានបន្តផ្តល់អាហារូបករណ៍សម្រាប់និស្សិត និងមន្ត្រីរាជការកម្ពុជាទៅសិក្សានៅសាធារណរដ្ឋកូរ៉េ។
«តាមរយៈទំនាក់ទំនងល្អនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ដែលបានកើនឡើងជាបន្តបន្ទាប់»។ នេះបើយោងតាមការលើកឡើងរបស់លោក សាយ ឈុំ។
លោក ប៉ាក ហឺងឃ្យង បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរវាងថ្នាក់ដឹកនាំប្រទេសទាំង ២ ទៅវិញទៅមកនៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ លោកសង្ឃឹមថាក្នុងឱកាសដែលសាធារណរដ្ឋកូរ៉េនឹងរៀបចំខួបលើកទី ៤០ នៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ និងប្រទេសកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១៣ នៅដើមខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ២ ក៏នឹងមានឱកាសបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកថែមទៀត។
លោកបន្តថា ជាមួយនឹងទំនាក់ទំនងដ៏ល្អប្រសើរនេះចំនួន អ្នកទេសចរកូរ៉េបានមកទស្សនាកម្ពុជាមានជាង ៤ សែននាក់ជារៀងរាល់ឆ្នាំ។ ចំណែកឯពលករកម្ពុជាទៅធ្វើការនៅកូរ៉េ មាន ៤ ម៉ឺននាក់ ហើយបើទោះបីឆ្នាំនេះ មានការរាលដាលជំងឺកូវីដ ១៩ ក៏សាធារណរដ្ឋកូរ៉េនៅតែបន្តទទួលយកពលករកម្ពុជាមកធ្វើការដដែល។
លោកអះអាងថា៖ «ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំង ២ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងឆ្នាំ ២០២០ នេះខណៈដែលកូរ៉េបានផ្តល់សច្ចាប័នលើច្បាប់ស្តីពីការមិនយកពន្ធត្រួតគ្នា លើការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ រួចហើយ»។
បើយោងតាមលោក ប៉ាក ហឺងឃ្យង ទំនាក់ទំនង និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានឡើងដល់ចំនួន ១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះទំហំនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជាស្ថិតក្នុងលំដាប់ទី ២ ដែលមានទឹកប្រាក់ចំនួន ៥,៧ ពាន់លានដុល្លារ៕ LA