ភ្នំពេញៈ កម្ពុជា​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​បន្ថែមទៀត​ពី​ទីក្រុង​ដាណាំង បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ អ៊ែរ បាន​តភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​ទីក្រុង​ដាណាំង​នៅ​សប្តាហ៍​មុន​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ការពង្រីក​ជើង​ហោះហើរ​ថ្មី មាន​ន័យ​ថា​ជា​ការបង្កើន​សក្តានុពល​វិស័យ​ទេសចរណ៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក ព្រោះ​ទន្ទឹមនឹង​ការទាក់ទាញ​ឲ្យ​មាន​កំណើន​ការធ្វើដំណើរ​រវាង​ប្រជាជន​ក្នុង​តំបន់​ទាំង ​២ ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ទស្សនា​តំបន់​ទាំង ២ ក៏​អាច​បន្តដំណើរ​ទៅ​ទស្សនា​កន្លែង​ដែល​មាន​ការភ្ជាប់​ជើង​ហោះហើរ​ផ្ទាល់​នេះ​បាន​ផងដែរ​។

លោក​បន្តថា ខណៈ​ពេល​ដែល​ប្រទេស​វៀតណាម​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​នោះ ដូច្នេះ​តាមរយៈ​នេះ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​កំណើន​ភ្ញៀវ​ធ្វើដំណើរ​បន្ត​មក​កម្ពុជា​ផងដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​តាមរយៈ​ការហោះហើរ​ត្រង់​នឹង​ធ្វើឲ្យ​យើង​មានឱកាស​ទាក់ទាញ​ភ្ញៀវ​បរទេស​ពី​វៀតណាម​ឲ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែ​ច្រើន ព្រោះ​ក្នុង​គោល​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ មធ្យោយ​បាយ​ធ្វើដំណើរ និង​ដឹកជញ្ជូន​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុងចំណោម​ផ្នែក​មួយ​ចំនួន​ទៀត​ដូចជា​កន្លែង​ស្នាក់នៅ ម្ហូបអាហារ និង​សេវាកម្ម​ផ្សេងៗ​ទៀត​»​។

លោក ជុក ជំនោរ អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់ថា ដាណាំង​គឺជា​តំបន់​ទេសចរណ៍​មាត់សមុទ្រ ធម្មជាតិ ពិសេស​ស្ពាន​បាតដៃ ដែល​កំពុង​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ឲ្យ​ធ្វើដំណើរ​ទៅ​ទស្សនា​ជាច្រើន​។

លោក​ថ្លែងថា​៖ «​ការភ្ជាប់​ជើងហោះហើរ​ផ្ទាល់​គឺ​មិន​ថា​សម្រាប់​ប្រទេស​ណា​នោះទេ គឺ​សុទ្ធតែ​ជួយ​ធ្វើឲ្យ​មាន​លំហូរ​ភ្ញៀវទេសចរ​ទៅវិញ​ទៅមក​ដែល​នឹង​នាំមក​នូវ​កំណើន​ភ្ញៀវទេសចរ និង​ចំណូល​ថវិកាជាតិ​»​។

លោក​ប្រាប់ទៀត​ថា បច្ចុប្បន្ន​កម្ពុជា និង​វៀតណាម​មាន​ជើងហោះហើរ​ប្រចាំ (Schedule Flight) ជាមួយគ្នា​ក្នុង​ទីក្រុង​សំខាន់ៗ​ចំនួន​ ៣ ​របស់​កម្ពុជា​រួមមាន ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ចំណែក​វៀតណាម​មាន​ទីក្រុង​ហាណូយ ហូជីមិញ និង​ដាណាំង ខណៈ​ការហោះហើរ​ជួល (Charter flight) ក៏មាន​ច្រើន​ដែរ​។

ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​ការហោះហើរ​កាលពី​សប្តាហ៍​មុន លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា ការហោះហើរ​ត្រង់នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​មកកាន់​កម្ពុជា​ច្រើន​ទៀត ខណៈ​ដែល​កាលពី​មុន​ភ្ញៀវ​ដែល​ចេញពី​ដាណាំង​មក​កាន់​កម្ពុជា​ត្រូវ​ឆ្លងកាត់​ទីក្រុង​ហូជីមិញ ហើយ​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន ប៉ុន្តែ​ចាប់ពី​ពេលនេះ​ទៅ​ភ្ញៀវទេសចរ​ចំណាយពេល​ត្រឹមតែ ១ ម៉ោង​ ១០ ​នាទី​ប៉ុណ្ណោះ​។

លោកស្រី​ថ្លែងថា​៖ «​ការដឹកជញ្ជូន​ភ្ញៀវ​ពី​វៀតណាម​មកកាន់​កម្ពុជា​នឹង​មាន​កាន់តែ​ច្រើន​ឡើង ហើយ​ក៏​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​ផ្សេងទៀត​ដែល​ឆ្លងកាត់​ខេត្ត​ដាណាំង​នេះ​មក​កាន់​កម្ពុជា​ផងដែរ​»​។

ជាមួយ​គ្នា​នេះ​លោកស្រី ឆាយ ស៊ីវលីន ក៏បាន​បង្ហាញ​ពី​គោលបំណង​ចង់​ឲ្យ​មាន​ការហោះហើរ​ត្រង់​ពី​ខេត្ត​ដាណាំង​នេះ​ទៅ​កាន់​គោលដៅ​ទេសចរណ៍​ផ្សេងទៀត​របស់​កម្ពុជា ក្រៅពី​រាជធានី​ភ្នំពេញ​ផងដែរ​។

របាយការណ៍​ក្រសួង​ទេសចរណ៍​ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​វៀតណាម​មាន​ចំនួន​ជិត ៥៦ ​ម៉ឺន​នាក់​កើនឡើង ៦,៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ ភ្ញៀវទេសចរ​វៀតណាម​ជាប់​លេខ ២ ដែល​ស្មើនឹង ១២,៨ ​ភាគរយ​ក្នុង​ចំណោម​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​សរុប ៤,៣ ​លាន​នាក់​។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​ ២០១៩ កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​ធ្វើ​ប្រតិបត្តិការ​សរុប​ចំនួន ៤៩ ហោះ​ទៅ ៨៦ គោលដៅ​ក្នុង​ប្រទេស​ចំនួន ១២៕ LA